ប្រុសៗចូលវ័យ ៣០ ឆ្នាំ បើកុំទាន់ជ្រួលចង់បានប្រពន្ធក៏មិនទាន់ហួសពេលដែរ អាចទុកពេលឱ្យខ្លួនមានប៉ុន្មានយ៉ាងនេះសិនកាន់តែល្អ
មនុស្សប្រុស មុន និង ក្រោយរៀបអាពាហ៍ពិពាហ៍ អាចនិយាយបានថាប្រែប្រួលខុសគ្នាសឹងតែដាច់ស្រឡះ នោះគឺដោយសារតែក្រោយរៀបអាពាហ៍ពិពាហ៍ អ្នកនឹងក្លាយទៅជាមេគ្រួសារ និង ជាបង្គោលគ្រួសារដ៏រឹងមាំ ខណៈមុននឹងជ្រើសយកគូរជីវិតនេះទៀតសោត អ្នកត្រូវតែជាបុគ្គលដែលបានត្រៀមខ្លួនរួចរាល់គ្រប់យ៉ាងជាស្រេច ដើម្បីប្រាកដថាដៃគូរជីវិតរបស់អ្នកនឹងមិនមករស់នៅជាមួយអ្នកក្នុងភាពលំបាក ឬ ភាពមិនច្បាស់លាស់របស់អ្នក។
ដូច្នេះហើយ ប្រសិនបើអ្នកជាបុរស ហើយចូលដល់អាយុ ៣០ ឆ្នាំ ក៏កុំទាន់ជ្រួលពេកអីក្នុងការរៀបការប្រពន្អ ព្រោះអាយុនេះគិតថាអាននឹងមិនទាន់ហួសពេលទេ ដោយអ្នកអាចយកពេលនេះធ្វើឱ្យខ្លួនមានប៉ុន្មានយ៉ាងនេះសិន កាន់តែល្អមុនសម្រេចការប្រពន្ធ ៖
១. អាយុច្រើនគំនិតចាស់ទុំច្រើន
អាយុកាន់តែកើន ការវិវត្តន៍នៃផ្នត់គំនិតមនុស្សក៏កាន់តែកើនឡើងដូចគ្នា ដូច្នេះហើយការពន្យារពេលបន្តិចបន្តួចគឺពុំមានអ្វីខុសទាស់នោះឡើយ ដើម្បីឱ្យអ្នកប្រាកដចិត្តថា អ្នកមានភាពចាស់ទុំជាងមុន មានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់អាចមើលថែគ្រប់គ្រងគ្រួសាររបស់អ្នកបាន។
២. ការងារនឹងធឹង មានមុខរបរច្បាស់លាស់
ច្បាស់ណាស់ថា អ្នកមានអាយុ ៣០ ឆ្នាំហើយ តែបើសិនជាការងារ ឬ មុខរបររបស់អ្នកពុំទាន់មានស្ថេរភាពគ្រប់គ្រាន់នោះទេ អ្នកគួរតែធ្វើវាឱ្យមានតុល្យភាព ឬ មានការវិវត្តន៍ល្អជាងនេះសិន ចាំសម្រេចចិត្តរៀបការ ដ្បិតថានៅពេលដែលអ្នកជ្រើសរើសដៃគូរចូលមកក្នុងជីវិត អ្នកនឹងមានរឿងរ៉ាវច្រើន បន្ទុកច្រើនទៀតត្រូវដោះស្រាយ ហើយបូកផ្សំនឹងការងារមិននឹងធឹង មុខរបរមិនច្បាស់លាស់ទៀត នោះអ្នកកំពុងតែសាងបញ្ហាឱ្យខ្លួនឯង និង ដៃគូរដែលជាគ្រួសារហើយ។
៣. មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន
ត្រង់នេះមិនសំដៅដល់មានអ្វីៗគ្រប់យ៉ាងទើបគិតគូររៀបការនោះទេ ប៉ុន្តែឈានមកដល់វ័យខ្ទង់នេះ អ្នកគួរតែមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួនសិន មុនសម្រេចចិត្តរៀបការ ព្រោះថាវាបង្ហាញពីភាពជាអ្នកមានទំនួលខុសត្រូវ មានចក្ខុវិស័យច្បាស់លាស់នៅក្នុងជីវិត ព្រោះបើអ្នកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយ ពេលមានគ្រួសារ អ្នកអាចបង្វិលវាជាដើមទុនបង្កើនទ្រព្យ ឬ អាចបង្វិលដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចណាមួយនៅក្នុងគ្រួសារបាន។
៤. មានទំនួលខុសត្រូវខ្ពស់
ដូចក្នុងសៀវភៅចិត្តវិទ្យាមួយចំនួនតែងនិយាយ បុគ្គលដែលមានភាពចាស់ទុំពិតប្រាកដ គឺជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់ មិនមែនជាបុគ្គលដែលមានអាយុច្រើននោះឡើយ ដ្បិតថាមនុស្សខ្លះអាយុតិចតែមានទំនួលខុសត្រូវខ្ពស់ ឯមនុស្សខ្លះទៀតអាយុច្រើន ប៉ុន្តែពុំសូវមានទំនួលខុសត្រូវនោះឡើយ។ ដូច្នេះហើយកុំទាន់គិតថាអ្នកកំពុងតែមានអាយុប៉ុន្មាន តែអ្នកត្រូវគិតថា មុននឹងចាប់ដៃយកគូរជីវិតមករួមរស់ក្នុងដំបូលផ្ទះតែមួយ តើអ្នកមានទំនួលខុសត្រូវខ្ពស់ហើយឫនៅ?