សុំទោសដែលខ្ញុំច្រឡំហួងហែងអ្នក ភ្លេចគិតថាខ្លួនឯង គ្រាន់តែជាមិត្តល្អម្នាក់
ជាមិត្តល្អ ជាអ្នកផ្ដល់កម្លាំងចិត្តឱ្យគេ នៅក្បែរគេគ្រប់បញ្ហា ជាពាក្យដែលយើងតែងនិយាយប្រាប់គេទាំងបេះដូង ទាំងអារម្មណ៍យើង មិនដែលចាត់ទុកអ្នកជាមិត្ត ហើយតែងក្បត់អារម្មណ៍ខ្លួនឯងព្រោះ មិនចង់បាត់បង់។ ស្រឡាញ់តែមិនអាចសារភាព ស្រឡាញ់តែមិនអាចស្រឡាញ់ ព្រោះដឹងច្បាស់ពីចិត្តគេ ថាចាត់ទុកយើងគ្រាន់តែជាមិត្តល្អរបស់គេ ។ ព្រោះមិនចង់ឱ្យគេអស់សង្ឃឹម ព្រោះមិនចង់ឱ្យគេ មើលមុខយើងមិនត្រង់ ទើបតែងព្យាយាមមិនបង្ហាញអារម្មណ៍ដែលខ្លួនមានទៅលើគេ ។
គ្រប់ពេលដែលគេស្និទ្ធស្នាលនឹងអ្នកផ្សេង រីករាយជាមួយអ្នកផ្សេងដោយគ្មានយើង អារម្មណ៍ឈឺចាប់ មួយស្រាប់តែកើតឡើងមួយរំពេច ។ វាគឺជាអារម្មណ៍ដែលកើតចេញពីក្ដីប្រចណ្ឌ ពីក្ដីស្រឡាញ់ដែល មានលើសលប់ទៅលើគេ ។ អ្នកមិនបានខុស ព្រោះអ្នកខុសគឺជាខ្ញុំ ដែលបណ្ដោយឱ្យអារម្មណ៍ស្រឡាញ់លើសពីមិត្តកើតឡើង ។ ព្រោះអំពើល្អ ព្រោះការយកចិត្តទុកដាក់ ព្រោះភាពស្និទ្ធស្នាល ដែលអ្នកផ្ដល់ឱ្យខ្ញុំ ធ្វើឱ្យបេះដូងមួយនេះ វាទទួលភាពកក់ក្ដៅ ហើយចង់ឱ្យអ្នកក្លាយជាម្ចាស់កម្មសិទ្ធិ បេះដូងមួយនេះ ។
កាន់តែនៅក្បែរអ្នកខ្ញុំកាន់តែឈឺចាប់ ឈឺចាប់ព្រោះក្ដីស្រឡាញ់ដែលមានតែមិនអាចបង្ហាញនេះហើយ ។ មិនអាចហាមឃាត់ការស្រឡាញ់ ការប្រច័ណ្ឌ ការបារម្ភ ការហួងហែង ទើបពេលខ្លះខ្ញុំហាក់ដូចជា បង្ហាញកាយវិការ ការយកចិត្តទុកដាក់ខ្លាំង លើសពីមិត្ត។ ខ្ញុំសុំទោសដែលហួងហែងអ្នក ទាំងភ្លេចគិត ថាខ្លួនឯងគ្មានឋានៈអី គ្មានតួនាទីអី ដឹងរឿងគ្រប់បែបយ៉ាងនោះទេ ។ ខ្ញុំមិនអាចឃាត់អ្នក មិនឱ្យស្រឡាញ់អ្នកណា មិនអាចឃាត់អ្នកមិនឱ្យណាត់ជាមួយអ្នកផ្សេង ព្រោះខ្ញុំមានឋានៈគ្រាន់ជាមិត្ត មិនខុសពីមិត្តរបស់អ្នកផ្សេងទៀត ។
ដល់ដំណាក់កាលនេះ ប្រហែលយើងមិនអាចបន្តជាមិត្តបានទៀតទេ ខ្ញុំសុំទោសដែលខ្ញុំចាកចោលអ្នក ដោយគ្មានហេតុផល ព្រោះខ្ញុំមិនអាចប្រឈមនឹងអ្នក ព្រោះខ្ញុំមិនចង់ឱ្យក្ដីស្រឡាញ់មួយនេះ វាកាន់តែ ជ្រាលជ្រៅ ព្រោះខ្ញុំដឹងថា អ្នកប្រាកដជាមានមនុស្សដែលអ្នកស្រឡាញ់ ហើយរវាងខ្ញុំ និងអ្នក ប្រហែល គ្មានផ្លូវអាចទៅរួចឡើយ ។ អរគុណគ្រប់យ៉ាង អរគុណដែលកំដរខ្ញុំកន្លងមក អរគុណស្នាមញញឹម ដែលផ្ដល់ឱ្យកន្លងមក ហើយខ្ញុំសុំទោសដែលមិនអាចបន្តជាមិត្តរបស់អ្នកបន្តទៀតបាន ។ សុំទោស !!