ញ៉ាំត្រីសាលម៉ុន ពេលកំពុងមានផ្ទៃពោះ តើល្អចំពោះសុខភាពដែរឬទេ ?
ការថែរក្សារបបអាហារផ្តល់សុខភាពល្អក្នុងពេលមានផ្ទៃពោះគឺជារឿងសំខាន់បំផុតសម្រាប់ស្ត្រី។ ក្នុងពេលនេះ រាងកាយគឺពិតជាត្រូវការជីវជាតិបន្ថែម ទាំងវីតាមីន និងជាតិរ៉ែ។ តាមពិតទៅ អ្នកប្រហែលជាត្រូវការកាឡូរី ៣៥០ ទៅ៥០០កាឡូរីបន្ថែមជារៀងរាល់ថ្ងៃក្នុងត្រីមាសទីពីរ និង ទីបី។ របបអាហារដែលកង្វះជីវជាតិសំខាន់ៗប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះការលូតលាស់របស់ទារកបាន។ ទម្លាប់ញ៉ាំអាហារមិនល្អ និងការធាត់ឡើងទម្ងន់ក៏ប្រហែលជាប្រឈមកាន់តែខ្លាំងនឹងការកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ និង មានផលវិបាកច្រើនក្នុងពេលសម្រាលផងដែរ។ ដើម្បីស្រួល ការជ្រើសរើសអាហារផ្តល់ជីវជាតិនឹងជួយឲ្យអ្នកប្រាកដថា ខ្លួនឯង និង កូនមានសុខភាពល្អដែរ។
ត្រីសាលម៉ុនគឺជាអាហារមួយប្រភេទដែលសម្បូរខ្លាំងនូវអាស៊ីតខ្លាញ់អូមេហ្គាបី។ មនុស្សភាគច្រើន រួមទាំងស្ត្រីមានផ្ទៃពោះផងដែរនោះគឺមិនទទួលបានអាស៊ីតខ្លាញ់អូមេហ្គាបីគ្រប់គ្រាន់ពីក្នុងរបបអាហារពួកគេឡើយ។ អាស៊ីតខ្លាញ់អូមេហ្គាបីសំខាន់ណាស់ក្នុងពេលមានផ្ទៃពោះ ជាពិសេសប្រភេទ អាស៊ីតខ្លាញ់អូមេហ្គាបីច្រវាក់វែង DHA និង EPA។ អាស៊ីតខ្លាញ់ប្រភេទនេះត្រូវបានគេរកឃើញច្រើនក្នុងអាហារសមុទ្រ ហើយក៏ជួយបង្កើតជាខួរក្បាល និង ភ្នែករបស់ទារកបានយ៉ាងល្អទៀត។
ស្ត្រីមានផ្ទៃពោះជាទូទៅត្រូវបានណែនាំឲ្យបន្ថយការញ៉ាំអាហារសមុទ្រ មកត្រឹមតែពីរដងក្នុងមួយសប្តាហ៍បានហើយ ដោយសារតែជាតិប៉ារ៉ត និងមេរោគផ្សេងៗទៀតដែលមានក្នុងត្រីសម្បូរខ្លាញ់។ ហេតុដូច្នេះហើយទើបធ្វើឲ្យស្ត្រីមួយចំនួនមិនញ៉ាំអាហារសមុទ្រ ហើយក៏បន្ថយការទទួលបានអាស៊ីតខ្លាញ់អូមេហ្គាបីដែរ។
យ៉ាងណាមិញ ការសិក្សាបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលញ៉ាំត្រីសម្បូរខ្លាញ់ពី ២ ទៅ ៣ ពេលក្នុងមួយសប្តាហ៍នឹងទទួលបានអាស៊ីតខ្លាញ់អូមេហ្កាបីទៅតាមការណែនាំ ហើយក៏បង្កើនចំនួនសារធាតុ EPA និង DHA ក្នុងឈាមផងដែរ។ ក្រៅពីនេះ ត្រីសាលម៉ុនគឺជាប្រភពនៃវីតាមីន D បែបធម្មជាតិមួយ ដែលច្រើនតែមិនសូវមានក្នុងរបបអាហារមនុស្សយើងទេ។ វាក៏សំខាន់បំផុតសម្រាប់រាងកាយកៃឆ្នៃដើម្បីប្រើប្រាស់ច្រើនទៀតដូចជា ជួយឲ្យឆ្អឹងមានសុខភាពល្អ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthline
ឧបត្ថម្ភដោយ ៖ UniDry