ពពោះចំខែចេត្រមេឃក្តៅចែស បើមិនចេះការពារខ្លួនតាមរបៀប ៨ យ៉ាងនេះទេ ប្រយ័ត្នរកឡានពេទ្យមិនទាន់
មកដល់ខែចេត្ររដូវចូលឆ្នាំ អាកាសធាតុកាន់តែកើនកម្តៅច្រើនអង្សា ថ្ងៃខ្លះអាចហក់ឡើងដល់ ៣៩-៤០ អង្សា ដែលនេះអាចធ្វើឱ្យមនុស្សយើងងាយរងទាំងបញ្ហាសុខភាព និង រាងកាយខាងក្រៅ។ សម្រាប់ស្ត្រីពពោះ គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលើការរងគ្រោះ ឬ វាយប្រហារដោយកម្តៅម្យ៉ាងដែលគេហៅថា Heat exhaustion ដែលវានឹងបង្ហាញសញ្ញាដូចជា ល្ហិតល្ហៃអស់កម្លាំង បេះដូងលោតញាប់ ដកដង្ហើមញាប់ ស្រេកទឹកខ្លាំង ឈឺក្បាល វិលមុខ ខ្លួនឡើងកម្តៅ និង បែកញើសខ្លាំង ជាដើម។ អាការទាំងនេះបើមិនដោះស្រាយប្រសើរឡើងក្នុងរយៈពេល ៣០ នាទី អ្នករងគ្រោះអាចឈានដល់ការខូចថ្លើម ខូចតម្រងនោម ឬ អាចរហូតដល់ស្លាប់ទៀតផង។ ស្ត្រីពពោះរាងកាយឆាប់ខ្សោយ ងាយប្រឈមជាងមនុស្សធម្មតា ដូច្នេះដើម្បីជៀសវាងជួបរឿងមិនគួរកើតខាងលើ ស្ត្រីអាចការពារខ្លួនតាមវិធីមួយចំនួនដូចខាងក្រោម ៖
១. ផឹកទឹក ៖ អ្នកត្រូវប្រាកដថារាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់ ដោយត្រូវផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បើចេញក្រៅ គួរមានទឹកដាក់តាមខ្លួនជានិច្ច។
២. ស្លៀកសម្លៀកបំពាក់ពណ៌ស្រាលៗ ៖ ជ្រើសរើសសម្លៀកបំពាក់ពណ៌ស្រាលៗ ឬ ពណ៌ដែលមិនស្រូបកម្តៅ។ អាចប្រើសម្លៀកបំពាក់ជាប្រភេទក្រណាត់កប្បាស ឬ ក្រណាត់ moisture-wicking ដែលវាជួយស្រូបយកញើស ហើយមានខ្យល់ចេញចូលល្អ។
៣. ប្រើឡេការពារកម្តៅថ្ងៃ ៖ មុនពេលចេញទៅខាងក្រៅ បើទោះពាក់សម្លៀកបំពាក់បាំងបិទជិត តែវាពិតជាចាំបាច់ដែលអ្នកត្រូវលាបឡេការពារកម្តៅថ្ងៃដែលមានសារធាតុ SPF ពី ៣០ ទៅ ៥០។ ត្រូវលាបមុនពេលចាកចេញ ១៥ នាទី និង លាបឡើងវិញនៅរៀងរាល់ពីរម៉ោងម្តង។ មួយវិញទៀតត្រូវពាក់មួក និង វ៉ែនតាការពារកម្តៅថ្ងៃផងដែរ។
៤. កាត់បន្ថយចេញក្រៅ ៖ បើអាចកាត់បន្ថយការចេញទៅក្រៅនៅម៉ោងព្រះអាទិត្យបញ្ចេញកម្តៅ។ បើនៅខាងក្រៅក្តៅ គួរប្រញាប់រត់ចូលរកកន្លែងម្លប់វិញ។
៥. មានកន្សែងត្រជាក់ ៖ ដាក់កន្សែងត្រជាក់នៅលើ-កដៃ ក ក្បាល និង ក្លៀក វាអាចបន្ថយកម្តៅបានមួយកម្រិត។
៦. សង្កេតទឹកនោម ៖ បើសម្គាល់ឃើញថាទឹកនោមមានពណ៌លឿងដិតមានន័យថា រាងកាយកំពុងខ្វះជាតិទឹក ឬ ក្តៅក្នុង។ ដូចនេះគួរប្រញាប់ផឹកទឹកបំពេញឡើងវិញ។
៧. ប្តូរម៉ោងហាត់ប្រាណ ៖ ការហាត់ប្រាណស្រាលៗអាចជួយឱ្យស្ត្រីពពោះមានថាមពលឡើង តែក្នុងអាកាសធាតុក្តៅ គួរជ្រើសរើសម៉ោងហាត់នៅពេលមេឃត្រជាក់ ឬ ហាត់នៅកន្លែងត្រជាក់ទើបជាការប្រសើរ។
៨. ផ្អាកងូតទឹកក្តៅ និង សូណា ៖ អាកាសធាតុកំពុងឡើងកម្តៅ គួបផ្សំរាងកាយមនុស្សឡើងកម្តៅទៀត គឺកាន់តែធ្វើឱ្យអ្នកយ៉ាប់យ៉ឺនឡើង។ អ្នកជំនាញមិនផ្តល់ដំបូន្មានឱ្យស្ត្រីពពោះ ងូតទឹកក្តៅ និង ប្រើសូណានោះទេ ព្រោះវាអាចប្រឈមបាត់បង់ជាតិទឹក និង កើតទៅជាមិនស្រួលខ្លួន៕