វិបត្តិសេដ្ឋកិច្ច! ចង់ឈរជើងនឹងនៅក្រុមហ៊ុន ត្រូវចេះបាលីការពារខ្លួន ៥ នេះ ហើយអនុវត្តន៍ផងទើបមានប្រសិទ្ធភាព
បច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ចបានកំពុងវាយលុកធ្ងន់ធ្ងរ ក្រុមហ៊ុនជាច្រើនបានកំពុងជួបបញ្ហាហិរញ្ញវត្ថុ ដែលតម្រូវគិតគូរឡើងវិញទៅលើធនធាន និងខ្ទង់ចំណាយ។ ជាក់ស្តែង ក្រុមហ៊ុនមួយចំនួនបានព្យាយាមរកវិធីដោះស្រាយ ដោយធ្វើយ៉ាងណាឱ្យការចំណាយ និងចំណូលហោចណាស់អាចត្រឹមឈរជើងបាននៅលើទីផ្សារ ដូចជាករណីកាត់ជម្រុះបុគ្គលិកចេញជាដើម។ សម្រាប់បុគ្គលិក ស្ថិតក្នុងស្ថានភាពនេះ បើមិនចង់របេះចេញពីក្រុមហ៊ុន អ្នកគួរយកចិត្តទុកដាក់ពង្រឹងទៅលើ ៥ ចំណុចនៅខាងក្រោម ដែលនេះចាត់ទុកជាបាលីការពារខ្លួនមួយដ៏ស័ក្តិសិទ្ធិ ៖
១. បង្កើនសមត្ថភាពធ្វើការទ្វេដង
អ្វីៗត្រូវតែអភិវឌ្ឍន៍ទៅមុខជានិច្ច។ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបាន អ្នកត្រូវចេះបត់បែនទៅតាមភាពជឿនលឿន ដូចជាការប្រើប្រាស់បច្ចេកវិទ្យាមកពន្លឿនការងារឱ្យកាន់តែរហ័សជាងមុន និងមានប្រសិទ្ធភាពជាងមុន។ ឧទាហរណ៍ ដូចជាការប្រើបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិតមកសម្រួលនៅក្នុងការងារ។
២. ស្វែងរកអតិថិជនបន្ថែម
អតិថិជនចាស់ក៏នៅ អតិថិជនថ្មីក៏ត្រូវរកបន្ថែម។ ត្រូវរិះរកវិធីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនថ្មីៗ ដោយមិនត្រឹមតែតាមរយៈប្រព័ន្ធអនឡាញ តែថែមទាំងនៅខាងក្រៅផងដែរ។ ដូចជាការចូលរួមកម្មវិធីតាំងពិព័រណ៍ ឬកម្មវិធីជួបជុំអ្នកជំនួញឬអាជីវករជាដើម។ អ្នកក៏អាចស្វែងរកព្រឹត្តិការណ៍ដែលនឹងកើតឡើងប្រចាំសប្តាហ៍ឬប្រចាំខែ ដែលគេបង្កើតឡើងនៅលើបណ្តាញសង្គម។ ក្រុមហ៊ុនខ្លះ សុខចិត្តចំណាយលុយឱ្យបុគ្គលិកទិញសំបុត្រចូលរួម ដោយសារកម្មវិធីមួយចំនួនប្រជុំទៅដោយអតិថិជនគោលដៅធំៗ។
៣. បង្កើតវិធីដែលអាចទាញចំណូល
មនុស្សសម័យនេះចូលចិត្តអ្វីដែលថ្មីហើយប្លែកជានិច្ច។ ការបង្កើតគំនិតច្នៃប្រតិដ្ឋសម្រាប់ការធ្វើទីផ្សារ រមែងតែជាចំណីអារម្មណ៍របស់អតិថិជន។ ដូច្នេះត្រូវស្វែងយល់អំពីទំនោរនិយមរបស់មនុស្សសម័យទំនើប ហើយបង្កើតគំនិតច្នៃប្រតិដ្ឋឱ្យបានច្រើន មិនថាទៅលើសេវាកម្ម ឬ ផលិតផល ត្រូវមានការផ្លាស់ប្តូរថ្មី អាចជាទំនើបកម្ម រូបរាង រូបមន្ត ឬ មានអ្វីដែលពិសេសជាងសព្វដង។
៤. អាចធ្វើការបានច្រើនជំនាញ
មនុស្សចេះច្រើនជំនាញតែងមានឱកាសច្រើន។ ត្រូវរៀនសូត្រជំនាញថ្មីៗ អាចជាជំនាញពាក់ព័ន្ធនឹងការងារដែលកំពុងធ្វើ ឬ ជំនាញដែលគេកំពុងត្រូវការ។ ការចេះច្រើនជំនាញអាចបង្ហាញពីភាពឆ្លាតវៃ និង មានសមត្ថភាពខ្ពស់។ ក្រុមហ៊ុនកម្រចោលណាស់អ្នកដែលចេះធ្វើច្រើនមុខក្នុងពេលតែមួយ។
៥. ស្មោះត្រង់ គោរពតួនាទី និង មានសុជីវធម៌ល្អ
ជាផ្នែកមួយសំខាន់នៅក្នុងសង្គមការងារសព្វថ្ងៃ។ មិនថាពូកែប៉ុនណា បើគ្មានភាពស្មោះត្រង់ មិនគោរពតួនាទី និង គ្មានសុជីវធម៌ ក្រុមហ៊ុននឹងមិនទុកទៀតនោះឡើយ។ បើទុកនាំតែបង្កភាពមិនល្អចំពោះក្រុមហ៊ុនដូចជា ជាគំរូអាក្រក់ដល់បុគ្គលិកដទៃ បង្កភាពចម្រូងចម្រាសនៅក្នុងក្រុមហ៊ុន នាំឱ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនធ្លាក់ចុះ និង ឆ្ពោះទៅរកភាពវិនាស៕