ក្រោយពីបានបើកចំហរចំណងស្នេហ៍ជាសាធារណៈ និង ក្លាយជាគូស្នេហ៍នឹងគ្នាជាង ២ ឆ្នាំ មកហើយនោះ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ តារាចម្រៀងរូបស្រស់សោភា កញ្ញា រ៉ាប៊ី ត្រូវបានមិត្តប្រុស គឺកីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor លុតជង្គង់សុំរៀបការហើយ នៅមុខអ្នកគាំទ្ររាប់រយនាក់។
ក្នុងនោះ ពិធីសុំមិត្តស្រីសុំរៀបការរបស់កីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor បានធ្វើឡើងនៅក្នុងកម្មវិធីជំនួបអ្នកគាំទ្ររបស់កញ្ញា រ៉ាប៊ី ផ្ទាល់តែម្តង។
ងាកទៅមើលពីអត្ថន័យ នៃចិញ្ចៀនសុំរៀបការរបស់តារាចម្រៀងស្រី រ៉ាប៊ី ដែលត្រូវបានសម្រិតសម្រាំងឡើងពីអនាគតស្វាមីឯណោះវិញ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយកញ្ញា រ៉ាប៊ី បានរៀបរាប់ថា៖ «បុរសម្នាក់នេះនិយាយម៉ាត់ណាម៉ាត់ហ្នឹង ស្រលាញ់នារីខ្មែរ ចិញ្ចៀនគេក៏ design បែបខ្មែរដែរ»។
ជាក់ស្តែង ចិញ្ចៀនសុំរៀបការ ដែលជាចិញ្ចៀនគូរបស់តារាចម្រៀងស្រី រ៉ាប៊ី និង កីឡាករបាល់ទាត់កូនខ្មែរកាត់អាមេរិក Nick Taylor គឺមានការសម្រិតសម្រាំងជាគំនិតពីខាងប្រុសផ្ទាល់តែម្តង។
ក្នុងនោះ ចិញ្ចៀនរបស់កញ្ញា រ៉ាប៊ី លោក Nick Taylor បានរចនាម៉ូដបុរាណ លាយសម័យបញ្ជូលគ្នា ដោយប្រើគ្រាប់ពេជ្រចំនួន ៣ គ្រាប់។ រីឯចិញ្ចៀនរបស់ លោក Nick Taylor ផ្ទាល់វិញនោះ គឺអនាគតកូនកំលោះរូបនេះ បានជ្រើសរើសយកចម្លាក់ប្រាសាទអង្គរខ្មែរទៅឆ្លាក់នៅលើចិញ្ចៀន និង មានឈ្មោះថា «The Nick Taylor»។ នេះបើតាមការបញ្ជាក់ពីហាង Grace Jewelry៕