ពេលចាញ់កូនម្តងៗមហាវេទនា! មកដឹងពី ១១ យ៉ាង ត្រៀមខ្លួនសម្រាប់ទប់ទល់ជាមួយអាការចាញ់កូន
អាចនិយាយថា ស្ត្រី ៨០% ទៅហើយដែលមានអាការចាញ់កូននៅពេលចាប់ផ្តើមមានផ្ទៃពោះ។ តាមធម្មតាអាការចាញ់កូនដែលធ្វើឱ្យមានអារម្មណ៍ចង់ក្អួតចង្អោរ រមែងតែកើតមានឡើងនៅអំឡុងសប្តាហ៍ទី ៨ ដល់សប្តាហ៍ទី ១០ ហើយវាអាចនឹងចាប់ផ្តើមធូរស្បើយទៅវិញនៅសប្តាហ៍ទី ១៦។ ស្ត្រីធ្លាប់មានបទពិសោធដឹងស្រាប់ហើយថា ពេលអាការចាញ់កូនកើតឡើង វាធ្វើឱ្យអារម្មណ៍មិនស្រួលប៉ុន្មាននោះទេ រហូតដល់ស្ត្រីខ្លះទ្រាំសឹងមិនបានផងដែរ។
យ៉ាងណាមិញ ជាសំណាងល្អអ្នកជំនាញបានណែនាំពីវិធីមួយចំនួនដែលអាចជួយទប់ទល់ជាមួយអាការនេះ ដែលស្ត្រីអាចជ្រើសរើសមួយ ឬ ទាំងអស់ក្នុងចំណោមខាងក្រោមមកសាកល្បង ៖
១. ញុំាញឹកញាប់
ចំពោះស្ត្រីដល់ពេលចាញ់កូន នៅពេលពោះគ្មានអាហារ វានឹងធ្វើឱ្យមានអារម្មណ៍ចង់ក្អួតចង្អោរសឹងតែគ្រប់ពេល។ ដើម្បីទប់ទល់ស្ត្រីអាចញុំាអាហារ ឬ អាហារសម្រន់តិចតួចនៅរៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង។ អាចញុំាអាហារណាដែលស្រួលរំលាយ ជាពិសេសគ្រាប់ធញ្ញជាតិ ឬ នំស្រួយ។
២. ជៀសវាងអាហាររជាតិខ្លាំងៗ និង ដិតៗ
ជៀសវាងអាហារណាដែលមិនធ្វើទុក្ខដល់ក្រពះអាចជាអាហារ ប្រៃពេក ហឹរពេក ខ្លាញ់ពេក ឬ គ្រីម ដោយងាកមកជ្រើសរើសអាហាររសជាតិបែបស្រាលៗ និង ងាយស្រួលរំលាយ។
៣. ផ្តោតលើប្រូតេអ៊ីន
តាមការសិក្សាជាច្រើន អាហារដែលសម្បូរប្រូតេអ៊ីនអាចជួយបន្ធូរបន្ថយអាការចង់ក្អួតរយៈពេលយូរជាងអាហារដែលផ្ទុកជាតិខ្លាញ់ខ្ពស់។ ដូច្នេះគួរញុំាអាហារប្រូតេអ៊ីនឱ្យបានច្រើន ដែលក្នុងនោះអាហារក្លែមមាត់លេងមានដូចជា គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ និង យ៉ាអួរ ជាដើម។
៤. ញុំាស្ករគ្រាប់
អាចថាពិសបង្ក្រាបពិស ដោយញុំាស្ករគ្រាប់រសជាតិជូរដើម្បីបន្សាបអាស៊ីតក្រពះជូរដែលធ្វើឱ្យកើតអាការចង់ក្អួត។ អាចញុំាស្ករគ្រាប់រសជាតិក្រូច ឬ អាចជំនួសមកជាការញុំាផ្លែក្រូចស្រស់មួយចំណិតដែលវាមានផ្ទុកខ្ពស់នូវអាស៊ីតស៊ីទ្រិច មានប្រយោជន៍ជួយបានទាំងប្រព័ន្ធរំលាយអាហារ និង អាការចង់ក្អួត។
៥. បន្ថយការផឹកទឹកបណ្តោះអាសន្ន
ថ្វីបើការផឹកទឹកសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ប៉ុន្តែបើផឹកច្រើននៅពេលមានអាការចាញ់កូន វានឹងធ្វើឱ្យអ្នកកាន់តែចង់ក្អួតលើសដើម។ ស្ត្រីអាចផឹកទឹកបរិមាណសមល្មម កុំពេញពោះពេក កុំឆ្អែតពេក។ អាចជំនួសមកជាការញុំាទឹកផ្លែឈើស្រស់ ឬ តែផ្លែឈើ ជាដើម។
៦. ជៀសវាងទម្រេតខ្លួនភ្លាមៗ
ពេលបរិភោគអាហាររួចគួរជៀសវាងទម្រេតខ្លួនភ្លាមៗ ព្រោះវាអាចបង្កករណីអាស៊ីតក្រពះច្រាលឡើង។ ម្យ៉ាងវាក៏រារាំងដល់ការរំលាយអាហារ ថែមទាំងធ្វើឱ្យចុកឆ្អល់ចង់ក្អួតផងដែរ។
៧. កុំទាន់ដុសធ្មេញភ្លាមក្រោយញុំាអាហារ
ការដុសធ្មេញភ្លាមៗក្រោយបរិភោគអាហារអាចនឹងរំញោចដល់គល់អណ្តាតដែលធ្វើឱ្យមានអារម្មណ៍ចង់ក្អួត ហើយក្អួតតែម្តង។ យល់ល្អគួរចាំដុសក្រោយពេលញុំាបាយយ៉ាងហោចណាស់ ៣០ នាទី។
៨. ឆ្ងាយពីក្លិនខ្លាំង
ស្ត្រីមានគភ៌ចាញ់ក្លិនផ្សេងៗគ្នា ដែលជាទូទៅអាចចាញ់ក្លិនចម្អិនអាហារ ឬ ក្លិនក្រអូបពីផលិតផលប្រើប្រាស់ដូចជាទឹកអប់ ឬ ឡេ ជាដើម។ បើស្ត្រីជាមនុស្សចាញ់ក្លិនស្រាប់ គួរជៀសឆ្ងាយឱ្យហើយ។
៩. ស្រង់ក្លិនឱសថបុរាណ
ភាគច្រើនក្លិនប្រេងឱសថបុរាណអាចជួយសម្រួលអារម្មណ៍ឱ្យស្រស់ស្រាយ ហើយក៏ជួយចាកឆ្ងាយពីក្លិនដែលធ្វើឱ្យមានអារម្មណ៍ចង់ក្អួតផងដែរ។ ក្នុងនោះស្ត្រីអាចប្រើក្លិនដែលចម្រាញ់ចេញពីធម្មជាតិ ដែលភាគច្រើនគេប្រើនៅកន្លែងស្ប៉ាដូចជា ក្លិនស្លឹកគ្រៃ ក្លិនជីរអង្កាម និង ក្លិនផ្កាចំប៉ី។
១០. ញុំាវីតាមីនពង្រឹងគភ៌នៅពេលល្ងាច
វីតាមីនពង្រឹងគភ៌ពិតជាសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ប៉ុន្តែស្ត្រីមួយចំនួនលេបវានៅពេលព្រឹកតែងធ្វើឱ្យក្រពះមិនស្រួលជាញឹកញយ។ ដូច្នេះ បើអ្នករកឃើញថាខ្លួនជួបបញ្ហានេះដូចគ្នា គួរផ្លាស់ប្តូរយកទៅលេបនៅពេលល្ងាចវិញក្រោយពេលញុំាអាហាររួច។
១១. ថែទាំខ្លួនជាប្រចាំ
បើអ្នកមានទម្លាប់រស់នៅសុខភាពល្អ នោះអ្នកនឹងមិនងាយទ្រុឌទ្រោមឡើយ ដូចគ្នានឹងពេលមានផ្ទៃពោះ អ្នកគួរអនុវត្តការរស់នៅប្រចាំថ្ងៃឱ្យជាប់លាប់មិនថា ការគេងឱ្យបានគ្រប់គ្រាន់ ការទម្លាប់ញុំាអាហារល្អចំពោះសុខភាព និង ការធ្វើលំហាត់ប្រាណជាប្រចាំ ដែលវាមិនត្រឹមតែជួយពង្រឹងរាងកាយទប់ទល់នឹងអាការចាញ់កូនប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យសុខភាពមាំមួនទាំងខ្លួនឯង ក៏ដូចជាកូនក្នុងផ្ទៃ៕