ចាញ់កូនវេទនាណាស់ តែអ្នកវិទ្យាសាស្ត្រថាបើចាញ់វាជារឿងល្អវិញ!
ឱ្យតែនិយាយដល់រឿងពពោះ ស្ត្រីច្រើនតែងតែចាញ់ក្រាបនឹងអាការៈចាញ់កូន ដែលជាទូទៅវាធ្វើទុក្ខអស់កម្លាំង និងក្អួតចង្អោរ។ អាការចាញ់កូនជារឿងធម្មជាតិទៅហើយសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីខ្លះអាចចាញ់ខ្លាំងរហូតដល់គ្មានកម្លាំងកំហែងងើបលែងរួចក៏មាន។ បើតាមការសិក្សារបស់ JAMA Internal Medicine នៃសមាគមន៍វេជ្ជសាស្ត្រអាមេរិក ការចាញ់កូន វាគឺជារឿងល្អបំផុតទៅវិញសម្រាប់ទារកក្នុងផ្ទៃ។
មែនទែនទៅ ការចាញ់កូនដែលល្អចំពោះទារកក្នុងផ្ទៃនេះ វាមិនមែនជាដំណឹងថ្មីឡើយ ពោលតាមការស្រាវជ្រាវកន្លងមក ការចាញ់កូនគឺជាវិធីដែលរុញច្រានចេញជាតិពុលចេញមកក្រៅ ដើម្បីរក្សាសុកឱ្យមានសុវត្ថិភាព។
គេបានស្រាវជ្រាវដោយសង្កេតទៅលើស្ត្រីមានគភ៌ចំនួន ៨០០ នាក់ និងកត់សម្គាល់ទៅលើអាការចាញ់កូនរបស់ពួកគេ។ ជាលទ្ធផល ស្ត្រីដែលកើតអាការចាញ់កូន អាចមានលទ្ធភាពខ្ពស់ជៀសឆ្ងាយពីការរលូតកូន ដោយក្នុងចំណោមស្ត្រីទាំង ៨០០ នាក់នោះ មានតែ ១៨៨ នាក់ប៉ុណ្ណោះដែលរលូតកូន។ គេរកឃើញថា ការកើតអាការចាញ់កូនរហូតដល់សប្តាហ៍ទី ៨ អាចជៀសផុតពីការរលូតកូនដល់ទៅ ៧៥ ភាគរយ។
បើស្ត្រីកើតអាការចាញ់កូនជារឿងល្អ ចុះសម្រាប់ស្ត្រីដែលមិនកើតអាការចាញ់ ឬចាញ់តិចតួច វានឹងជារឿងមិនល្អទៅវិញឬ? មិនដូច្នោះនោះទេ ហើយវាក៏មិនជារឿងដែលត្រូវព្រួយបារម្ភដែរ។ តាមរយៈវេជ្ជបណ្ឌិត Hinkle នៅសហរដ្ឋអាមេរិកបានលើកឡើងថា មនុស្សទាំងអស់មិនដូចគ្នានោះទេ ការដែលមិនមានសញ្ញាណាមួយកើតឡើងនៃអាការៈចាញ់កូន មិនមែនមានន័យថាស្ត្រីនឹងប្រឈមការរលូតឡើយ។ វាអាស្រ័យទៅតាមសុខភាពរបស់មនុស្សម្នាក់ៗ៕