ប្រាក់ខែ ៥០០ ដុល្លារឡើង បើទ្រាំមិនចាយលើ ៥ យ៉ាងនេះបាន ដឹងតែសល់កប់ក្ដោង
គ្មាននរណាម្នាក់ដែលថាមិនចង់សល់លុយនោះទេ តែមកពីគ្រប់គ្រងប្រាក់ចំណូលមិនបានល្អ ទើបអ្នកខ្លះមានប្រាក់ខែច្រើនប៉ុនណាក៏មិនដែលសល់ ។ ខាងក្រោមនេះ ជាការចំណាយមិនសូវសំខាន់ទាំង ៥ យ៉ាង ទើបធ្វើឲ្យអ្នកមិនងាយនឹងសល់លុយ ប្រសិនបើមិនចាយលើរឿងទាំងនេះបានល្អបំផុត ។
១. កុំទិញរបស់ណាដែលថ្លៃហួសហេតុទោះមានលទ្ធភាពក៏ដោយ
ត្រង់ចំណុចនេះមានន័យថា ទោះបីជាមានប្រាក់ខែច្រើនគួរសម អាចមានលទ្ធភាពដែលអាចទិញរបស់ដែលថ្លៃបានក៏មិនមែនមានន័យថា យើងសល់លុយចាយលែងអស់ឡើយ គ្រាន់តែថាសុខចិត្តមិនទុកលុយឲ្យតែបានរបស់នោះប៉ុណ្ណោះ ។ ដូច្នេះបើកាន់តែមានលទ្ធភាព គឺកាន់តែមានឱកាសសន្សំលុយ កុំយកលុយដែលប្រុងនឹងសល់ទៅចំណាយអ្វីដែលលើសពីសមត្ថភាព ប្រសិនបើយើងពិតជាចង់សល់លុយមែន ។
២. កាត់បន្ថយការជួបជុំជាមួយមនុស្សចូលចិត្តចាយធំ
ការសេពគប់មិត្តភក្ដិ គឺកើតចេញពីចិត្តមិនគិតមាន ឬ ក្រ ឡើយ តែសូមកុំព្យាយាមរាប់អានបុគ្គលដែលមានទ្រព្យច្រើនហូហៀរព្រោះតែចង់ហ៊ឺហាដូចគេឲ្យសោះ ។ អ្នកមានខ្លាំងមានលុយចាយលែងអស់ ទោះមួយថ្ងៃចង់ចំណាយប៉ុន្មានក៏មិនជាបញ្ហា តែអ្នកដែលមានលុយតិចតួចខំប្រឹងចាយធំឯណេះទេ ទើបជាបញ្ហា ។ ស៊ូចាយលុយសមល្មមតាមលទ្ធភាព ដើម្បីមានលុយកាក់សល់ខ្លះ ប្រសើរជាងចាយធំរាល់ថ្ងៃ តែចុងខែរកតែមីកញ្ចប់មិនចង់បាន ។
៣. ការចាយបង្ហូរទៅតាមអារម្មណ៍
អ្នកដែលសល់ គឺជាអ្នកដែលមានផែនការចាយវាយប្រចាំថ្ងៃដ៏ច្បាស់លាស់ ។ ចំណែកអ្នកដែលមិនសល់លុយទោះប្រាក់ខែច្រើនយ៉ាងណានោះ គឺអាចមកពីចំណុចនេះ ។ បើចាយទៅតាមអារម្មណ៍ ជួនកាលវាមិនសំខាន់នោះទេ ចាយក៏បានមិនចាយក៏បាន តែមកពីមានលុយក្នុងដៃ និង អារម្មណ៍បញ្ជាថាចង់បានផងក៏ទិញភ្លាមដោយមិនគិតពិចារណាឡើយ ស្រាប់តែទិញហើយនឹកស្ដាយក្រោយថា បើមិនទិញក៏មិនអី ។ ដូច្នេះមុនចាយត្រូវសួរខ្លួនឯងសិនថា តើវាពិតជាតម្រូវការចាំបាច់ដែរទេ? ត្រូវសួរខ្លួនឯងគ្រប់ពេលប្រសិនបើអ្នកពិតជាចង់សល់លុយមែន ។
៤. កុំចំណាយលើការប៉ាវអ្នកដទៃទោះមានលុយប៉ុនណាក៏ដោយ
និយាយពីការជួបជុំញ៉ាំអាហារជុំគ្នា ការចេញលុយស្មើគ្នា គឺជាជម្រើសដ៏ល្អបំផុត ដើម្បីរាប់អានគ្នាបានយូរ ។ កុំទម្លាប់ចេញលុយឲ្យអ្នកណា ទោះស្និទ្ធស្នាលនឹងគ្នាប៉ុណ្ណាក៏ដោយ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ ។ ការចេញលុយឲ្យអ្នកដទៃអាចធ្វើឲ្យក្លាយជាទម្លាប់ ដែលលើកក្រោយៗបើមានការញាំអីជុំគ្នាទៀត គេអាចនឹងអាងយើង ហើយបើសិនជាយើងបែរជាលែងចេញវិញ គឺទៅជាអាក្រក់ ។ ម្យ៉ាងទៀតក៏អាចទុកលុយសម្រាប់ប៉ាវអ្នកដទៃនោះ មកជាលុយសន្សំវិញ ។
៥. កុំទម្លាប់ឃើញលុយចុងខែសល់ច្រើនបែរជាខំចាយឲ្យអស់
បើសិនជាចុងខែសល់លុយ គឺជាឱកាសដ៏ល្អបំផុតហើយ ដែលយើងអាចយកលុយទាំងនេះមកសន្សំបាន ។ អ្នកខ្លះឃើញសល់លុយចុងខែបែរជាខំចាយឲ្យអស់ ព្រោះអាងជិតបើកប្រាក់ខែ ។ ដូច្នេះសួរថា ខំសន្សំតាំងពីដើមខែមកមានន័យអ្វី ? មិនថាលុយនោះតិច ឬ ច្រើនគួរតែទុកទៅ ដើម្បីគៀងគរចូលក្នុងកូនជ្រូក ៕