ធ្វើការយូរឆ្នាំហើយ គេអត់ឡើងប្រាក់ខែ អត់ឡើងតួនាទីឱ្យ អ៊ីចឹងកុំឆ្ងល់មកសួរខ្លួនឯង ៣ សំណួរនេះ ដឹងចម្លើយហើយ!
ធ្លាប់គិត និង ឆ្ងល់ឬអត់ថា ហេតុអ្វីបានធ្វើការងារនៅក្រុមហ៊ុនមួយ ឬ ស្ថាប័នមួយយូរឆ្នាំហើយ គេអត់ឡើងប្រាក់ខែឱ្យ ឬ ធ្វើការងារយូរហើយគេអត់ឡើងតួនាទីឱ្យ អ៊ីចឹងបើអ្នកស្ថិតក្នុងស្ថានភាពនេះ អ្នកអាចត្រឡប់មកសួរខ្លួនឯងនូវ ៣ សំណួរនេះ នោះអ្នកអាចនឹងរកចម្លើយឃើញក៏ថាបាន។
១. តើអ្នកជាបុគ្គលមានវិន័យ និង គោរពគោលការណ៍ក្រុមហ៊ុនហើយឬនៅ?
សំណួរមួយនេះចាំបាច់អ្នកត្រូវតែសួរខ្លួនឯងមុនគេ តើអ្នកជាបុគ្គលមានវិន័យ និង គោរពគោលការណ៍ ឬ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនបានល្អហើយឬនៅ? ហើយតើអ្នកជាបុគ្គលគំរូឬនៅ? ពិតណាស់ វិន័យ និង ការគោរពទៅតាមអ្វីដែលក្រុមបានដាក់ចេញ គឺសំខាន់ណាស់ ដែលអ្នកជាបុគ្គលិកត្រូវមាន ព្រោះវាស្តែងឱ្យឃើញពីអក្បកិរិយាល្អសម្រាប់ជាគំរូដល់អ្នកជុំវិញខ្លួន ប៉ុន្តែបើអ្នកធ្វើការយូរ ហើយចំណុចទាំងនេះបែរជាអ្នកមើលរំលងនោះ ច្បាស់ណាស់ជីវិតការងារអ្នកគ្មានថ្ងៃបានឡើងប្រាក់ខែ និង តួនាទីល្អនោះទេ។
២. តើអ្នកជាបុគ្គលមានគុណភាព និង ប្រសិទ្ធភាពហើយឬនៅ?
អ្នកអាចជាមនុស្សម្នាក់មានសមត្ថភាពធ្វើការងារបានរច្រើនមុខ ប៉ុន្តែត្រូវត្រឡប់មកសួរខ្លួនឯងថាតើលទ្ធផលការងាររបស់អ្នកចេញមក ពិតជាមានគុណភាព និង ប្រសិទ្ធភាពឬអត់? ឬមួយក៏ធ្វើការងារច្រើនមុខមែន ប៉ុន្តែធ្វើឱ្យតែរួចៗ ហើយៗ ឱ្យតែបានៗផុតពីដៃ។ ចំណុចនេះគឺសំខាន់ខ្លាំងណាស់ បើអ្នកចាប់យកការងារធ្វើច្រើនមុខ ធ្វើឱ្យគេមើលឃើញថាអ្នករវល់ខ្លាំង ប៉ុន្តែមិនច្បាស់លាស់ការងារណាមួយ ហើយលទ្ធផលចេញមកកាឡេះខេះនោះ ទោះអ្នកធ្វើទាល់សឹកគូទខោទៀត ក៏មិនបានឡើងប្រាក់ខែ និង តួនាទីអីដែរ។
៣. តើអ្នកជាមនុស្សមានទំនួលខុសត្រូវលើការងារហើយឬនៅ?
សំណួរនេះក៏សំខាន់ដែរ ត្រូវដាស់តឿនខ្លួនឯង ហើយសួរខ្លួនឯងជាប្រចាំ។ ពេលមេរបស់អ្នកដាក់ការងារឱ្យធ្វើ តើអ្នកធ្វើបានឬអត់? ហើយតើអ្នកតាំងចិត្តក្នុងការធ្វើវាឬអត់? ឬមួយចាំទាល់តែមេអ្នកតាមសួរនាំ សួរហើយសួរទៀត Check ហើយ Check ទៀត ទើបអ្នកអាចធ្វើការងារមួយហ្នឹងឱ្យគេបាន? ឬមួយមកធ្វើការដកដង្ហើមចាំតែដល់ខែបើកលុយ? បើសិនជាបែបនេះពិតមែន អ្នកគ្មានថ្ងៃនឹងមានអនាគតល្អក្នុងវិស័យការងាររបស់អ្នកនោះទេ។
សរុបមកវិញ បើអ្នកមាន ៣ ចំណុចដែលបានរៀបរាប់នេះ ទោះបីជាអ្នកមានសមត្ថភាពខ្លាំងកម្រិតណាក៏ដោយ ក៏អ្នកអាចនឹងមិនទទួលបានទំនុកចិត្តពីមេរបស់អ្នកក្នុងការឡើងប្រាក់ខែ និង តួនាទីឱ្យនោះទេ។ ដោយឡែក បើអ្នកមិនមានបញ្ហាជាមួយនឹងការលើកឡើង ៣ ចំណុចនេះទេ វាអាចមានកត្តាពាក់ព័ន្ធផ្សេងៗទៀត ដូចជា សមត្ថភាព និង លទ្ធភាពធ្វើការងាររបស់អ្នកនៅមានកម្រិត និង មួយទៀតអាចមកពីស្ថាប័ន ឬ ក្រុមហ៊ុនដែលអ្នកកំពុងបំពេញការងារនោះ គ្មានគោលការណ៍ និង ការលើកទឹកចិត្តបុគ្គលិកសោះតែម្តង៕