បើរួចរាល់នឹងយកកូនហើយ ស្ត្រីមកដឹងរឿង ៨ ចំណុចនេះ ដើម្បីត្រៀមខ្លួនពពោះ
ជាការពិត សម្រាប់មនុស្សមួយចំនួន ការរៀបចំខ្លួនប្រាណសម្រាប់ការមានផ្ទៃពោះ គឺចំណាយពេលមិនយូរនោះទេ ប៉ុន្តែអ្នកខ្លះអាចនឹងចំណាយពេលយូរ។ មិនថានេះជាគម្រោងនៃការយកកូនដំបូង កូនទី ២ ឬ ទីប៉ុន្មានរបស់អ្នកទេ ខាងក្រោមនេះគឺជាជំហានសំខាន់ៗដើម្បីជួយអ្នកឱ្យត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះ ដើម្បីបង្កើនឱកាសនៃការមានកូនដែលមានសុខភាពល្អ។
១. រៀបចំផែនការ និង ធ្វើសកម្មភាព
អាចនឹងមានដៃគូខ្លះបានគិតអំពីគោលដៅនៃការយកកូនរួចជាស្រេចហើយ គ្រាន់តែពេលខ្លះយូរ ឬឆាប់ក៏ប៉ុណ្ណោះ។ ក្នុងនោះ អ្នកដែលមិនទាន់ចង់មានកូនភ្លាមៗច្បាស់ណាស់អាចនឹងប្រើវិធីពន្យារកំណើត។ មកដល់ពេលនេះអ្នកកំពុងគិតអំពីការមានផ្ទៃពោះហើយនោះ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅក្នុងការមានផ្ទៃពោះ និង ការមានកូនដែលមានសុខភាពល្អ។
២. ពិភាក្សាជាមួយគ្រូពេទ្យ
មុនពេលមានផ្ទៃពោះ សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពអំពីការថែទាំសុខភាពជាមុនសិន។ គ្រូពេទ្យនឹង ពិភាក្សាអំពីប្រវត្តិសុខភាពរបស់អ្នក និង លក្ខខណ្ឌវេជ្ជសាស្ត្រណាមួយ ដែលអ្នកមាននាពេលបច្ចុប្បន្ន ដែលអាចប៉ះពាល់ដល់ការមានផ្ទៃពោះ។
៣. ទទួលបានអាស៊ីតហ្វូលិក ៤០០ មីក្រូក្រាមជារៀងរាល់ថ្ងៃ
អាស៊ីតហ្វូលិក គឺជាវីតាមីន B ហើយការញុំាអាស៊ីតហ្វូលិក យ៉ាងហោចណាស់ ១ ខែមុន និង អំឡុងពេលមានផ្ទៃពោះដើម្បីជួយការពារការវិវត្តន៍នៃខួរក្បាល និង ឆ្អឹងខ្នងរបស់ទារក។ អាស៊ីតហ្វូលិក មាននៅក្នុងអាហារចម្រុះ ដូចជាអាហារបំប៉ន ឬ អាហារសុខភាព ជាដើម។
៤. បញ្ឈប់ការផឹកស្រា ការជក់បារី និង ការប្រើប្រាស់ថ្នាំមួយចំនួន
ការជក់បារី ការផឹកស្រា និង ការប្រើប្រាស់ថ្នាំមួយចំនួន អាចបណ្តាលឱ្យមានបញ្ហាជាច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាការកើតមិនគ្រប់ខែ ពិការភាពពីកំណើត និង ការស្លាប់របស់ទារក។ ប្រសិនបើអ្នកកំពុងព្យាយាមមានផ្ទៃពោះ ហើយមិនអាចបញ្ឈប់ការផឹកស្រា ជក់បារី ឬ ប្រើប្រាស់គ្រឿងញៀន សូមទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។
៥. ជៀសវាងសារធាតុពុល និង សារធាតុគីមី
ជៀសវាងសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ សារធាតុកខ្វក់ពីបរិស្ថាន និង សារធាតុពុលផ្សេងទៀតដូចជា សារធាតុគីមីសំយោគ លោហធាតុមួយចំនួនរួមមាន ជី ថ្នាំបាញ់មេរោគ និង លាមកឆ្មា ឬសត្វកកេរនៅជុំវិញផ្ទះ។ សារធាតុទាំងនេះអាចប៉ះពាល់ដល់ប្រព័ន្ធបន្តពូជរបស់បុរស និង ស្ត្រី និង អាចបង្កការលំបាកក្នុងការមានផ្ទៃពោះដល់ស្ត្រី។
៦. រក្សាទម្ងន់ ដែលមានសុខភាពល្អ
អ្នកដែលលើសទម្ងន់ ឬ ធាត់មានហានិភ័យខ្ពស់ប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើន រួមមាន ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី ២ និង មហារីកមួយចំនួន (endometrial សុដន់ និង ពោះវៀនធំ)។ លើសពីនោះ អាចនឹងប្រឈមនូវផលវិបាកអំឡុងពេលមានផ្ទៃពោះ។
គន្លឹះក្នុងការសម្រេចបាន និង រក្សាទម្ងន់ ដែលមានសុខភាពល្អ មិនមែននិយាយអំពីការផ្លាស់ប្តូររបបអាហាររយៈពេលខ្លីនោះទេ គឺពឹងផ្អែកលើរបៀបរស់នៅ ដែលរួមបញ្ចូលការញ៉ាំអាហារមានសុខភាពល្អ និង ការហាត់ប្រាណទៀងទាត់។ ប្រសិនបើអ្នកធាត់ លើសទម្ងន់ ឬ ធាត់ ចូរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីវិធីដើម្បីឈានដល់ និង រក្សាទម្ងន់ឱ្យមានសុខភាពល្អ មុនពេលអ្នកមានផ្ទៃពោះ។
៧. ស្រាវជ្រាវពីប្រវត្តិសុខភាពគ្រួសារ
ការប្រមូលប្រវត្តិសុខភាពរបស់គ្រួសារ អាចជួយអ្នកក្នុងការកំណត់អត្តសញ្ញាណ ដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការមានផ្ទៃពោះ។ ផ្អែកលើប្រវត្តិសុខភាពគ្រួសាររបស់អ្នក គ្រូពេទ្យអាចធ្វើការប្រឹក្សាអំពីហ្សែនរបស់អ្នកមុនបាន។
៨. រក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ
សុខភាពផ្លូវចិត្ត គឺពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នា ក្នុងនោះ ស្ត្រីត្រៀមពពោះ ស្ត្រីកំពុងពពោះ និង សម្រាលកូនហើយក៏កាន់តែសំខាន់។ ដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លា អ្នគួរតែគិតរឿងល្អៗក្នុងជីវិត និង ឱ្យតម្លៃដល់ខ្លួនឯងជាមុនសិន។
ជាការពិត មនុស្សគ្រប់រូបពេលខ្លះតែងមានអារម្មណ៍ព្រួយបារម្ភ ថប់បារម្ភ សោកសៅ ឬ តានតឹង ពេលខ្លះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអារម្មណ៍ទាំងនេះមិនបាត់ទៅវិញ ហើយអារម្មណ៍នេះនៅតែរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក ចូរស្វែរជំនួយ។ ពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពអំពីអារម្មណ៍ និង ជ្រើសរើសការព្យាបាលដែលត្រឹមត្រូវ៕
ប្រភព៖ www.cdc.gov