ជាប្រុសអាត្មានិយមឬអត់ បើស្រឡាញ់មនុស្សស្រី ២ នាក់ក្នុងពេលតែមួយ
ការស្រឡាញ់មិនមែនចេះតែកើតចេញមកដោយងាយៗទេ ប៉ុន្តែសេចក្តីស្រឡាញ់ចំពោះនរណាម្នាក់ក៏អាចកើតមានឡើងដោយគ្មានមូលហេតុដែរ ។
មនុស្ស ២នាក់ស្រឡាញ់គ្នាទៅវិញទៅមកជួនកាលអាចកើតឡើងដោយសារភាពចៃដន្យហើយក៏កើតទៅជាអារម្មណ៍ស្រឡាញ់ ។ អ្នកខ្លះទៀតអាចលួចមើលគ្នារាប់ខែ រាប់ឆ្នាំមកហើយទម្រាំតែដាច់ចិត្តសារភាព តែអ្នកខ្លះក៏អាចស្រឡាញ់មនុស្សម្នាក់ដោយកើតចេញពីអារម្មណ៍អាណិត ។ មនុស្សម្នាក់ៗ សុទ្ធតែទទួលបាននូវអារម្មណ៍ និងកាលៈទេសៈដែលបង្កើតឱ្យមានស្នេហាខុសៗគ្នា ។
យ៉ាងណាមិញ អាចទេដែលមនុស្សប្រុសម្នាក់អាចស្រឡាញ់មនុស្ស២នាក់ក្នុងពេលតែមួយព្រោះមិនអាចបដិសេធជាមួយអ្នកមកក្រោយបាន? តើវាជាទង្វើអាត្មានិយមឬទេ?
ប្រាកដណាស់រឿងនេះអាចកើតមានឡើងនៅពេលមនុស្សប្រុសម្នាក់បានស្រឡាញ់មនុស្សស្រីម្នាក់ ហើយពួកគេមានចិត្តស្រឡាញ់គ្នាទាំងសងខាងដោយអារម្មណ៍ពួកគេប្រាកដជាដឹងច្បាស់រៀងខ្លួន នៅពេលនៅក្បែរគ្នា និងរាល់សកម្មភាពដែលស្តែងចេញឱ្យគ្នាទៅវិញទៅមក គ្រាន់តែមិនទាន់មាននរណាម្នាក់ក្លាហាននិយាយវាចេញមក ។
ប៉ុន្តែអ្វីៗបានប្រែប្រួលនៅពេលមានមនុស្សស្រីម្នាក់ទៀតបានចូលមកនៅក្បែរគេដូចគ្នា គេចាប់ផ្តើមមានអារម្មណ៍ច្របូកច្របល់នៅពេលដឹងថាស្រីម្នាក់នោះក៏ស្រឡាញ់គេ តែងតែធ្វើល្អដាក់គេ ហើយលះបង់គ្រប់យ៉ាងដើម្បីគេ ជាពិសេសគឺនៅក្បែរគេច្រើនជាងអ្នកចាស់ ។ ពេលនោះគេក៏សម្រេចចិត្តជ្រើសយកអ្នកថ្មី ខណៈពេលដែលអ្នកចាស់បានត្រឹមតែមើលពួកគេមានក្តីសុខជាមួយគ្នា ។
គេអាចជ្រើសរើសធ្វើបែបនេះបាន ប៉ុន្តែនៅពេលដែលដល់ពេលមួយដែលអ្នកថ្មីត្រូវនៅឆ្ងាយមួយរយៈ គេបានបង្កើតអារម្មណ៍ល្អៗជាមួយអ្នកចាស់ម្តងទៀត ទោះបីវាមើលទៅហាក់បីដូចជាមិត្តភក្តិធម្មតាដូចដែលគេធ្លាប់បានធ្វើជាមួយគ្នា យ៉ាងណាក៏ដោយវាក៏មើលទៅដូចជាអាត្មានិយមណាស់សម្រាប់គេ ដែលទុកមនុស្សស្រីម្នាក់ដូចជាមនុស្សកំដរ ខណៈពេលដែលមនុស្សស្រីម្នាក់នោះដឹងហើយថាគេក៏ស្រឡាញ់នាងដែរ គ្រាន់តែគេមិនបានជ្រើសរើសនាង ៕