ក្រោយទារកចាក់វ៉ាក់សាំង ឬថ្នាំបង្ការចេញសញ្ញាបែបនេះ ម៉ាក់ៗកុំបារម្ភ តែគប្បីធ្វើរឿងសំខាន់នេះ
ជាការពិតណាស់ បន្ទាប់ពីសម្រាលហើយភ្លាមទារក ក៏ចាំបាច់តាមដាន និង មើលថែសុខភាពមិនខុសកាលពីពេលនៅក្នុងពោះនោះឡើយ។ ជាក់ស្តែង ទារកទើបនឹងកើត រហូតដល់អាយុ ៦ សប្តាហ៍ ឬ ១ ខែកន្លះ ត្រូវចាក់វ៉ាក់សាំងការពារជំងឺជាច្រើនប្រភេទ។
ក្នុងនោះដែរ ម៉ាក់គួរដឹង ការចាក់វ៉ាក់សាំងតែងតែបង្កផលរំខានតិចតួចដល់កូនៗ ដូច្នេះបន្ទាប់ពីកូនចាក់វ៉ាក់សាំងរួច បើម៉ាក់ៗមានឃើញសញ្ញាទាំងនេះទៅលើកូន មិនបាច់បារម្ភនោះឡើយ ព្រោះវាមិនបង្កគ្រោះថ្នាក់ឡើយ។ សញ្ញាទាំងនោះ រួមមាន៖
១. ឡើងក្រហមនៅកន្លែងចាក់
២. ឈឺកន្លែងចាក់ថ្នាំ
៣. ឡើងរឹងនៅជុំវិញកន្លែងចាក់ថ្នាំ និង គ្រុនក្តៅតិចតួច។
ដោយឡែក ក្នុងករណីឃើញមានស្នាមនៅកន្លែងចាក់ថ្នាំ យើងមិនត្រូវប៉ះពាល់ ឬប្រើប្រេង ថ្នាំផ្សេងៗមកលាបពីលើនោះទេ ព្រោះអាចបង្កទៅជាហើម និង មានខ្ទុះ។ ជាធម្មតាស្នាមក្រហម ឬរឹងនោះនឹងបាត់ទៅវិញដោយឯកឯង តែបើកូនតូចក្តៅខ្លួនក្រោយចាក់វ៉ាក់សាំងរួច គ្រូពេទ្យនឹងផ្តល់វេជ្ជបញ្ជាឱ្យបន្តក់ថ្នាំសេរ៉ូបញ្ចុះកម្តៅ នោះកម្តៅកូននឹងត្រលប់មកធម្មតាវិញ៕