ទោះមិនទាន់បាត់រដូវ តែទាំងនេះជាសញ្ញាឱ្យដំណឹងមានគក៌
ស្ត្រីភាគច្រើនតែងសម្គាល់សញ្ញាមានគភ៌នៅពេលខ្លួនបាត់រដូវ តែមែនទែនទៅ សញ្ញាមានគភ៌អាចកើតឡើងមុនពេលបាត់រដូវទៅទៀត។ សម្រាប់ស្ត្រីកំពុងព្យាយាមបង្កកំណើតកូន អ្នកអាចសម្គាល់សញ្ញាមានគភ៌តាំងពីមុនពេលបាត់រដូវដែលមានដូចជា៖
១. ឈឺសុដន់
សញ្ញាមួយដែលប្រែប្រួលមុនគេនៅលើរាងកាយរបស់ស្ត្រីគឺ ការឈឺ ឬចុកចាប់សុដន់។ ស្ត្រីអាចមានអារម្មណ៍ឈឺនៅពេលប៉ះសុដន់ ឬមានអារម្មណ៍ថាសុដន់ធ្ងន់ខុសពីធម្មតា។ វាកើតឡើងដោយសារតែ អ័រម៉ូន ប្រូហ្គេស្តេរ៉ូន (progesterone) កើនឡើងនៅក្នុងរាងកាយ។ សញ្ញានេះនឹងបន្តរហូតដល់ពេលមានគភ៌ ឬថយចុះបន្ទាប់ពីសប្តាហ៍ទីមួយនៃការមានគភ៌។
២. ចុងសុដន់ឡើងខ្មៅ
ចុងសុដន់របស់ស្ត្រីនឹងប្រែទៅជាខ្មៅ ដែលជាទូទៅវាកើតឡើងលឿនបំផុតនៅពេលមេជីវិតញី និងមេជីវិតឈ្មោលចាប់ផ្តើមកាច់សំបុក។
៣.អស់កម្លាំង
ភាពអស់កម្លាំងអាចកើតឡើងនៅខែដំបូងពេលមេជីវិតចាប់ផ្តើមបង្កកំណើត។ វាកើតឡើងដោយសារអ័រម៉ូនរាងកាយមានការផ្លាស់ប្តូរ។ ទន្ទឹមគ្នានេះ ជាតិស្ករក្នុងឈាម និងសម្ពាធឈាមក៏មានការធ្លាក់ចុះផងដែរ។
៤.មានអារម្មណ៍ចង្អោរ
តាមធម្មតា អាការៈចង្អោរ និងចាញ់កូន នឹងកើតឡើងនៅអំឡុងសប្តាហ៍ទី ៤ ដល់សប្តាហ៍ទៅ ៦ នៃការមានគភ៌ ប៉ុន្តែវាក៏អាចកើតឡើងមុននេះទៅទៀត។ វាអាចធ្វើឱ្យស្ត្រីមានអារម្មណ៍ជ្រួលច្រាល់ ចង្អោរពេលឃ្លាន ឬបរិភោគអាហារ។ ភាគច្រើនអាការៈនេះកើតឡើងតែលើស្ត្រីមួយចំនួនប៉ុណ្ណោះ។
៥. ឡើងទឹករំអិល
ស្ត្រីនឹងសម្គាល់ឃើញនៅត្រង់ទ្វារមាសមានការផ្លាស់ប្តូរ ឬកើនឡើងទឹករំអិល។ អំឡុងត្រីមាសទី ១ ទឹករំអិលនៅទ្វារមាសអាចឡើងពណ៌ស ឬលឿងស្រាលហើយស្អិត។ វាកើតឡើងដោយសារ ការកើនឡើងអ័រម៉ូន និងលំហូរឈាមនៃតំបន់ទ្វារមាស។ សញ្ញានេះអាចកើតឡើងរហូតដល់ពេលពពោះ ខណៈវាក៏ធ្វើឱ្យមាត់ស្បូនមានសភាពទន់ផងដែរ។
៦. Implantation bleeding ឬឈាមលាងក្បាលកូន
ឈាមលាងក្បាលកូន ឬឈាមនៃការកាច់សំបុករបស់កូន គឺជារោគសញ្ញាដំបូងនៃការមានផ្ទៃពោះ វាកើតឡើងនៅពេលស៊ុតបង្កកំណើតចូលទៅក្នុងជញ្ជាំងនៃស្បូនស្ត្រី។ វាអាចកើតឡើងប្រហែលមុនមួយសប្តាហ៍នៃការមករដូវ។ ឈាមនេះអាចមានពណ៌ស្រាលជាងឈាមរដូវ ហើយវានឹងបាត់ទៅវិញមិនលើសពីបីថ្ងៃ។
៧. នោមញឹកញាប់
ស្ត្រីប្រហែលជាធ្លាប់បានដឹងមកហើយថា នៅអំឡុងពពោះស្ត្រីនឹងមានអាការៈនោមញឹកញាប់ ដោយសារតែរាងកាយបង្កើនបរិមាណឈាម ដែលជាលទ្ធផលនៅក្នុងតម្រងនោមនឹងដំណើរការសារធាតុរាវច្រើនជាងធម្មតា។ មានន័យថាជាតិទឹកនៅក្នុងប្លោកនោមកើនឡើងច្រើនជាងមុន។ ដោយឡែក អាការៈនេះក៏អាចកើតឡើងនៅពីរសប្តាហ៍ដំបូងបន្ទាប់ពីកាច់សំបុកផងដែរ។
៨. ហើមពោះ
ប្រសិនបើស្ត្រីមានអារម្មណ៍ឆ្អល់ឬហើមពោះ វាអាចជាសញ្ញានៃការចាប់ផ្តើមមានផ្ទៃពោះ នេះក៏ព្រោះអ័រម៉ូនប្រែប្រួលធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការយឺតជាងមុន។ វាអាចធ្វើឱ្យហើមពោះ ទល់លាមក ឬទល់ខ្យល់ជាដើម៕