ក្រោយពីកំពូលតារាចម្រៀង មាស សុខសោភា ចេញវីដេអូបកស្រាយ និង ឆ្លើយតបទៅកាន់មហាជនជុំវិញរឿងរ៉ាវទំនាក់ទំនងរវាងអ្នកនាង និង តាសក់សភ្នត្បែងច្បាស់ៗ ពេលនេះក៏បានឃើញកំពូលតារាស្រីរូបនេះ បានបង្ហោះទម្លាយជុំវិញរឿងជីវីតប្ដីប្រពន្ធរបស់អ្នកនាងជាមួយអតីតស្វាមីយ៉ាងភ្ញាក់ផ្អើល។
ក្នុងការបង្ហោះនោះ អ្នកនាង មាស សុខសោភា បានរៀបរាប់ពីជីវិតប្ដីប្រពន្ធរវាងអ្នកនាង និង អតីតស្វាមី ដែលបានទម្លាយរឿងរ៉ាវជាច្រើនក្នុងពេលសាងជីវិតគ្រួសារជាង ១០ ឆ្នាំកន្លងមក ដែលបានឱ្យដឹងថាអ្នកនាងជាអ្នករកស៊ីចិញ្ចឹមស្វាមី និង រ៉ាប់រងគ្រួសារទាំងមូល ប៉ុន្តែមិនទទួលបានការឱ្យតម្លៃពីស្វាមី និង ត្រូវចោទប្រកាន់ថាផិតក្បត់ជាច្រើនលើកច្រើនសារ ទាំងដែលអ្នកនាងខំសាងសុភមង្គលគ្រួសារ ខំរកស៊ីរកលុយចេញច្រៀងរហូតធ្លាប់បាត់បង់កូនក្នុងផ្ទៃទៀតផង។
តាមរយៈការបង្ហោះលើហ្វេសប៊ុកផេករបស់អ្នកនាង មាស សុខសោភា រៀបរាប់យ៉ាងវែងថា ៖ «តើនៅលើលោកនេះ មានស្រ្តីម្នាក់ណាដែលមានប្តីហើយ រកស៊ីចិញ្ចឹមប្តីជាង ១០ ឆ្នាំដូចរូបនាងខ្ញុំដែរទេ? រស់នៅជាង ១០ ឆ្នាំ ជាមួយប្តី នាងខ្ញុំមិនដែលបានទទួលលុយពីប្តីសូម្បីតែមួយរយដុល្លារ មានតែខំដើរច្រៀងពេលបានលុយប្តីយកទៅទិញរបស់ដាក់ឈ្មោះរួមគ្នា លុយបានពីកាច្រៀងទាំងប៉ុន្មាន ប្តីទារយកកាន់លុយទាំងអស់ មិនត្រឹមតែប៉ុណ្ណោះរករឿង ប្រច័ណ្ឌទម្លាក់កំហុស ដេញម្តាយបងប្អូនយើងចេញពីផ្ទះ ចោទប្រកាន់ខ្ញុំផិតក្បត់ជាមួយកូនអ្នកធំនេះ អ្នកធំនោះ គ្រប់មនុស្សដែលគេមិនពេញចិត្ត គេចោទប្រកាន់ថាយើងផិតក្បត់គ្រប់គ្នា ពេលឈឺគ្មានអ្នកមើលថែ មានប្តីដូចអត់ប្តី មិនដែលឱ្យតម្លៃខ្ញុំជាប្រពន្ធ ខំដើរច្រៀងរហូតដល់រលូតកូន តើស្រ្តីណាទ្រាំរស់នៅជាមួយបាន?
ពេលលែងលះគ្នា ប្រគល់ទ្រព្យដែលខ្លួនរកបានពីការច្រៀងបែងចែកទៅឱ្យទៀត តើនេះឬសុភមង្គលជាង ១០ ឆ្នាំ? ព្រោះតែចង់មានសុភមង្គល ទោះប្តីមានស្រី ប្តីចោទប្រកាន់ផិតក្បត់ ក៏ស៊ូខាំមាត់សង្កត់ចិត្តមិនតបត ស៊ូខុសជាមួយបងប្អូន និង អ្នកម្តាយជាទីស្រលាញ់ ខំសើចបន្លំភ្នែកមហាជនទាំងក្នុងទ្រូងស្ទើរប្រេះធ្លាយ នេះហើយមូលហេតុមកពីមិនយល់ធម៌ មិនស្គាល់ខ្លួនឯង ប៊ិសនឹងសម្លាប់ខ្លួនដោយសារអាប្តីហេងស៊យនោះទៅទៀត បើគ្មានអ្នកព្រះធម៌ចេញមកពន្យល់បានទាន់ពេលទេនោះ ជីវិតត្រូវលាចាកលោកយូរមកហើយ។
សោកស្តាយណាស់ ដែលមនុស្សគ្មានគុណធម៌មួយចំនួន នាំគ្នាទៅជើងមនុស្សពាល កន្លងមកនាំឯងសាងតែអំពើបាប នាំឯងដើរផឹកស៊ីកំដរពួកម៉ាកវារាល់យប់ ម្ងៃៗនិយាយតែរឿងកាប់ចាក់ តើមានស្រីណាទ្រាំរស់នៅជាមួយបាន បើអ្នកណាទ្រាំបានក៏ទ្រាំចុះ ហើយកុំមកវាយប្រហារ ប្រមាថមកលើរូបនាងខ្ញុំទៀត។ កន្លងមកនាងខ្ញុំល្បីដោយសារសម្លេងចេញពីធម្មជាតិ ហើយក៏មិនបានជួលអ្នកណាឱ្យមកស្តាប់សម្លេងរបស់នាងខ្ញុំដែរ។ អ្នកគ្រប់គ្នាមានទុក្ខសោក ធុញថប់ក្នុងអារម្មណ៍នាំគ្នាមកស្តាប់ចម្រៀងនាងខ្ញុំ ដើម្បីបន្ធូភាពធូរទ្រូងរបស់ខ្លួនឯងសោះ បែរជាមកតាំងខ្លួនថាបើគ្មានពួកអ្នកខ្ញុំមិនមានភាពល្បីដល់ថ្ងៃនេះទៅវិញ។
ត្រូវចាំថា សម្លេងរបស់នាងខ្ញុំទេ ដែលធ្វើឱ្យនាងខ្ញុំល្បីនេះជាសច្ចធម៌ពិត។ យូរៗទៅនាំគ្នាមកយកករឿងឯកជនរបស់នាងខ្ញុំទៅធ្វើជាប្រធានបទបំពុលសង្គម ទាំងស្រុកទេសកំពុងជួបបញ្ហា។ នាងខ្ញុំសុំចិត្តបងប្អូនទៅចុះ នាំគ្នាយកពេលទៅជួយគិតគូរដល់ថ្នាក់ដឹកនាំ ប្រទេស និង រួមគ្នាជួយគិតគូរប្រយោជន៍រួមផង»៕