(21:30pm-Mon-17th) ធុំក្លិនស្អុយភាយៗចេញពីក្បាល រត់ទៅពេទ្យពិនិត្យមើល មានអីស្រាប់តែឃើញធ្មេញ ២ គ្រាប់
មានរឿងរ៉ាវរបស់បុរសម្នាក់ បានកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលហួសចិត្ត ដែលរូបគេចេះតែធុំក្លិនស្អុយភាយៗចេញពីក្បាល ក៏ទៅពេទ្យពិនិត្យ ស្រាប់តែឃើញធ្មេញពីរគ្រាប់ មុតជាប់កណ្តាលក្បាលយ៉ាងគួរខ្លាច។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសចិន ដែលដំបូងឡើយ មានបុរសម្នាក់ បានត្រឡប់មកស្រុកកំណើត នៅថ្ងៃចូលឆ្នាំចិន ហើយក៏បានទៅលេងបាល់បោះជាមួយនឹងមិត្តភក្តិ តែក៏ចៃដន្យទៅបុកក្បាលនឹងមាត់របស់គេមួយទំហឹង បង្កឱ្យមានរបួសទាំងសងខាង ដោយខាងមិត្តភក្តិបានបាក់ធ្មេញខាងមុខចំនួនពីរគ្រាប់ តែមិនដឹងជ្រុះទៅណានោះទេ។
បុរសរូបនេះបានរបួសនៅក្បាល មានឈាមចេញមកមិនបាត់ តែក៏បានទៅមណ្ឌលសុខភាពនៅក្បែរនោះ ដើម្បីធ្វើការសម្អាតមុខរបួស ហើយក៏បានត្រឡប់ទៅផ្ទះវិញ លាងរបួសដោយខ្លួនឯងតទៀត។ យ៉ាងណាមិញ បន្ទាប់ពីថ្ងៃកើតហេតុប្រមាណមួយសប្តាហ៍ បុរសរូបនេះ បានធុំក្លិនស្អុយភាយៗ ចេញពីក្បាលរបស់ខ្លួន ដែលធ្វើឱ្យគេភ័យខ្លាច រហូតរត់ទៅមន្ទីរពេទ្យ។
ពេលនទៅដល់ ពេទ្យបានកោរសក់ និង ធ្វើការសម្អាតមុខរបួសតាមធម្មតា តែស្រាប់តែឃើញរបស់ពីរយ៉ាងសៗ នៅមុតជាប់នឹងកណ្តាលក្បាល ដែលដំបូងឡើយស្មានតែដង្កូវ តែតាមពិតគឺគ្រាប់ធ្មេញសោះ។ ដោយឡែក ចុងក្រោយ គ្រូពេទ្យក៏បានយកធ្មេញទាំងពីរគ្រាប់នោះចេញ រួចក៏បានធ្វើការដេរផ្ចឹតចំនួន ៤ ថ្នេរផងដែរ៕