បើចង់បានកូនសុខភាពល្អ ស្ត្រីចាប់ផ្តើមមានគភ៌ត្រូវប្រញាប់បង្កើតទម្លាប់ទាំងនេះ!
ពេលដឹងខ្លួនថាមានកូន វាពិតជាសំខាន់ក្នុងការចាប់ផ្តើម ក៏ដូចជាយកចិត្តទុកដាក់ឡើងវិញទៅលើរបៀបរបបរស់នៅ។ ស្ត្រីអាចនឹងមិនចាប់អារម្មណ៍ទម្លាប់សព្វមួយដង ដែលទម្លាប់ខ្លះដូចជាកាហូបចុក និងសកម្មភាពផ្សេងៗ អាចបង្កផលប៉ះពាល់ទៅដល់សុខភាពកូនក្នុងផ្ទៃ។ ដូច្នេះហើយ នៅពេលច្បាស់លាស់លទ្ធផលមានកូន ស្ត្រីកំពុងក្លាយជាអ្នកម្តាយគ្រប់រូបគួរតែផ្លាស់ប្តូរ ឬបង្កើតទម្លាប់ក្នុងការរស់នៅប្រកបដោយសុខភាពដូចខាងក្រោម៖
១. ឈប់ជក់បារី ឈប់ផឹកស្រា ឈប់ប្រើថ្នំាផ្តេសផ្តាស ៖ សារធាតុដែលផ្ទុកនៅក្នុងផលិតផលទាំងប៉ុន្មាននេះ ជាដើមចមនៃករណីប្រឈមបញ្ហាមួយចំនួនដូចជា រលូតកូន កើតមុនខែ កើតមិនគ្រប់គីឡូ និងបញ្ហាជាច្រើនទៀតដែលបង្កផលអាក្រក់ដល់សុខភាពកូននៅពេលពួកគេធំឡើង។
២. ជ្រើសរើសរបបអាហារល្អ អាហារសម្បូរទៅដោយសារធាតុចិញ្ចឹម៖ របបអាហារល្អចំពោះស្ត្រីមានផ្ទៃពោះគួរតែរួមបញ្ចូលដូចជា អាហារសម្បូរប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ។ លើសពីនេះការទទួលទានអាហារដែលផ្ទុកទៅដោយហ្វូលីកអាស៊ីត(folic acid) ដូចជាស៊ុត និងបន្លែបៃតង អាចជួយកាត់បន្ថយការប្រឈមពិការភាពផ្សេងៗពីកំណើត។
៣. ចាប់ផ្តើមប្រើវីតាមីនពង្រឹងគភ៌៖ ការប្រើវីតាមីនពង្រឹងគភ៌អាចជួយយឱ្យអ្នកទទួលបានវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់ ដែលជួយទ្រទ្រង់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារក។
៤. ផឹកទឹកឱ្យបានច្រើន៖ នៅពេលពពោះសរសៃឈាមនៅក្នុងរាងកាយនឹងកើនឡើង ដូចនេះវាតម្រូវឱ្យស្ត្រីផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសវាធ្វើឱ្យទារកមានសុខភាពល្អ។ ការរក្សាជាតិទឹកបានច្រើនក្នុងរាងកាយអាចជួយបង្កើនថាមពល និងបន្ថយភាពខ្សោយកម្លាំងនៅអំឡុងពពោះ។
៥. ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអំឡុងពពោះមិនត្រឹមតែជួយឱ្យរាងកាយមានសុខភាពមាំមួនប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យមានកម្លាំងកំហែងនៅពេលសម្រាលផងដែរ។ មិនចាំបាច់ធ្វើលំហាត់ប្រាណអ្វីច្រើន ត្រឹមបែបស្រាលៗដូចជា ការដើរ ហាត់យូហ្គា ឬ ហែលទឹកជាដើម៕