ប្រឹងរកលុយបានច្រើនប៉ុនណា តែបើខ្វះ ៧ យ៉ាងនេះ ជីវិតស្មើ ០ កើតមកដូចឆាចោល
អ្នកអាចគិតថាលុយជាអ្វីៗទាំងអស់ លុយអាចទិញអ្វីៗគ្រប់យ៉ាង តែបើអ្នកមានតែលុយ ហើយគ្មានរបស់សំខាន់ប៉ុន្មានចំណុចនេះ ជីវិតរបស់អ្នកក៏គ្មានន័យអ្វីទៀតដែរ។ ខាងក្រោមនេះជា ៧ យ៉ាងដែលអ្នកមិនគួរមើលរំលង ៖
១. គ្រួសារ
អ្វីៗទាំងអស់នៅលើពិភពលោក មិនអាចប្រៀបស្មើនឹងគ្រួសារឡើយ។ គ្រួសារអាចផ្តល់នូវសុភមង្គល និង ភាពកក់ក្តៅ។ អ្នកមិនអាចយកលុយទិញគ្រួសារ ឬ សាច់ញាតិបងប្អូននោះទេ។ ដូចនេះគួរចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន និង បង្កើតអនុស្សាវរីយ៍ល្អៗចាប់ពីពេលនេះ។
២. មិត្តភក្តិ
មិត្តភក្តិក៏មានភាពសំខាន់ដូចជាគ្រួសារដែរ គ្រាន់តែខុសគ្នាត្រង់ថា គ្រួសារគឺជាអ្នកដែលនៅជាប់នឹងអ្នកប្រចាំថ្ងៃ រីឯមិត្តភក្តិគឺជាមនុស្សដែលជ្រើសរើសការរស់នៅជាមួយអ្នកបន្ទាប់ពីគ្រួសារ។ មិត្តភក្តិមានការរាប់អាន មានការចែករំលែក និង ចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខធុរៈដូចទៅនឹងគ្រួសារដែរ។
៣. សុខភាព
មិនថាអ្នកមានលុយច្រើនកម្រិតណា វាមិនអាចទិញសុខភាពល្អរបស់អ្នកបានទេ។ ពិតណាស់លុយអាចព្យាបាលជំងឺគ្រប់ប្រភេទ ប៉ុន្តែលុយមិនអាចឱ្យអ្នកមានសុខភាពល្អដោយងាយៗឡើយ។ ដូចនេះកុំបណ្តោយខ្លួនរហូតធ្លាក់ក្នុងជំងឺធ្ងន់ធ្ងរ ត្រូវថែរក្សាសុខភាពឱ្យបានល្អចាប់ពីពេលនេះ។
៤. កូន
កូនគឺជាផ្នែកមួយនៃជីវិតរបស់ឪពុកម្តាយ អ្នកអាចឃើញទង្វើជាច្រើនដែលឪពុកម្តាយធ្វើដើម្បីកូនៗមិនថាជួបភាពហត់នឿយ ឬ លំបាកយ៉ាងណា។ ម្នាក់ៗរៀបការហើយសុទ្ធសឹងតែចង់បានកូន ចុះតើកូន និង លុយមួយណាសំខាន់ជាងនៅក្នុងជីវិតរបស់អ្នក?
៥. សេរីភាព
សេរីភាពជារបស់ដ៏វិសិដ្ឋមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ចូរជ្រើសរើសការរស់នៅប្រកបដោយភាពរីករាយ និង មានជម្រើសសម្រាប់ខ្លួនឯងផ្ទាល់។
៦. ស្នេហា
ម្នាក់ឯងមិនស្លាប់ តែបើរស់ម្នាក់ឯងវាពិបាកជាងស្លាប់។ បើអ្នកបានជួបនូវមនុស្សដែលអ្នកពេញចិត្ត និង ស្រឡាញ់គ្នាអស់ពីបេះដូង នោះអ្នកនឹងគិតថាគ្នាអ្វីដែលអស្ចារ្យជាងស្នេហារបស់អ្នកឡើយ ហើយក៏គ្នានរណាម្នាក់មានសេចក្តីសុខជាងអ្នកដែរ។ អ្នកអាចញញឹមសើចសប្បាយដោយមិនដឹងខ្លួន។ ទាំងនេះហើយជាអ្វីដែលមនុស្សប្រាថ្នាចង់បានលើសពីលុយទៅទៀត។
៧. សុភមង្គល
មានមនុស្សជាច្រើនបាក់ទឹកចិត្តទៅលើជីវិតរបស់ខ្លួនដែលរស់នៅដោយគ្មានសុភមង្គល។ មិនប្រាកដថាមានលុយរាប់មិនអស់ អាចមានសេចក្តីសុខនោះទេ ពីព្រោះថាសុភមង្គលវាមិនមែនកើតឡើងដោយសារតែលុយគ្រប់ពេលនោះដែរ។ ដូចនេះបើអ្នកជាមនុស្សដែលតែងតែមានភាពរីករាយ មានន័យថាអ្នកគឺជាមនុស្សដែលមានសំណាងជាងគេបំផុត៕