ទម្លាយអាថ៌កំបាំងអាយុវែងរបស់លោកយាយជនជាតិជប៉ុន ដែលទើបនឹងកាប់កាន់កំណត់ត្រាពិភពលោក Guinness ថ្មីៗនេះ!
លោកយាយជនជាតិជប៉ុនដែលគេស្គាល់ឈ្មោះ Kane Tanaka បានក្លាយជាអ្នកដែលកាប់កាន់កំណត់ត្រាពិភពលោក Guinness ដែលមានអាយុច្រើនជាងគេលើពិភពលោកកាលពីពេលថ្មីៗនេះ ។
យោងតាមសារព័ត៌មាន CGTN គេបានដឹងថា លោកយាយបានចាប់កំណើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ ដែលបច្ចុប្បន្នលោកយាយមានអាយុប្រមាណ ១១៦ ឆ្នាំ ។
លោកយាយបានប្រារព្ធកំណត់ត្រាពិភពលោកនេះដែរនៅក្នុងមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ជរានៅក្នុងក្រុង Fukuoka ប្រទេសជប៉ុន ដែលកំណត់ត្រានេះត្រូវបានប្រគល់ជូនលោកយាយដោយអភិបាលក្រុង Soichiro Takashima ផ្ទាល់ ។ ជុំវិញនឹងការកាន់កាប់កំណត់ត្រានេះដែរ លោកយាយបានបង្ហាញអារម្មណ៍សប្បាយរីករាយឥតឧបមា ដោយលោកយាយថែមទាំងបានទម្លាយអាថ៌កំបាំងអាយុវែងរបស់គាត់ថែមទៀត ។
លោកយាយ Kane បាននិយាយថា «ខ្ញុំជឿថា អាយុច្រើនរបស់ខ្ញុំគឺដោយសារតែខ្ញុំចូលចិត្តលេងអ្វីដែលប្រើប្រាជ្ញាច្រើន ជាពិសេសខ្ញុំចូលចិត្តខាងគណនាលេខ ហើយខ្ញុំជឿថា នេះអាចជាមូលហេតុពីក្រោយអាយុវែងរបស់ខ្ញុំហើយមើលទៅ» ។ គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនជាប្រទេសដែលជឿនលឿនខ្លាំង ហើយប្រជាជនក្នុងប្រទេសនេះក៏មានអាយុច្រើន រហូតជាប់កំណត់ត្រា Guinness ច្រើនផងដែរ ៕
ដោយ៖ រិទ្ធី
ប្រភព ៖ CGTN