នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មាន បន្ទាប់ពីមានគេហទំព័រសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ បានចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និង បណ្តាលឱ្យគ្រាប់មីនផ្ទុះ»។
ទាក់ទិនទៅនឹងករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ និង ច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើ ព្រមទាំងបញ្ជាក់ជូនសាធារណជនឱ្យបានដឹងថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅ ប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និង ដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើនោះឡើយ ហើយរដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និង ចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និង ពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និង ពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។
មន្ទីរបរិស្ថានបានឱ្យដឹងទៀតថា ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះ ឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និង អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និង មិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្ករគ្រោះថ្នាក់ និង ប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាដាច់ខាត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖