ទោះស្និទ្ធគ្នាប៉ុនណាក៏ដោយ តែ ៣ សំណួរនេះបើចៀសបានកុំសួរដាច់ខាត បើមិនចង់ល្អក់កករមើលមុខគ្នាលែងចំ
ការរាប់អាន ថ្វីដ្បិតតែស្មោះអស់ពីដួងចិត្តនឹងគ្នាក៏ដោយ តែវាគង់នឹងអាចឃ្លាតចាកឆ្ងាយ ល្អក់កករបន្តិចម្ដងៗ ប្រសិនបើអ្នកភ្លេចខ្លួនប្រើប្រាស់ពាក្យសម្ដី ឬ សំណួរដែលសួរទៅកាន់អ្នករាប់អាន ដោយពុំបានយល់ពីអារម្មណ៍របស់គេ ដែលអាចនាំឱ្យមានភាពរកាំរកូស ឬ ទៅជាមិនចុះសម្រុង ជាដើម។
ថ្ងៃនេះផងដែរ យើងសូមលើកយកនូវសំណួរចំនួន ៣ ដែលលោកអ្នកពុំគួរសួរនោះឡើយ មិនថាទៅកាន់ភ្ញៀវ អ្នករាប់អានក្នុងសង្គម មិត្តភក្តិ ឬ សាច់ញាតិនោះទេ ដោយសារតែវាហាក់ដូចជាពុំសូវមានសីលធម៌ និង មុជចូលជ្រៅទៅកាន់ឯកជនភាពរបស់គេ ដែលសំណួរទាំងនោះមានដូចជា ៖
១. ប្រាក់ចំណូលប៉ុន្មាន?
ជាការពិតណាស់ មិនថាប្រាក់ខែបានពីការងារក៏ដោយ ឬ ប្រាក់ចំណូលចំណេញបានពីការរកស៊ីក៏ដោយ អ្នកមិនគួរសួរមនុស្សដែលអ្នករាប់អាននោះឡើយ ដោយសារតែវាជាសំនួរមិនសមរម្យ ជីកកកាយឯកជនភាពរបស់គេ ដែលនាំឱ្យមានការប្រៀបធៀប វាយតម្លៃ ឬ ចម្អែចម្អន់ ដែលនាំឱ្យកើតទៅជាបញ្ហាបាន។ ដូច្នេះហើយ បើចង់រក្សាតម្លៃខ្លួនឯង និង ចំណងមិត្តភាព អ្នកមិនគួរសួរសំនួរមួយនេះឡើយ។
២. របស់ដែលបានទិញ កំពុងមាន និង កំពុងប្រើប្រាស់ បង់រំលួសឬទិញដាច់?
បើអ្នកដឹង ឬ មិនបានដឹងនូវចម្លើយមួយនេះ គឺអ្នកមិនគួរសំណួរនេះឡើយ មិនថាផ្ទះ រថយន្ត ទូរស័ព្ទ វាគឺជាជម្រើសចក្ខុវិស័យរបស់គេ ជារឿងឯកជនរបស់គេ អ្នកមិនគួរសំណួរមួយនេះទៅកាន់សាច់ញាតិ ឬ អ្នករាប់អានឡើយ ហើយអ្នកគួរតែជំនួសមកវិញ ដោយការចេះអបអរសាទរ និង ស្ងើចសរសើរ ដែលគេមានលទ្ធភាពប្រើប្រាស់និងកាន់កាប់របស់ទាំងនោះ មិនថាក្នុងលក្ខខណ្ឌមួយណា។
៣. ពេលណាមានដៃគូរ? ពេលណារៀបការ? ពេលណាយកកូន?
សំណួរទាំង ៣ នេះ គឺជារឿងដែលពាក់ព័ន្ធទៅនឹងការសម្រេចចិត្តដ៏វែងឆ្ងាយរបស់សាម៉ីខ្លួន និង ពុំអាចឆ្លើយតែមួយម៉ាត់ប្រាប់អ្នកឱ្យអស់សេចក្ដីបាននោះឡើយ ត្បិតថាអ្នកក៏មិនត្រូវសួរសំណួរទាំងនេះផងដែរ ដោយសារវាជារឿងឯកជនរបស់គេ។ បើចង់ដឹងរឿងទាំងនេះ រង់ចាំដល់ថ្ងៃដែលគេមានដៃគូរគេអញ្ជើញអ្នកជប់លៀង ដល់ថ្ងៃគេរៀបអាពាហ៍ពិពាហ៍គអញ្ជើញអ្នកចូលរួម និង ដល់ថ្ងៃគេមានបុត្រគេអញ្ជើញអ្នកបង្កក់កូន ធ្វើបែបនេះទើបទំនាក់ទំនងរបស់អ្នក កាន់តែរលូនល្អមិនមានភាពរកាំរកូស ដោយសារតែសំនួរដែលអ្នកមិនត្រូវសួរ៕