ឈប់ឱបក្រសោបមនុស្សដែលគេអស់ចិត្ត ទោះខំធ្វើល្អ ១០០០ ដងក៏គ្មានប្រយោជន៍
ព្យាយាមឱបក្រសោបមនុស្សដែលគេអស់ចិត្ត ប្រៀបដូចកំពុងបំផ្លាញស្នាមញញឹម ក្ដីសុខរបស់ខ្លួនឯង ទម្លាក់សំពាយជីវិតនេះចេញ ហើយដោះលែងឱ្យគេទៅ ដើម្បីក្ដីសុខរបស់អ្នកទាំងពីរ...!!
កុំគិតថាស្នេហាវាធំជាងអ្វីៗទាំងអស់ក្នុងជីវិតអ្នក កុំបណ្ដោយឱ្យខ្លួនឯងក្លាយជាទាសករស្នេហា កុំបន្ទាបតម្លៃខ្លួនឯងព្រោះតែចង់មានគេនៅក្បែរ ។ នៅពេលដែលគេម្នាក់នោះស្រលាញ់អ្នកខ្លាំង គេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីរក្សាស្នេហាមួយនេះ ហើយតបស្នងក្ដីស្រលាញ់មកឱ្យអ្នកវិញ លើសពីអ្នកផ្ដល់ឱ្យគេទៅទៀត ។ ប្រសិនបើគេម្នាក់នោះស្រលាញ់អ្នកបានត្រឹមតែមាត់ នោះអ្នកនឹងគ្មានទទួលបានអ្វីដែលជាក្ដីសុខពិតប្រាកដពីគេឡើយ ។ ក្នុងទំនាក់ទំនងស្នេហា ពេលដែលអ្នកស្រលាញ់គេខ្លាំងពេក ភាពហួងហែង ភាពចង់ដឹង ភាពចង់ក្លាយជាម្ចាស់កម្មសិទ្ធិនឹងលេចចេញមកឯងៗ ព្រោះតែអ្នកខ្លាចបាត់បង់គេ ។ ដល់ដំណាក់កាលនេះ អ្នកនឹងក្លាយជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំង ហើយក៏ហត់នឿយខ្លាំងនឹងស្នេហាមួយនេះ ។
ការហួងហែង ការបារម្ភ ការខំថែរក្សាស្នេហាមួយនេះរបស់អ្នកនៅតែបរាជ័យ នៅពេលដែលគេចាប់ផ្ដើមអស់ចិត្តពីអ្នក ។ សំណួរមួយលេចឡើងក្នុងខួរក្បាលរបស់អ្នកគឺ «ហេតុអ្វីខ្ញុំល្អប៉ុននេះហើយ នៅតែមិនអាចធ្វើឱ្យគេស្រលាញ់ដូចដើម» ? ចម្លើយគឺមនុស្សអស់ចិត្ត ។ នៅពេលគេចាប់ផ្ដើមអស់ចិត្តពីអ្នក រាល់ចំណុចល្អរបស់អ្នក ដែលធ្លាប់ធ្វើឱ្យបេះដូងគេជ្រួលច្របល់ ធ្លាប់រំភើបអ្វីដែលអ្នកមានក៏ប្រែក្លាយជាគ្មានន័យអ្វីទាំងអស់ ។
ចុះហេតុអ្វីបានគេអស់ចិត្តពីអ្នក ? អាចមកពីផ្ដើមស្រលាញ់អ្នកដំបូងជាអារម្មណ៍មួយឆាវរបស់គេ ដោយមិនបានប្រើក្ដីស្រលាញ់ចេញពីបេះដូង មនោសញ្ចេតនាពិតប្រាកដរបស់គេឡើយ ។ អាចមកពីគេគ្មានចំណងឧបនិស្ស័យនឹងអ្នក ហើយគេចាប់ផ្ដើមបង្កើតស្នេហានេះជាមួយអ្នកទាំងមិនច្បាស់លាស់ ទាំងគ្មានបំណងគិតដល់រឿងអនាគត ។ ស្នេហារបស់អ្នកចាប់ផ្ដើមសោះកក្រោះនៅពេលដែលគេម្នាក់នោះ ចាប់ផ្ដើមអស់ចិត្ត មនោសញ្ចេតនា ក្ដីស្រលាញ់លើអ្នក ចាប់ផ្ដើមរលាយទៅ ។
ដល់ដំណាក់កាលនេះ អ្នកព្យាយាមលែងមានន័យ លែងមានប្រយោជន៍ទៀតហើយ ។ ទោះអ្នកព្យាយាមធ្វើគ្រប់បែបយ៉ាងក៏មិនអាចរក្សាគេទុក អ្នកកាន់តែព្យាយាមឱបក្រសោប គេកាន់តែចង់ចាកចេញពីអ្នក ហើយគេកាន់តែហត់នឿយ កាន់តែធុញទ្រាន់នឹងទង្វើល្អរបស់អ្នកទៅវិញ ។ បែបនេះ តើអ្នកព្យាយាមឱបក្រសោបគេទៀតដើម្បីអ្វី ? គេក៏គ្មានសេចក្ដីសុខ ចំណែកឯអ្នកក៏កាន់តែហត់នឿយ បានត្រឹមបង់ចិត្ត ខាតពេលវេលាចោលទទេៗ ។
ចុងក្រោយអ្នកត្រូវទទួលស្គាល់ការពិតថា គេមិនបានស្រលាញ់អ្នកដោយចេញពីអារម្មណ៍ មនោសញ្ចេតនាពិតប្រាកដរបស់គេនោះទេ ។ ដល់ពេលដែលអ្នកដោះលែងឱ្យគេទៅ ហើយកុំគិតថា អ្នកបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងជីវិត តែត្រូវគិតថា អ្នកបានទម្លាក់ចោលសំពាយដ៏ធ្ងន់មួយ ដែលគ្មានប្រយោជន៍ ហើយជាពេលដែលអ្នកគួររកក្ដីសុខ លាងសម្អាតទឹកភ្នែក ស្លាកស្នាមឈឺចាប់ទាំងនោះចោលឱ្យអស់ និង ចាប់ផ្ដើមជាមនុស្សថ្មីម្នាក់ទៀត ៕
អត្ថបទ ៖ រាជ