តេស្តដឹងមានកូន កុំទាន់ប្រាប់ប្តី! ប្រើតែប៉ុន្មានក្បាច់នេះ ប្តីរំភើបបះជើង
ក្រោយតេស្តដឹងថាមានកូន ជឿជាក់ថាអ្នកនឹងរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន។ ការ surprise ឬ បង្កើតភាពភ្ញាក់ផ្អើល គឺជាការបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យមួយនៅក្នុងជីវិត។ ពេលដឹងថាមានកូន មនុស្សដំបូងដែលគួរប្រាប់ដំណឹងមុនគេនោះ គឺស្វាមី។ ដូចនេះ បើចង់ surprise ស្វាមី អ្នកអាចសាកល្បងគំនិតណាមួយដូចខាងក្រោម ៖
១. ល្បងចិត្ត
អ្នកអាចយកឧបករណ៍តេស្តដែលបានតេស្តរួច ដាក់នៅកន្លែងណាមួយ រួចពឹងឱ្យស្វាមីទៅស្វែងរក។ ឧទាហរណ៍ ដាក់នៅក្នុងប្រអប់គ្រឿងសម្អាង រួចពឹងឱ្យស្វាមីជួយយកក្រែមលាបមាត់នៅក្នុងប្រអប់នោះ។ ដោយឡែក អ្នកអាចលេងហ្គេមបែបចាប់ឆ្នោតធ្វើសកម្មភាព ដោយសរសេរពាក្យផ្សេងៗដាក់ក្រដាសតូចៗដូចជា ថើប ឱប សើច និងមួយដែលសំខាន់ជាងគេគឺ បងនឹងក្លាយជាឪពុកគេ ឬ បងមានកូនហើយ…ជាដើម។ ក្រោយធ្វើត្រាប់តាមយ៉ាងរីករាយ ស្វាមីរបស់អ្នកនឹងកាន់តែរំភើបជាមួយដំណឹងមានកូន។
២. លាក់នៅកន្លែងងាយឃើញ
អាចដាក់ប្រដាប់តេស្តនៅក្នុងហោប៉ៅអាវ ឬខោ ដែលស្វាមីរបស់អ្នកនឹងពាក់នៅថ្ងៃស្អែក។ ដាក់នៅក្នុងកាតាបធ្វើការ ថ្ពក់ធ្វើបន្តោងសោឡាន ឬ ដាក់នៅក្នុងឡានកន្លែងណាងាយឃើញបំផុត។ មួយវិញទៀត អាចថតរូបប្រដាប់តេស្ត ហើយតាំងរូបភាពនៅលើអេក្រង់ទូរស័ព្ទរបស់ស្វាមី។
៣. បបួលថតវីដេអូជាមួយគ្នា
បបួលស្វាមីថតវីដេអូជាមួយគ្នា ដោយជជែកទៅលើប្រធានបទណាមួយដូចជា៖ រំឭកអនុស្សាវរីយ៍ថ្ងៃរៀបការ និយាយពីចំណុចល្អរវាងគ្នា និយាយពីគម្រោងមានគ្រួសារ បន្ទាប់មកចាប់ផ្តើមបង្ហាញប្រដាប់តេស្ត ឬយកប្រដាប់តេស្តជូនជាកាដូឱ្យបើកភ្លាមៗតែម្តង។ ការធ្វើដូចនេះ បានទាំងអារម្មណ៍រំភើប បានទាំងសកម្មភាពជាវីដេអូទុកជាអនុស្សាវរីយ៍។
៤. ចំណាយពេលថ្ងៃចុងសប្តាហ៍ ឬឱកាសល្អ
បើតេស្តដឹងចំជិតដល់ឱកាសពិសេសដូចជា ថ្ងៃ Valentine’s day ថ្ងៃខួបអាពាហ៍ពិពាហ៍ បុណ្យឪពុក បុណ្យ Christmas ឬ ថ្ងៃខួបកំណើត អ្នកអាចឆ្លៀតយកប្រដាប់តេស្តខ្ចប់ធ្វើជាកាដូជូនស្វាមីតែម្តង។ តែបើឱកាសពិសេសមិនទាន់មាន អ្នកអាចបង្កើតវាដោយខ្លួនឯង ដោយឆ្លៀតថ្ងៃចុងសប្តាហ៍ ណាត់ស្វាមីទៅលម្ហែនៅកន្លែងណាមួយដូចជារីសត ឬភោជនីយដ្ឋានប្រណីត។ អំឡុងពេលលម្ហែអ្នកអាចបង្កើតសកម្មភាព surprise ដូចជា ដាក់ប្រដាប់តេស្តគ្របក្នុងចានលើកជាម្ហូបឱ្យស្វាមី៕