ថ្មីៗនេះ មហាជនជាច្រើនកំពុងតែភ្ញាក់ផ្អើល ជាមួយតារាស្រី Due Arisara ដែលត្រូវបានគេទម្លាយខ្ទេចថាជាហាយសូរក្លែងក្លាយ ចាយលុយធំជាងខ្លួន រហូតដល់ជំពាក់បំណុលគេជុំទិស ជាពិសេសគឺល្ហៀងៗថានាងបានបែកបាក់ជាមួយស្វាមីទៀត។
យ៉ាងណាមិញ ទាក់ទងនឹងករណីនេះ ក្រោយពីមានផ្ទុះរឿងរ៉ាវ លោក Sebastian Lee ដែលជាស្វាមី Due Arisara បានទម្លាយសារវែងអន្លាយនៅតាមបណ្តាញសង្គម IG របស់ខ្លួន ដោយមានអត្ថន័យជារួមថា លោកសុំនូវឯកជនភាព មិនចង់ឱ្យមានជីកកកាយរឿងជីវិតផ្ទាល់ខ្លួនរបស់លោក និង កូនៗទៀតទេ។ លោកហួសចិត្តដែលមានគេចោទប្រកាន់ថាលោកពាក់ព័ន្ធនឹងរឿងភ្នាល់អនឡាញ ការបោកប្រាស់ ជាពិសេសនោះទៀតគឺមានគេចោទថាលោកពាក់ព័ន្ធជាមួយការជួញដូរអាវុធ។ រឿងទាំងអស់នេះ គឺមិនពិតនោះទេ។ មានព័ត៌មានច្រើនណាស់ដែលបានលាបពណ៌មកលើលោក ដែលធ្វើឱ្យលោកខូចខាតកេរ្តិ៍ឈ្មោះ។
លោកបានឱ្យដឹងទៀតថា លោកមិនមែនជាអ្នកមានអ្វីទេ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែចេញពីញើសឈាមឪពុកម្តាយដែលខំរកស៊ី និង ផ្តល់ឱកាសឱ្យលោក ហើយអ្វីដែលសំខាន់សម្រាប់លោកជាទីបំផុត គឺកូនៗ។ ចំណែក Due ក៏នៅតែជាម្តាយរបស់កូនៗលោករហូតទៅ លោកជឿថា Due ដឹងកំហុសរបស់ខ្លួនឯង នឹងអាចកែប្រែឡើងវិញបាន នាងជាមនុស្សពេញវ័យដែលអាចទទួលខុសត្រូវលើកំហុសខ្លួនឯងបាន នាងមិនមានចេតនាអាក្រក់ជាមួយនរណាម្នាក់ឡើយ ហើយនាងនឹងរៀនដឹង ព្រមទាំងធ្វើរឿងដែលត្រឹមត្រូវចាប់ពីពេលនេះតទៅ៕
ប្រភព៖ Khaosod