![លេងមួយថ្ងៃពេញ កូនតូចៗមិនចេះអស់កម្លាំង មិនព្រមចូលគេងសោះ អាចមកពីមូលហេតុទាំងនេះ](https://www.popular.com.kh/wp-content/uploads/2024/01/BeBe-31-01-24-03.jpg)
លេងមួយថ្ងៃពេញ កូនតូចៗមិនចេះអស់កម្លាំង មិនព្រមចូលគេងសោះ អាចមកពីមូលហេតុទាំងនេះ
ជាការពិតណាស់ ក្រោយអស់កម្លាំងពេញមួយថ្ងៃសម្រាប់មនុស្សពេញវ័យ គឺឆាប់បំផុតក្នុងការគេងលង់លក់ភ្លាមៗបន្ទាប់ពីដាក់ខ្លួនទៅលើគ្រែ។ យ៉ាងណា ងាកទៅកាន់កូនៗឯនោះវិញ ប៉ាម៉ាក់ជាច្រើនច្បាស់ជាឆ្ងល់ខ្លាំងណាស់ ថាកូនៗរបស់លោកអ្នក ហេតុអ្វីអាចទប់ទល់ភាពហត់នឿយរបស់គេបានដោយមិនព្រមចូលគេងទាល់តែសោះ។
ខាងក្រោមនេះ គឺជាហេតុផល ៧ យ៉ាង ដែលកូនៗលោកអ្នកមិនព្រមចូលគេង៖
១. កូនមិនទាន់អស់កម្លាំង
ប្រាកដណាស់ ការឱ្យកូនៗគេង ស្របពេលដែលពួកគេមិនទាន់អស់កម្លាំងនោះ ពិតជាពិបាកខ្លាំងណាស់។ យ៉ាងណា ដើម្បីកំណត់ថា តើនេះជាបញ្ហាសម្រាប់កូនតូចរបស់អ្នក ឬអត់ ប៉ាម៉ាក់សូមមើលកាលវិភាគគេងរបស់កូនៗឱ្យបានត្រឹមត្រូវ ព្រោះការគេងយប់ជ្រៅពេក អាចធ្វើឱ្យកូនកើតជាទម្លាប់ និង ប៉ះពាល់ដល់ពួកគេ។ ក្នុងនោះ ដើម្បីជំរុញការចូលគេងរបស់កូនៗឱ្យបានលឿន ប៉ាម៉ាក់គួរតែនាំពួកគេបញ្ចេញសកម្មភាពលេងនានានៅពេលរសៀល ឬនាំគេទៅលេងក្រៅផ្ទះដើម្បីអាចឱ្យកូនៗ អស់កម្លាំង និង ឆាប់បានចូលគេងបានលឿន។
២. កូនអស់កម្លាំងខ្លាំងពេក
ជាធម្មតា ក្មេងៗនឿយហត់តាំងពីព្រលឹមចាប់តាំងពីម៉ោង ៦ ព្រឹក ដល់ ៧ យប់ និង ជាម៉ោងគួរតែសម្រាក ប៉ុន្តែប៉ាម៉ាក់ខ្លះគិតថាម៉ោងនេះ វាលឿនពេកក្នុងការដាក់ពួកគេចូលគេង ឬប៉ាម៉ាក់ខ្លះរវល់រហូតហួសម៉ោងមិនបានឱ្យកូនចូលគេងដោយមិនដឹងខ្លួន។ ក្នុងករណីនេះ អាចបណ្តាលឱ្យកូនលោកអ្នកអស់កម្លាំងខ្លាំង អាចទៅជាគេងមិនលក់ និង រករឿងទៅវិញ។ ចំពោះបញ្ហានេះ ការចូលគេងមុនម៉ោងជាវិធីដោះស្រាយល្អបំផុត។
៣. ជក់នឹងការលេង
សម្រាប់ក្មេងៗ បើទោះជារយៈពេលពេញមួយថ្ងៃបានបញ្ចេញសកម្មភាពក្នុងការលេងរហូតមានការហត់នឿយយ៉ាងណាក្តី ប៉ុន្តែពួកគេហាក់មិនព្រមបញ្ឈប់សកម្មភាពទាំងនោះឡើយ។ យ៉ាងណា ការបង្កើតទម្លាប់ ចូលគេងយ៉ាមានប្រសិទ្ធិភាពនោះ ប៉ាម៉ាក់គួរតែជៀសវាងការឱ្យកូនៗបញ្ចេញសកម្មភាព ឬលេងអ្វីមុនពេលចូលគេងជាដាច់ខាត។
៤. មានសំឡេងរំខាន
មិនថាតែមនុស្សធំ ឬក្មេងនោះទេ សំឡេងរំខានជុំវិញខ្លួន គឺជាផ្នែកដ៏សំខាន់មួយនៃការរំខានដំណេក។ ដោយឡែក សម្រាប់ក្មេងៗ គឺស្ថិតក្នុងវ័យចង់ដឹង ចង់ឮ ដូច្នេះអំឡុងពេលចូលគេង បើកូនៗលោកអ្នកឮស្នូរសំឡេងអ្វីមួយ មិនថាពីមនុស្ស ទូរទស្សន៍ ឬអ្វីផ្សេងនោះទេ ពួកគេច្បាស់ស្វែងរកសំឡេងនោះជាក់ជាមិនខាន។ ដូច្នេះហើយ ការបំបាត់រាល់សំឡេងទាំងឡាយនៅពេលឱ្យកូនៗចូលគេ ឬចាក់តន្ត្រីស្រទន់ៗ (Sleeping Music) ដើម្បីបំបាត់សំឡេងរំខានទាំងនោះ ជាការល្អសម្រាប់ឱ្យកូនៗចូលគេងបាន។
៥. ខ្លាចអ្វីម្យ៉ាង
ក្មេងៗមានការភ័យខ្លាចច្រើន ជួនកាលខ្លាចភាពងងឹត ពេលខ្លះគេគិតថាមានសត្វចម្លែកលាក់ខ្លួននៅក្រោមគ្រែ សត្វខ្លានៅក្នុងទូ ខ្លាចសំឡេងឆ្កែព្រុសនៅខាងក្រៅ ឬសំឡេងរំខានពីខាងក្រៅជាដើម។ ដូច្នេះហើយ ប៉ាម៉ាក់អាចលួងលោមកូន ដោយគេងនៅក្បែរៗគេរហូតពួកគេគេងលក់ជាការល្អ។
៦. ខ្វះទម្លាប់ចូលគេងត្រឹមត្រូវ
ទម្លាប់ចូលគេងសម្រាប់ក្មេងៗ ពិតជាមានសារៈសំខាន់។ ប្រសិនបើប៉ាម៉ាក់ មិនបង្រៀនឱ្យកូនមានទម្លាប់ក្នុងការចូលគេងត្រឹមត្រូវនោះទេ នោះដល់យប់ជ្រៅកូនៗលោកអ្នកនឹងមិនចូលគេងនោះឡើយ។ ដូច្នេះ ប៉ាម៉ាក់គួរតែកំណត់ពេលវេលាឱ្យបានច្បាស់លាស់សម្រាប់កូនចូលគេង ដើម្បីឱ្យកូនៗដឹងថា រាល់យប់ដល់វេលានោះ ពួកគេនឹងឡើងគ្រែគេងដោយខ្លួនឯង។
៧. ចង់ចំណាយពេលជាមួយប៉ាម៉ាក់
យប់ងងឹត ស្ងប់ស្ងាត់ គឺជាពេលវេលា ដែលចាប់ផ្តើមធ្វើឱ្យកូនៗរបស់អ្នកចាប់ផ្តើមមានអារម្មណ៍ថាឯកា។ ក្មេងៗចង់នៅជាមួយមនុស្ស ដែលខ្លួនស្រលាញ់បំផុត និង ក្បែរមនុស្ស ដែលពួកគេមានអារម្មណ៍ថាកក់ក្តៅ មានសុវត្ថិភាព។ ដូច្នេះហើយ ប៉ាម៉ាក់គួរតែគេងនៅក្បែរៗគេ ដើម្បីឱ្យគេមានអារម្មណ៍ថាកក់ក្តៅបាន៕
ប្រភព៖ MOTHERLY