នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានជូនដំណឹងឱ្យបានដឹងថា ក្រុមការងារនឹងរៀបចំកម្មវិធីពិសេស Solidarity March ពិធីព្យុហយាត្រាសាមគ្គីភាព ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និង ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។
កម្មវិធីនេះ នឹងប្រារព្ធឡើងនៅវេលាម៉ោង ០៦:០០ ព្រឹក ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ខណៈប្រជាពលរដ្ឋខ្មែរទាំងអស់អាចចួលរួមដោយសេរី ដោយជួបជុំនៅមុខសាលមហោស្រពកោះពេជ្រ រួចធ្វើដំណើរថ្មើរជើងឆ្ពោះទៅកាន់វិមានឯករាជ្យ។
គួរឱ្យដឹងផងដែរថា ពិធីព្យុហយាត្រាសាមគ្គីភាព ធ្វើឡើងដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និង យុវជនកម្ពុជា ក្នុងក្របខ័ណ្ឌខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និង ច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕