ទើបពពោះចេះតែមួម៉ៅក្តៅចិត្ត តស់! មកដឹងវិធីដោះស្រាយងាយៗ ធ្វើហើយស្រស់ស្រាយបាត់ដូចគេបេះ
នៅពេលពពោះស្ត្រីភាគច្រើនតែកើតអារម្មណ៍វិលវល់ តប់ប្រមល់ ជួនមួម៉ៅដោយមិនដឹងមូលហេតុ។ ការកើតអារម្មណ៍នេះអាចមកពីកត្តារួមបញ្ចូលគ្នាដូចជា ការផ្លាស់ប្តូរអ័រម៉ូន អារម្មណ៍មិនស្រណុកខ្លួន និង គិតច្រើន។ ការជួយឱ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ អាចមានប្រយោជន៍ជួយដល់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ «ប្រជាប្រិយ» សូមណែនាំពីវិធីជួយសម្រួលអារម្មណ៍ងាយៗដូចខាងក្រោម ៖
១. ចេញដើរខាងក្រៅ ៖ ពេលខ្លះគួរចេញមកខាងក្រៅខ្លះដើម្បីស្រូបខ្យល់អាកាស។ បើមិនមានទីធ្លា អាចឱ្យស្វាមីជូនទៅស្រូបខ្យល់អាកាសកន្លែងមានធម្មជាតិស្រស់ថ្លាដូចជានៅសួនច្បារធំៗ ឬសួនកៀកទៅនឹងមាត់ទន្លេជាដើម។ ការចេញក្រៅប្រៀបបីដូចការធ្វើលំហាត់ប្រាណដែរ យើងបានដើរផង និងបានស្រូបខ្យល់អាកាស ចាប់យករករូបភាពថ្មីៗដាក់នៅក្នុងខួរក្បាលផង។
២. អនុវត្តដកដង្ហើម ៖ ចំណាយពេល ៤ ទៅ ៥ នាទី ធ្វើលំហាត់ប្រាណដកដង្ហើម ឬ សមាធិ។ ដកដង្ហើមចូលតាមច្រមុះឱ្យអស់ រួចទប់ ៤ ទៅ ៥ វិនាទី បន្ទាប់មកដកដង្ហើមចេញតាមមាត់យឺតៗ។ ការធ្វើដូចនេះអាចជួយសម្រួលប្រព័ន្ធសរសៃប្រសាទឱ្យស្ងប់ និង កាត់បន្ថយស្ត្រេស។
៣. ស្តាប់តន្ត្រី ៖ តន្ត្រីជាថាមពលអាចធ្វើឱ្យអ្នករំសាយអារម្មណ៍បានមួយគ្រា ដូចនេះជ្រើសរើសបទចម្រៀងណាដែលជាចំណូលចិត្ត ហើយចាក់ស្តាប់បណ្តើរ ធ្វើនេះធ្វើនោះបណ្តើរ ក៏ជាការហាត់ប្រាណម្យ៉ាងដែរ។
៤. កុំទុកខ្លួនឱ្យទំនេរ ៖ រកសកម្មភាពអ្វីមួយដែលធ្វើឱ្យអ្នករវល់ និង មានគំនិតថ្មីៗ អាចជាការគូររូប ការផាត់ពណ៌ ការសរសេរ ការបង្កើតអ្វីមួយដោយដៃ និង អានសៀវភៅ ជាដើម។
៥. បរិភោគអាហារល្អចំពោះសុខភាព ៖ ទទួលទានអាហារសម្បូរសារធាតុចិញ្ចឹមអាចជួយរក្សាតុល្យភាពជាតិស្ករ និង បង្កើនថាមពល។ ជ្រើសរើសអាហារដែលមានប្រូតេអ៊ីន និង ហ្វៃប័រខ្ពស់ មានដូចជា៖ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ យ៉ាអួរ និង ផ្លែឈើស្រស់។
៦. កុំនៅម្នាក់ឯង ៖ អាចឆាត ឬ ទូរស័ព្ទទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ឬក៏នរណាម្នាក់ដែលអ្នកតែងតែចែករំលែករឿងរ៉ាវគ្នាទៅវិញទៅមក។ ការធ្វើដូចនេះអ្នកមិនត្រឹមតែបានរក្សាទំនាក់ទំនងប៉ុណ្ណោះទេ តែថែមទាំងទទួលបានការគាំទ្រលើកទឹកចិត្តផងដែរ។
៧. សម្រាកគ្រប់គ្រាន់ ៖ ការហត់នឿយ ការសម្រាកមិនបានគ្រប់គ្រាន់ក៏រួមចំណែកធ្វើឱ្យអារម្មណ៍មិនល្អផងដែរ។ ត្រូវប្រាកដថា យប់ឡើងបានគេងចាប់ពី ៧ ទៅ ៩ ម៉ោង និង ឆ្លៀតពេលថ្ងៃគេងមួយស្រលេតបន្ថែម។
៨. ផឹកទឹកឱ្យបានច្រើន ៖ ការកង្វះជាតិទឹកអាចប៉ះពាល់ដល់អារម្មណ៍ និង ថាមពល។ គួរផឹកទឹកឱ្យបានច្រើន ហោចណាស់ក៏ ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ។
៩. ធ្វើលំហាត់ប្រាណជាប្រចាំ ៖ សកម្មភាពរាងកាយអាចជំរុញអារម្មណ៍ស្រស់ស្រាយ និង កាត់បន្ថយស្ត្រេស។ អាចក្នុងមួយថ្ងៃចំណាយពេលហោចណាស់ ៣០ នាទី ធ្វើលំហាត់ប្រាណតិចៗ ដូចជា ដើរ ហែលទឹក និង ហាត់យូហ្គា (សម្រាប់ស្ត្រីមានផ្ទៃពោះ)។ ចំពោះការហាត់ប្រាណ អ្នកគប្បីពិភាក្សាជាមួយអ្នកជំនាញ ដើម្បីច្បាស់ថាលំហាត់ប្រាណមួយស័ក្តិសមនឹងលទ្ធភាពសុខភាព ក៏ដូចជារាងកាយរបស់អ្នក៕