តាមរយៈលិខិតមួយដែលទទួលបាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការ និង សាសនា បានបញ្ជាក់ពីកំណត់ហេតុអង្គប្រជុំ ពិភាក្សាលើការសាងសង់អាស្រម វង្ស ចក្រាយុត្តិ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រមដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខណៈកំណត់ហេតុនេះ ត្រូវបានបង្ហាញឡើង ក្រោយផ្ទុះការជជែកវែកញែកនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឱ្យជឿជំនឿមិនសមហេតុផលពីសំណាក់បុគ្គលឈ្មោះ ហន ភា ពិសេសរឿងរ៉ាវជំនឿពាក់ព័ន្ធជាមួយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា។
តាមរយៈអង្គប្រជុំ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ៖ «រដ្ឋបាលខេត្តមិនហាមឃាត់ពាក់ព័ន្ធនឹងជំនឿនោះទេ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ពីគោលបំណង និង បែបបទនៃការគោរពនៃជំនឿរបស់ខ្លួនឱ្យបានច្បាស់។ បន្ថែមលើនេះ ដើម្បីគ្រប់គ្រងបានច្បាស់លាស់ក្នុងនាមអាជ្ញាធរដែនដី សូមឱ្យតំណាង និង អ្នកគ្រប់គ្រងអាស្រម វង្ស ចក្រាយុត្តិ ដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើការបញ្ជាក់ជូនអង្គប្រជុំពាក់ព័ន្ធនឹងច្បាប់ បទបញ្ញត្តិដែលពាក់ព័ន្ធ រចនាសម្ព័ន្ធក្នុងការគ្រប់គ្រង ប្រភពហិរញ្ញវត្ថុ និង ខ្លឹមសារនៃវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមនានា នាពេលកន្លងមក»។
ក្នុងនោះ លោក ហន ភា តំណាងអាស្រម វង្ស ចក្រាយុត្តិ បានលើកឡើងថា គោលបំណងក្នុងការបង្កើតអាស្រមនេះ គឺចង់ប្រែក្លាយជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់ នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ ចំពោះថវិកា មិនមានអ្នកឧបត្ថម្ភច្បាស់លាស់ទេ។ កន្លងមកមានអ្នកមកស្នាក់នៅតែនៅក្នុងរដូវចូលវស្សាប៉ុណ្ណោះ មិនមានការស្នាក់នៅជាអចិន្ត្រៃយ៍ទេ។ ចំពោះទីតាំងនេះ មានការចុះបញ្ជីប្លង់ត្រឹមត្រូវ។ កន្លងមក ពេលមានកម្មវិធី តែងធ្វើការជូនដំណឹងទៅអាជ្ញាធរដែនដី ដើម្បីជួយការពារ សុវត្ថិភាព ជាពិសេសគឺស្ត្រី។ អាស្រមមានគម្រោងក្នុងការសាងសង់ប្រាសាទនៅលើទីតាំងពិតប្រាកដមែន ប៉ុន្តែមិនយកតាមរចនាប័ថ្មប្រាសាទអង្គរវត្តនោះទេ។
តាមរយៈលិខិត បន្ទាប់ពីបានពិភាក្សារួចមក អង្គប្រជុំបានឯកភាពធ្វើការណែនាំតំណាងអាស្រម ដូចខាងក្រោម៖
១. តំណាងអាស្រម ត្រូវមកបំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយអាជ្ញាធរមូលដ្ឋាន
២. លុបនូវរាល់វីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។
៣. ត្រូវគ្រប់គ្រង និង រាយការណ៍ពីសមាជិកសមាជិក និង រចនាសម្ព័ន្ធរបស់អាស្រម ក៏ដូចជាអ្នកមកគោរពប្រតិបត្តិឱ្យបានច្បាស់លាស់៕