បន្ទាប់ពីបានដាក់ឱ្យដំណើរការក្នុងរយៈពេល ១ សប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាទៅទស្សនា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា ដែលធ្វើឱ្យសភាពនៅតាមផ្លូវចូល និង ក្នុងអាកាសយានដ្ឋានថ្មីនេះ មានសភាពអ៊ូអរ។
ក្នុងនោះផងដែរ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអំពាវនាវដល់សាធារណជន ដែលចង់ចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា សូមរក្សាសណ្តាប់ធ្នាប់ ដើម្បីជៀសវាងបង្កការប៉ះពាល់ដល់អ្នកដំណើរទៅក្រៅប្រទេស ខណៈចំណតយានយន្តគ្រប់ប្រភេទនៅអាកាសយានដ្ឋានថ្មីនេះ នឹងត្រូវគិតថ្លៃចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះតទៅ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា នេះតទៅ ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងគិតប្រាក់ទៅតាមម៉ោងកំណត់។ គួរឱ្យដឹងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ដោយអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និង មិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទពេញមួយសប្ដាហ៍ ត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥៕
ប្រភព ៖ Fresh News