កុំរំលង! របរចិញ្ចឹមសត្វ ៣ ប្រភេទ ចំណាយដើមទុនតិច ចិញ្ចឹម ១ ខែជាងចាប់លក់បាន មិនខ្វះអ្នកទិញទេ
បច្ចុប្បន្នបើសិនលោកអ្នកមានដើមទុនតិចតួច តែចង់បង្កើតមុខរបរផ្ទាល់ ហើយមិនដឹងថាត្រូវចាប់មុខរបរអ្វីដើម្បីឱ្យឆាប់ទទួលផលឆាប់នោះ គួរងាកទៅចាប់អារម្មណ៍លើមុខរបរចិញ្ចឹមសត្វ ៣ ប្រភេទនេះ ជឿថាវាពិតជាហុចផលលឿន ចិញ្ចឹមតែ ៤៥ ថ្ងៃ អាចប្រមូលលុយមកដោះស្រាយជីវភាពក្រុមគ្រួសារបានយ៉ាងឆាប់រហ័ស ។
១. របរចិញ្ចឹមចង្រិត
មុខរបរចិញ្ចឹមសត្វចង្រិតនេះ ចំណាយដើមទុនតិចប៉ុណ្ណោះ ហើយនៅពេលចាប់ផ្តើមចិញ្ចឹមក៏ចំណាយពេលឆាប់ដែរ ព្រោះរយៈពេលតែ ៤៥ ថ្ងៃទៅ ៥០ថ្ងៃ ប៉ុណ្ណោះអាចចាប់លក់បានហើយ។ ការដាក់ចិញ្ចឹមថ្ងៃដំបូងចំពោះចំណីកូនចង្រិត ដាក់តែកន្ទក់ខ្មុកលាយជាមួយចំណីកូនមាន់ លុះបានអាយុមួយអាទិត្យ ទើបយើងដាក់ស្លឹកឈើរុក្ខជាតិមួយចំនួនឱ្យកូនចង្រិតស៊ី ដូចជា ស្លឹកចេក ស្លឹកឆៃយ៉ា និង ដើមស្មៅយក្សជាដើម។ លុះដល់ចង្រិតមានអាយុបាន ២៣ ទៅ ២៥ ថ្ងៃ ទើបឈប់ដាក់ចំណីកូនមាន់ហើយ ដាក់តែកន្ទក់ និង ស្លឹករុក្ខជាតិតែប៉ុណ្ណោះ ធ្វើបែបនេះរហូតដល់ ៤៥ ថ្ងៃទៅ ៥០ ថ្ងៃ ទើបចង្រិតអាចចាប់លក់បាន។
ចំពោះការមើលថែវាមិនលំបាកទេ តែចាំបាច់ត្រូវមើលដាក់ទឹកដាក់ចំណីជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចាប់លក់ហើយការចំណាយគឺអស់តែលើកដំបូងទេចំណែក ឧបករណ៍ និង ពូជចង្រិត យើងអាចបានពូជពីចង្រិតដែលយើងកំពុងចិញ្ចឹមយកទៅចិញ្ចឹមបន្ត ព្រោះក្នុងកំឡុងពេល ៤៥ ថ្ងៃ ចង្រិតវាពងពី ២ ទៅ ៣ ដង ដូច្នេះយើងអាចរក្សារទុកកូន និង ពងធ្វើពូជបាន។ ចង្រិតចិញ្ចឹមក្នុង ១ គីឡូក្រាម លក់បានតម្លៃពី ២ ទៅ ៣ ដុល្លារ តែពេលខ្លះអាចលក់បាន រហូតដល់ ៤ ដុល្លារ អាស្រ័យលើតម្លៃហាងឆេងទីផ្សារ។
២. របរចិញ្ចឹមកង្កែប
ការចិញ្ចឹមសត្វកង្កែបក៏ឆាប់ទទួលបានផលដែរ ព្រោះវាប្រើរយៈពេលត្រឹមតែ ៤៥ ថ្ងៃប៉ុណ្ណោះអាចចាប់លក់បានហើយ តែបើចង់ទុកពូជបង្កាត់ត្រូវចិញ្ចឹមរយៈ ១ ឆ្នាំ ទើបយកទៅបង្កាត់បាន ក្នុងនោះកង្កែបមេ ១ ក្បាលមានកូនដល់ទៅរាប់ពាន់ក្បាល។ គេចិញ្ចឹមកង្កែបដើម្បីយកសាច់ និង យកកូនលក់ ដោយកង្កែបសាច់ក្នុងមួយគីឡូក្រាមលក់បានតម្លៃជាង ១ ម៉ឺនរៀល និង លាត់ស្បែកហើយលក់បានជិត ២ ម៉ឺនរៀលក្នុង ១ គីឡូក្រាម។ ចំណែកកូនវិញ ក្នុងមួយក្បាលអាចលក់តម្លៃ ២០០ រៀល ទៅ ៣០០ រៀលតាមទំហំតូច ឬ ធំ។
៣. របរចិញ្ចឹមសត្វក្រួច
ការចិញ្ចឹមសត្វក្រួចឆាប់ទទួលបានផលដូចគ្នា ដោយចិញ្ចឹមតែ ៣៥ ថ្ងៃ អាចចាប់លក់បាន និង ទុកដល់ ៤៥ ថ្ងៃក្រួចនឹងមានពង។ សត្វក្រួចងាយស្រួលលក់ចេញនៅតាមទីផ្សារនានា ដែលភាគច្រើនគេយកទៅអាំងលក់នៅតាមដងផ្លូវ និង លក់នៅតាមបណ្តាភោជនីយដ្ឋានផ្សេងៗទៀត។ សត្វក្រួចគេអាចលក់បានជាសាច់សម្រាប់ធ្វើជាម្ហុបអាហារ លក់ជាពងសម្រាប់គេយកទៅស្ងោរហូប ឬ យកទៅភ្ញាស់ និង លក់ជាកូនសម្រាប់ឱ្យគេយកទៅចិញ្ចឹមបន្ត។ សាច់ក្រួចក្នុង ១ ក្បាលលក់តម្លៃពី ៣៥០០ ទៅ ៧០០០ រៀលតាមតូចតាមធំ។ កូនក្រួចសម្រាប់យកទៅចិញ្ចឹមតម្លៃពី ៨០០ រៀលទៅ ២០០០ រៀល ទៅតាមអាយុរបស់វា និង ពងសម្រាប់ភ្ញាស់ ១ គ្រាប់ ២៥០ រៀល៕