ធ្លាប់អត់? សង្សារយើងប្រាប់ថា កុំឱ្យស្រឡាញ់គេខ្លាំងពេក នាំតែពិបាកខ្លួនឯងទេ
ពាក្យថា គូស្នេហ៍ ឬ សង្សារ គឺកើតចេញពីមនុស្សពីរនាក់មានចិត្តលើគ្នា ស្រឡាញ់គ្នា ហើយគិតថាម្នាក់នឹងហើយដែលយើងយល់ព្រមអនុញ្ញាតឱ្យគេក្លាយជាចំណែកមួយក្នុងបេះដូងយើង ។ ចំពោះខ្ញុំពេលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ ខ្ញុំអត់ដឹងថា ហាមខ្លួនឯងមិនឱ្យស្រឡាញ់ខ្លាំងយ៉ាងម៉េចកើតទេ ព្រោះពាក្យថាស្រឡាញ់មួយម៉ាត់វាជ្រាលជ្រៅខ្លាំងណាស់ សឹងតែគ្រប់ដង្ហើមចេញចូលនឹកឃើញតែគេម្នាក់នឹង ។
ស្នេហាមួយតែកាលណាយើងក្លាយជាអ្នកដែលស្រឡាញ់គេខ្លាំងជាងគេស្រឡាញ់យើង នោះយើងនឹងក្លាយជាអ្នកដែលរត់តាមស្នេហានោះ ។ ជាការពិតខ្ញុំស្រាប់តែផ្លាស់ប្ដូរពីមនុស្សដែលស្រឡាញ់ខ្លួនឯងខ្លាំង តែងរស់នៅបែបឯករាជ្យមិនដែលខ្វល់ពីអ្នកណាសោះ ស្រាប់តែក្លាយជាមនុស្សចេះទ្រ លែងចេះប្រកែក លែងចេះជំទាស់ តែងចុចប៊ូតុង «OK» សម្រាប់គេម្នាក់នោះ រហូតស្ទើរតែលែងមានតម្លៃខ្លួនឯង ។
កាន់តែយូរទៅខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគឺជាអ្នកដែលហួងហែងការពារស្នេហានេះខ្លាំង មិនចង់ឱ្យស្នេហាមួយនេះដើរដល់ផ្លូវបញ្ចប់ តែយូរទៅខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ហត់នឿយ ព្រោះមានតែខ្លួនឯងដែលយកចិត្តទុកដាក់លើរឿងនេះខ្លាំង ។ ហេតុអ្វីយើងមិនបញ្ចប់ទៅ ខំរត់តាមស្នេហាមួយនេះធ្វើអីទៀត តែខ្ញុំពិតជាមិនចង់បាត់បង់គេ មិនចង់ឱ្យយើងក្លាយជាអ្នកដទៃវិញទាំងបែបនេះ តែសួរថាខ្ញុំហត់ទេ គឺហត់ណាស់ តែក៏យល់ព្រមបន្ទាបតម្លៃខ្លួនឯង ព្រមធ្វើល្ងង់ ព្រមធ្វើថោក ដើម្បីគ្រាន់តែចង់រក្សានាមជាគូស្នេហ៍របស់គេម្នាក់នោះ ។
គេធ្លាប់ប្រាប់ខ្ញុំថា «កុំស្រឡាញ់គេខ្លាំងពេក នាំតែពិបាកខ្លួនឯងទេ ត្រូវស្រឡាញ់ខ្លួនឯងឱ្យច្រើន កុំធ្វើឱ្យគេមានកំហុស ព្រោះធ្វើឱ្យមនុស្សម្នាក់ត្រូវមកយំ ត្រូវមកខូចចិត្តដោយសារគេ» ។ ខ្ញុំធ្លាប់ព្យាយាមធ្វើតាមគេ គឺកាត់បន្ថយការជួប កាត់បន្ថយការផ្ញើសារ តែធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែឯកា មានអារម្មណ៍កាន់តែឆ្ងាយគ្នា ដូចអ្នកដទៃដែលគ្មានជាអ្វីនឹងគ្នា ។
ទីបំផុតខ្ញុំគិតឡើងវិញ តើខ្ញុំធ្វើឱ្យខ្លួនឯកថោកទាបដល់ណា ព្រោះគេមិនបានស្រឡាញ់យើងដូចដែលយើងស្រឡាញ់គេទេ តាមពិតគេស្រឡាញ់ដែរតែស្រឡាញ់នៅស្ទាក់ស្ទើរ ខ្ញុំមិនមែនជាមនុស្សដែលគេគិតច្បាស់លាស់ជាមួយទេ ។ ចុងក្រោយខ្ញុំបានបញ្ចប់ស្នេហាមួយនេះ ខ្ញុំលែងត្រូវការពាក្យថាសង្សារ ដែលមានតែឈ្មោះនេះទៀតហើយ វាដល់ពេលដែលយើងត្រូវចេះស្រឡាញ់ខ្លួនឯង ទោះបីពេលនេះ យើងមិនមែនជាមនុស្សសំខាន់សម្រាប់គេម្នាក់នោះ តែយើងនឹងក្លាយជាមនុស្សដែលសំខាន់សម្រាប់នរណាម្នាក់មិនខាន ៕