បន្ទាប់ពីបង្កើតរ៉ូបូតដោះមីនដំបូងគេលើពិភពលោក ឥលូវកូនខ្មែររូបនេះបង្កើតក្រុមហ៊ុនផ្គត់ផ្គង់លោហៈ និង ដំឡើងម៉ាស៊ីនគ្រឿងចក្រដំបូងគេនៅកម្ពុជា
គ្រប់គ្នាប្រាកដជាបានស្គាល់រួចមកហើយនូវ លោក Richard Yim ឬ យឹម ប្រសិទ្ធីឬទ្ធិ ដែលកន្លងមកលោកបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយការបង្កើតគម្រោងអស្ចារ្យមួយ នោះគឺការបង្កើតរ៉ូបូតដោះមីនស្វ័យប្រវត្តិដែលមិនធ្លាប់មានពីមុន។ តាមរយៈគម្រោងនេះ លោកត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយ ជាពិសេសត្រូវបានទស្សនាវដ្តីជំនួញដ៏ល្បីរបស់អាមេរិក Forbes ជ្រើសរើសជាបុគ្គលឆ្នើមចុះផ្សាយនៅក្នុងកម្មវិធីសហគ្រិនវ័យក្មេងមានឥទ្ធិពល 30 Under 30 Asia និង ASEAN 40 Under 40. U.S.។
ក្រៅពីបង្កើតម៉ាស៊ីនដោះមីនចេញជារូបរាង លោក Richard Yim ដែលបញ្ចប់បរិញ្ញាបត្រជំនាញវិស្វកម្មមេកានិក និងអនុបណ្ឌិតខាងអាជីវកម្មសហគ្រិនភាព និងបច្ចេកវិទ្យាពីសាកលវិទ្យាល័យ Waterloo ប្រទេសកាណាដា បានត្រលប់មកកម្ពុជាបង្កើតក្រុមហ៊ុនមួយឈ្មោះថា Quantum Engineering and Manufacturing ដែលជាក្រុមហ៊ុនផ្គត់ផ្គង់លោហៈ និងដំឡើងម៉ាស៊ីនគ្រឿងចក្រដំបូងគេមួយនៅកម្ពុជា។
ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ លោក Richard Yim បានបង្កើតក្រុមហ៊ុននេះឡើងកាលពីឆ្នាំ២០២០។ លោកបានធ្វើជំនួញទៅលើ៣យ៉ាងធំៗ៖ ទី១ ដំឡើងម៉ាស៊ីនគ្រឿងចក្រទៅតាមការកុម្មង់, ទី២ ផលិត និងច្នៃម៉ូដដែកទៅតាមការកុម្មង់ និងទី៣បង្កើតផលិតផលថ្មីផ្ទាល់ខ្លួន។
ជាមួយការដឹកនាំ និងនាំយកអ្វីដែលថ្មីហើយប្លែកដំបូងគេនៅកម្ពុជា ត្រឹមរយៈពេលតែជិតបីឆ្នាំប៉ុណ្ណោះ នាយកប្រតិបត្តិ Richard Yim បានធ្វើឱ្យក្រុមហ៊ុនរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទទួលបានការទុកចិត្តពីបណ្តាក្រុមហ៊ុនធំៗទាំងជាតិ និងអន្តរជាតិដូចជា៖ ក្រុមហ៊ុនជីបម៉ុង, ក្រុមហ៊ុនហនុមានប៊េវើរីជីស, ក្រុមហ៊ុន Denso, ក្រុមហ៊ុន Minebea និង ក្រុមហ៊ុន Sumitomo ជាដើម។
វ័យទើបតែ ២៩ឆ្នាំ ជាសហគ្រិនផង ជា CEO ផង លោក Richard Yim បានចែករំលែកភាពជាអ្នកដឹកនាំយ៉ាងដូច្នេះថា៖ «ជាអ្នកដឹកនាំ អ្នកត្រូវតែជាសសរស្តម្ភនៃក្រុមហ៊ុន អ្នកត្រូវតែរ៉ាប់រងនូវស្ថានភាពដែលមិនអាចមើលឃើញទុកមុន។ បុគ្គលិករបស់អ្នកនឹងពឹងផ្អែកលើអ្នកនៅពេលជួបបញ្ហាលំបាក។ ដូចនេះត្រូវប្រាកដថាក្រុមហ៊ុនមានអ្នកដឹកនាំដែលជាសសរដ៏រឹងមាំ និងជាគ្រឹះដ៏រឹងមាំនៃក្រុមហ៊ុន»។
លោកបានចង្អុលបង្ហាញដោយលើកពីទស្សនសម្រាប់ក្រុមហ៊ុនរបស់ខ្លួនថា៖ «ជានាយកប្រតិបត្តិ ការងាររបស់ខ្ញុំគឺផ្តល់សេរីភាពឱ្យក្រុមការងារធ្វើការដោយភាពឯករាជ្យ និងប្រឹងប្រែងអស់ពីលទ្ធភាពពួកគេ។ វាគឺជាការជ្រើសរើសមនុស្សដែលត្រឹមត្រូវមកធ្វើការជាមួយគ្នា ដែលជាក្រុមការងារលាយចម្រុះទៅដោយមនុស្សមកពីកន្លែងផ្សេងៗគ្នា និងដាក់ទៅតាមមានជំនាញរៀងៗខ្លួនរបស់ពួកគេ។ កាលណាពួកគេធ្វើការត្រូវជំនាញ ពួកគេនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសម្រេចគម្រោង។ ករណីពួកគេជួបបញ្ហាបច្ចេកទេសណាមួយ ខ្ញុំនឹងចូលជួយជានិច្ច។ នេះជាការផ្តល់បរិស្ថានការងារមួយដែលធ្វើឱ្យពួកគេជោគជ័យនៅក្នុងអាជីព»។
បច្ចុប្បន្ន ក្រុមហ៊ុន Quantum Engineering and Manufacturing កំពុងមានទីផ្សារពីបណ្តាក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីដំឡើងគ្រឿងចក្រធំៗ និងផ្គត់ផ្គង់ស្ថាបត្យកម្មដែក ជាមួយគ្នានេះក្រុមហ៊ុនបានបង្កើតផលិតផលថ្មី ម៉ាកផ្ទាល់ខ្លួនប្រកបដោយគុណភាពដែលអាចប្រកួតប្រជែងជាមួយទីផ្សារបរទេសេ។ តួយ៉ាង Q-Motor ជាផលិតផល Scooter បែប Off-road មួយបង្កើតឡើងដោយសហស្ថាបនិក និងនាយកប្រតិបត្តិ Richard Yim ផ្ទាល់តែម្តង។ វាជាប្រភេទ Scooter មានកម្លាំងខ្លាំង អាចជិះក្រោមភ្លៀង អាចជិះលើផ្លូវពិបាកៗ ខណៈដែលផលិតផល Scooter ដទៃលើទីផ្សារអាចជិះបានត្រឹមតែផ្លូវលាតធម្មតាប៉ុណ្ណោះ។
គួរឱ្យដឹងដែរថា ក្រោយក្លាយជាស្ថាបនិក និងជាផ្នែកមួយអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា ថ្មីៗនេះ លោក Richard Yim ទើបត្រូវបាន ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចេញលិខិតប្រកាសចាត់តាំងជានាយកប្រតិបត្តិ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕