បាត់មុខយូរមែន អ្នកនាង សុខា សុធានី នៅតែក្តោបអាជីពចាស់ជាអ្នកអានព័ត៌មាន ត្រៀមបង្ហាញខ្លួនឆាប់ៗតាមទូរទស្សន៍មួយ
បើរំឭកកាលពីប្រមាណ ២០ ឆ្នាំមុន មហាជននិយមតាមដានទស្សនាកម្មវិធីកម្សាន្ត និង អប់រំនានា របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក៏ដូចជាស្ថានីយវិទ្យុ ៨៨ MKz ច្បាស់ជាស្គាល់ ពិធីការិនីល្បីឈ្មោះ អ្នកនាង សុខា សុធានី ជាក់ជាមិនខាន។ ក្នុងនោះដែរ អ្នកគាំទ្រអំឡុងឆ្នាំ ២០០០ ឡើង ក៏នៅចាំដែរថា ក្រៅពីអាជីពជាពិធីការិនី អ្នកនាង សុខា សុធានី ក៏មានអាជីពជាគ្រូពេទ្យដ៏ជំនាញម្នាក់ផងដែរ។
ជាការពិត ក្រោយពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានផ្អាកដំណើរការ អ្នកនាង សុខា សុធានី ក៏មិនបានបង្ហាញវត្តមានក្នុងកញ្ចក់ទូរទស្សន៍ណាឡើយ ដោយរយៈពេលជាង ១០ ឆ្នាំមកនេះ ពិធីការិនីល្បីឈ្មោះរូបនេះ បានសម្រុកពេញដៃពេញជើងនឹងអាជីពជាគ្រូពេទ្យ។ លើសពីនោះ បច្ចុប្បន្ន អ្នកនាង សុខា សុធានី ក៏មានរបរលក់អនឡាញផងដែរ។
ដោយឡែក បើទោះមិនបានបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ក៏ពិតមែន ប៉ុន្តែអ្នកនាង សុខា សុធានី នៅតែបន្តអាជីពជាពិធិការិនីដូចដើម ដោយខាងមុខនេះ អ្នកនាង នឹងធ្វើជាពិធីការិនីរបស់កម្មវិធីទូរទស្សន៍ក្រសួងមហាផ្ទៃ។
ក្នុងនោះ តាមរយៈការឱ្យដឹងរបស់អ្នកនាង សុខា សុធានី បានរៀបរាប់នៅលើគណនីហ្វេសប៊ុកថា ៖ «នាងខ្ញុំ សុធានី មិនដែលភ្លេចទេ នូវអនុស្សាវរីយ៍គ្រប់យ៉ាងជាមួយពុកម៉ែ បងប្អូន ដែលបានគាំទ្រគ្រប់កម្មវិធីទាំងអស់ តាម Tv និង វិទ្យុ ដែលនាងខ្ញុំបានធ្វើកន្លងមក។ នឹងនៅតែចាំ នៅតែនឹក! បងប្អូន នៅតែអាចជួបនាងខ្ញុំបានតើ តាមរយៈកញ្ចក់ទូរទស្សន៍ មហាផ្ទៃ ឬ page MOI Tv ដោយមានកម្មវិធីជាច្រើន ដែលផ្សាយឆាប់ៗខាងមុខនេះ»៕