ខណៈ «ហើមជើង» ពេលកំពុងមានផ្ទៃពោះ តើស្ត្រីគួរដោះស្រាយបែបណា?
ខណៈដែលមានផ្ទៃពោះ វាទំនងជាធ្វើឲ្យស្ត្រីភាគច្រើន មានបញ្ហាច្រាលជាតិទឹកក្នុងខ្លួនច្រើន ឬហៅថាហើម។ រឿងនេះ ច្រើនតែកើតឡើងនៅជើង ជាពិសេសកែងជើង និងប្រអប់ជើងតែម្តង ដោយសារតែ ការរីកធំរបស់ស្បូន ធ្វើឲ្យសង្កត់ដល់របត់ឈាមធម្មតានៅផ្នែកខាងក្រោមនៃរាងកាយ។ ថ្វីបើវាជារឿងធម្មតាក្នុងពេលមានផ្ទៃពោះក៏ដោយ តែការហើមក៏ជាសញ្ញាបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរមួយដែរ នោះគឺការត្រៀមក្រឡាភ្លើង។ សម្រាប់អាការៈដំបូងនេះ យកល្អស្ត្រីមានផ្ទៃពោះ គួរតែទៅឲ្យគ្រូពេទ្យពិនិត្យ។ យ៉ាងណាមិញ យើងសូមណែនាំ នូវការព្យាបាលការហើមជើង ក្នុងពេលមានផ្ទៃពោះដោយខ្លួនឯងខ្លះៗ ដើម្បីជួយសម្រួលដល់អាការៈនេះ។
១. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ស្ត្រីមានផ្ទៃពោះដែលជួបបញ្ហាហើមជើង ប្រហែលជាមិនចង់ញ៉ាំទឹកច្រើនទេ ដោយសារតែខ្លាចហើមកាន់តែខ្លាំង។ ប៉ុន្តែវាមិនមែនជារឿងត្រឹមត្រូវឡើយ។ ការញ៉ាំទឹកច្រើន គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីបញ្ចេញចោលនូវទឹកកាន់តែច្រើន ពីក្នុងរាងកាយទៅវិញទេ។ រឿងនេះស្តាប់ទៅដូចជាមិនទំនង តែវាពិតជាមានប្រសិទ្ធភាពមែន។ ក្រៅពីនេះ ការញ៉ាំទឹកបានគ្រប់គ្រាន់ក៏ជួយបំបាត់បញ្ហាដែលកើតឡើងលើ ស្ត្រីមានផ្ទៃពោះទៀតផង ដូចជា ការទល់លាមកជាដើម។
២. កុំញ៉ាំអាហារប្រៃ
នរណាក៏ដឹងហើយថា ការញ៉ាំអាហារប្រៃច្រើន គឺជារឿងមិនល្អដោយសារតែ វាធ្វើឲ្យច្រាលជាតិទឹកក្នុងខ្លួនកាន់តែច្រើន។ ខណៈដែលមានផ្ទៃពោះ ស្ត្រីគួរតែប្រាកដថា បានកាត់បន្ថយការញ៉ាំអាហារ និងភេសជ្ជៈណាដែលមានជាតិប្រៃច្រើន ដើម្បីការពារកុំឲ្យគ្រោះថ្នាក់ដល់ខ្លួន និងកូនក្នុងផ្ទៃ។ យកល្អគួរតែ នៅឲ្យឆ្ងាយពីអាហារកៃច្នៃផ្សេងៗ ព្រោះវាមានជាតិប្រៃច្រើនណាស់។
៣. បន្ថយការញ៉ាំកាបូអ៊ីដ្រាត
កាបូអ៊ីដ្រាត ក៏ជាមេបញ្ហាដែលនាំឲ្យច្រាលជាតិទឹកក្នុងខ្លួនច្រើនដែរ។ ហេតុដូច្នេះហើយ ស្ត្រីមានផ្ទៃពោះគួរចៀសវាង ការញ៉ាំអាហារដូចជា គ្រាប់ធញ្ញជាតិកៃច្នៃ អាហារ និងភេសជ្ជៈផ្អែមៗ។
៤. យកជើង ត្រាំក្នុងទឹកអំបិលក្តៅឧណ្ហៗ
វិធីដ៏ស្រួលមួយក្នុងការបំបាត់ការហើមនៅប្រអប់ជើង និងកែងជើង គឺយកជើងត្រាំក្នុងទឹកអំបិលក្តៅឧណ្ហៗ។ ចូរលាយអំបិលកន្លះកូនចានចង្កឹះ ទៅក្នុងទឹកក្តៅឧណ្ហៗ ៣.៧លីត្រ រួចដាក់ជើងត្រាំប្រហែល ១៥នាទី។
៥. ម៉ាស្សាជាមួយប្រេងដូង
ការម៉ាស្សាជើងដែលហើម ជាមួយប្រេងដូង គឺជាមធ្យោបាយដ៏ឆ្លាតវ៉ៃមួយ ក្នុងការបំបាត់អាការៈហើមជើង។ ប្រេងដ៏ល្អមួយនេះអាចបំបាត់ជាតិទឹក ដែលច្រាលនោះបាន ។
៦. ដាក់ស្លឹកស្ពៃក្តោបនៅលើកន្លែងដែលហើម
ស្ត្រីមានផ្ទៃពោះប្រហែលជាអាចដាក់ស្លឹកស្ពៃក្តោបនៅលើប្រអប់ជើង និងកែងជើងដើម្បីបំបាត់ការហើមបាន។ យ៉ាងណាមិញ ស្ដ្រីមានផ្ទៃពោះ គួរតែប្រាកដថា ស្លឹកស្ពៃក្តោបនោះដាក់ក្លាសេឲ្យរឹងច្រើនម៉ោងសិន មុននឹងប្រើ។ គួរបញ្ជាក់ថា ស្លឹកស្ពៃក្តោបដែលកករឹងនេះ អាចជួយជម្រុញដល់ការបញ្ចេញជាតិទឹក ពីក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធភាព៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ healthdigezt )