មានដុំសាច់ក្នុងស្បូន ហើយមានផ្ទៃពោះទៀត តើគួរបារម្ភឬអត់ ?
តើអ្នកមានធ្លាប់ត្រូវបានគ្រូពេទ្យប្រាប់ថា មានដុំសាច់ក្នុងស្បូនដែរទេ ? តើអ្នកមានបារម្ភអំពីផលវិបាករបស់វាចំពោះការមានផ្ទៃពោះ ឬ ខ្លួនឯងទេ ? ដុំសាច់ក្នុងស្បូន ឬហៅថា Leiomyoma ឬ Myomoa ឬ Fibroids គឺជាដុំសាច់ដែលមានសាច់ដុំ និង ជាលិកាសរសៃៗលូតលាស់នៅលើជញ្ជាំងរបស់ស្បូន ឬ ពេលខ្លះនៅក្រៅជញ្ជាំងស្បូនដែរ ។ វាអាចមានទំហំតូចប៉ុនគ្រាប់ឪឡឹក ឬ ធំប៉ុនផ្លែក្រូច ។ លទ្ធភាពដែលស្ត្រីអាចនឹងមានដុំសាច់ក្នុងស្បូននេះគឺ ៥០ ទៅ ៨០ ភាគរយឯណោះ ។
អាការរបស់ដុំសាច់ក្នុងស្បូនមានដូចជា ៖
• ធ្លាក់ឈាមតាមទ្វារមាសច្រើនៗ
• ឈឺក្នុងពោះ
• មានសម្ពាធក្នុងអាងត្រគាក
• នោមញឹក
• ទល់លាមក
ដុំសាច់ក្នុងស្បូនច្រើនតែលូតលាស់លឿនជាងការមានផ្ទៃពោះ ស្ត្រីភាគច្រើនមិនបានដឹងថាពួកគេមានដុំនេះឡើយលុះត្រាតែបានថតអេកូ ឬ រកឃើញដុំនេះដោយចៃដន្យក្នុងពេលពិនិត្យអាងត្រគាក ។ បើសិនជាអ្នកដឹងថាមានផ្ទៃពោះ ហើយមានដុំសាច់ក្នុងស្បូនទៀត ចូរសួរគ្រូពេទ្យថា ទំហំ ឬ ទីតាំងរបស់វាអាចបង្កជាបញ្ហាអ្វី ឬអត់ ។
ស្ត្រីភាគច្រើនដែលមានដុំសាច់នេះមួយ ឬ ច្រើន តែមិនមែនជាដុំមហារីកទេ ហើយក៏មិនបង្កជាផលវិបាកដល់ការមានផ្ទៃពោះដោយសារតែវាដែរ ។ ស្ត្រីមានផ្ទៃពោះដែលមានដុំសាច់ក្នុងស្បូនអាចបង្កជាផលវិបាកក្នុងពេលមានផ្ទៃពោះមានប្រហែលជា ១០ ទៅ ៣០ ភាគរយទេ ហើយភាគច្រើនគឺជាការឈឺពោះ ដែលម្តងម្កាលកើតឡើងជាមួយនឹងការហូរឈាមរឹមៗ ។ ចំពោះកូនវិញគឺកម្ររងប៉ះពាល់ណាស់លុះត្រាតែមានការហូរឈាមជាប់ ។
ទោះបីជាអ្នកធ្លាប់មានរោគសញ្ញាជាច្រើនរបស់វាក៏ដោយ ក៏ភាគច្រើនវាមិនទំនងជាប៉ះពាល់ដល់កូនឡើយ ប៉ុន្តែការប្រឈមនឹងការរលូតកូន និង សម្រាលមិនគ្រប់ខែនឹងកើនឡើងបន្តិចបើសិនជាអ្នកមានដុំសាច់ក្នុងស្បូន ។ ជាម្តងម្កាល ដុំសាច់ក្នុងស្បូននឹងធ្វើឲ្យកូនស្ថិតក្នុងទម្រងសម្រាលមិនធម្មតា ហើយក៏ប្រឈមនឹងការសម្រាលកូនដោយវះកាត់ខ្ពស់ដែរ ។
ដុំសាច់ក្នុងស្បូនដែលមានការឈឺចាប់ខ្លាំង ច្រើនតែត្រូវបានព្យាបាលជាមួយនឹងការសម្រាកធម្មតា ស្អំទឹកកក និង ប្រើថ្នាំបើសិនជាចាំបាច់ ។ គ្រូពេទ្យនឹងណែនាំឲ្យធ្វើការព្យាបាលណាដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នក ។ រោគសញ្ញាច្រើនតែស្រាកស្រាន្តទៅវិញក្នុងរយៈពេលពីរបីថ្ងៃ ។ ដុំសាច់ក្នុងស្បូនពេលខ្លះលូតលាស់ធំទៅៗក្នុងពេលមានផ្ទៃពោះ ដោយសារតែអ័រម៉ូនមានផ្ទៃពោះដែរ ប៉ុន្តែដុំសាច់ក្នុងស្បូននេះក៏ប្រហែលជាតូចទៅៗវិញក្នុងពេលមានផ្ទៃពោះដែរ ដោយគេមិនបានដឹងមូលហេតុរបស់វាច្បាស់នៅឡើយទេ ។ គ្រូពេទ្យអាចណែនាំឲ្យពិនិត្យដោយការថតអេកូដើម្បីចង់ដឹងថាដុំសាច់ក្នុងស្បូនោះកំពុងតែលូតលាស់ ឬ បង្កជាផលវិបាកអ្វីដែរ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com