មោទកភាព! កូនខ្មែរ-អាមេរិកមួយរូប បានឈ្នះមកុដលេខ ១ ក្នុងកម្មវិធី 2023 Pacific Miss Asian American
Pacific Miss Asian American គឺជាកម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិដ៏ធំបំផុត យុត្តិធម៌បំផុត និងមានឥទ្ធិពលបំផុតមួយនៅសហរដ្ឋអាមេរិក។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកស្ទួយកេរដំណែលវប្បធម៌អាស៊ី វប្បធម៌អន្តរជាតិ និងមោទកភាពចំពោះសហគមន៍។ កម្មវិធីនេះក៏ជាវេទិកាមួយសម្រាប់ស្ត្រីអាស៊ីអាមេរិកវ័យក្មេងដែលមានឱកាសបានបញ្ចេញសមត្ថភាពសិល្បៈ ភាពវ័យឆ្លាត ទំនុកចិត្ត វប្បធម៌ជាតិសាសន៍របស់ខ្លួន និងភាពជាអ្នកដឹកនាំដើម្បីជំរុញខ្លួនពួកគេឱ្យកាន់តែរីកចម្រើននៅក្នុងសង្គមអាមេរិក។
យ៉ាងណាមិញ ថ្មីៗនេះកាលពីរាត្រីថ្ងៃទី ៣០ ខែកញ្ញា កម្មវិធី Pacific Miss Asian American បានរកឃើញម្ចាស់មកុដសម្រាប់ឆ្នាំ ២០២៣ ដែលបានទៅលើយុវតីអាយុ ១៧ ឆ្នាំ Angelina Chanthy Dougherty។ អ្វីដែលជាទីមោទក ម្ចាស់មកុដរូបនេះគឺជាកូនខ្មែរ-អាមេរិក ហើយនាងថែមទាំងបានយករបាំទេពអប្សរាខ្មែរយើង ទៅបង្ហាញនៅក្នុងការប្រកួតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។
បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី Pacific Miss Asian American យុវតីជាកូនខ្មែរ-អាមេរិករូបនេះមានចំណេះដឹង និងសមត្ថភាពមិនធម្មតាប៉ុន្មានឡើយ។ ខាងក្រោមនេះជាការបកប្រែលម្អិតទាក់ទងនឹងនាង៖
ម្ចាស់ជ័យលាភីកម្មវិធី 2023 Pacific Miss Asian American
Angelina Dougherty នាងក៏ឈ្នះពានរង្វាន់ «បេក្ខភាពដ៏មានប្រជាប្រិយភាពបំផុត»។
«សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះ Angelina Chanthy Dougherty មានអាយុ១៧ឆ្នាំ។ ខ្ញុំជាកូនខ្មែរ-អាមេរិកជំនាន់ទីមួយដែលបានកើត និងធំធាត់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ខ្ញុំជាសិក្សជាន់ខ្ពស់នៅវិទ្យាល័យ Lower Moreland ក៏ដូចជាជាសមាជិកនៃអង្គការសិស្ស National Honors Society។ ខ្ញុំបានក្លាយជាអ្នករាំតាំងពីអាយុ៣ឆ្នាំ និងបានហ្វឹកហាត់សិល្បៈដូចជា របាំបាឡេ tap ហ៊ីបហប ហ្សាស ទំនុកច្រៀង អាគ័រ សិល្បៈសម័យ និងសហសម័យនៅសាលាបង្រៀនរាំ En Pointe។ ខ្ញុំជាអ្នករាំរបាំប្រពៃណីខ្មែរតាំងពីអាយុ១២ឆ្នាំនៅអង្គការ Cambodian American Heritage Inc. ហើយថ្មីៗនេះខ្ញុំបានចាប់ផ្តើមបង្កើតអង្គការរបាំវប្បធម៌ផ្ទាល់ខ្លួនមួយ។ គោលដៅចម្បងរបស់ខ្ញុំគឺតែងតែប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណី និងមិនបំភ្លេចនូវកេរដំណែលដែលជាផ្នែកមួយបង្ហាញថាខ្ញុំជានរណាមកពីណា។ ក្នុងនាមជាក្មេងកូនកាត់ ខ្ញុំតែងតែរកឃើញថាវាពិបាកក្នុងការទំនាក់ទំនងទាំងស្រុងជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំដែលពួកគេជាជនជាតិអាស៊ីសុទ្ធ និងអឺរ៉ុបសុទ្ធ ដូច្នេះខ្ញុំតែងតែចាប់អារម្មណ៍ខ្លាំងនៅក្នុងការរៀនអំពីជាតិសាសន៍របស់ខ្ញុំដើម្បីយល់ច្បាស់ថាខ្ញុំជានរណា។
ការចង់ដឹងចង់ឃើញរបស់ខ្ញុំបានរុញច្រានឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងប្រទេសផ្សេងៗគ្នា និងភាពខុសគ្នានៃវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី អាហារ និងជីវិតរស់នៅក្នុងសម័យទំនើបដែលមិនត្រឹមតែមានភាពខុសគ្នាប៉ុណ្ណោះទេ តែថែមទាំងទាក់ទងគ្នាផងដែរ។ ជាលទ្ធផលទាំងនេះ ខ្ញុំបានចាប់ផ្តើមអង្គការរាំឡើងគឺដើម្បីជួយចែករំលែកនូវមហិច្ឆតារបស់ខ្ញុំជាមួយអ្នកដទៃ។ ខ្ញុំជឿជាក់ថា វាពិតជាសំខាន់ក្នុងការទទួលយកការកោតសសើរនៅក្នុងវប្បធម៌របស់អ្នក ខណៈដែលមានការបើកចំហទៅកាន់អ្នកដទៃដែលមានទំនៀមទម្លាប់ចម្រុះ។ ការធ្វើដូចនេះគ្រប់គ្នានឹងអាចរៀន ចាប់យក ចែករំលែក និងធ្វើឱ្យវប្បធម៌នៅតែគង់វង្ស និងរស់រានមានជីវិត»៕