របៀបចាប់មុំធ្វើបទបង្ហាញគម្រោងអាជីវកម្ម ប្រើពេលតែ ១០ នាទី ធានាអ្នកនឹងទទួលបានអ្នកវិនិយោគភ្លាមៗ
ការធ្វើបទបង្ហាញអាជីវកម្ម មិនចាំបាច់ទាល់តែច្រើនម៉ោងទើបហៅថាក្បោះក្បាយមានប្រសិទ្ធភាពនោះទេ សំខាន់អាចសង្ខេបខ្លីៗ ងាយយល់ និង ច្បាស់លាស់ពីគោលដៅជាការស្រេច។ ខាងក្រោមនេះជា ១០ ចំណុចសំខាន់ៗនៃការចាប់មុំ ដែលអ្នកអាចយកមកបំបែកធ្វើបទបង្ហាញគម្រោងអាជីវកម្មត្រឹមរយៈពេលតែ ១០ នាទី។
នាទីទី ១ បើកការណែនាំ ៖ ឱ្យអ្នកកំពុងមើលដឹងថាអ្វីដែលអ្នកកំពុងធ្វើ គឺខ្វល់ខ្វាយពីមនុស្ស និង បញ្ហាដែលអ្នកកំពុងព្យាយាមដោះស្រាយ។
នាទីទី ២ និយាយចាក់ឱ្យចំបញ្ហា ៖ មនុស្សដែលកំពុងមានបញ្ហាដូចដែលអ្នកកំពុងដោះស្រាយ គេនឹងព្យាយាមចង់ដឹង ចង់ឮ និង ចង់វិនិយោគ។ ដូច្នេះនិយាយពីឫសគល់ឱ្យចំចំណុច រួចបំបែកបញ្ហាទាំងនោះទៅតាមផ្នែកនីមួយៗដោយដាក់ជាដ្យាក្រាម។
នាទីទី ៣ បង្ហាញដំណោះស្រាយ ៖ បង្ហាញពីមហិច្ឆតានៃអាជីវកម្មរបស់អ្នក ដោយមិនត្រឹមតែអាចដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែអ្នកមើលពួកគេថែមទាំងអាចទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយនេះផងដែរ។
នាទីទី ៤ បង្ហាញអំពីប្រភេទអាជីវកម្មរបស់អ្នក ៖ មកដល់នាទីនេះដល់ពេលដែលប្រាប់ពួកគេអំពីរបៀបដែលអ្នកវិនិយោគ និង ពន្យល់អំពីរបៀបដែលលក់សេវាកម្ម ឬ ផលិតផលរបស់អ្នកសម្រាប់ដំណោះស្រាយដែលអ្នកផ្តល់ឱ្យ។
នាទីទី ៥ និយាយអំពីគូប្រកួតប្រជែង ៖ កុំនិយាយថាផលិតផល ឬ សេវាកម្មរបស់អ្នកល្អជាងអ្នកដទៃ តែជំនួសមកវិញដោយផ្តោតលើអ្នកមានភាពខុសដោយឡែកពីអ្នកដទៃ។ អាកប្បកិរិយាចំពោះគូប្រកួតប្រជែងអាចធ្វើឱ្យពួកគេគិតថាអ្នកមិនឱ្យតម្លៃអ្នកដទៃ។ ត្រូវប្រកាន់ខ្ជាប់ឱ្យតម្លៃផលិតផល ឬ សេវាកម្មរបស់ខ្លួន ហើយគោរពដៃគូប្រកួតប្រជែងទើបភ្ញៀវមានអារម្មណ៍វិជ្ជមានជាមួយផលិតផល ឬ សេវាកម្មរបស់អ្នក។
នាទីទី ៦ និយាយអំពីទីផ្សារ និង វិធីលក់ ៖ ចង្អុលបង្ហាញនូវអតិថិជនដែលមានសក្តានុពលជាមួយអាជីវកម្មរបស់អ្នក និង វិធីដែលអ្នកអាចឈោងចាប់ពួកគេបាន។ បង្ហាញពួកគេពីទិន្នន័យទីផ្សារ បង្ហាញពីលំដាប់អតិថិជនគោលដៅ និង បង្ហាញពីយុទ្ធសាស្ត្រការលក់ និង ធ្វើទីផ្សារ។
នាទីទី ៧ ប្រាប់ពួកគេអំពីចំនួនលុយដែលអ្នកអាចរកបាន ៖ និយាយអំពីរបៀបលក់នៅលើទីផ្សារ ដោយបង្ហាញថាតើការលក់រាយ និង ការលក់ដុំ ដាក់លក់តម្លៃប៉ុន្មាន និង ចំណេញប៉ុន្មាន។ វាងាយស្រួលក្នុងការគិតគូរពីប្រាក់ចំណេញគ្រប់ពេលវេលា។
នាទីទី ៨ ណែនាំក្រុមការងារ ៖ វាពិតជាចាំបាច់ដែលអ្នកត្រូវណែនាំក្រុមការងាររបស់អ្នកទៅកាន់ពួកគេ ដើម្បីឱ្យពួកគេដឹងថាហេតុអ្វីបានជាចាំបាច់មានសមាជិកទៅតាមផ្នែកៗនីមួយៗ។ ជំហានដំបូងអ្នកអាចគ្រាន់តែណែនាំអំពីតួនាទីដែលត្រូវមានក្នុងអាជីវកម្ម ឯឈ្មោះ និង ការលម្អិតអាចណែនាំនៅពេលក្រោយដើម្បីកុំឱ្យខាតពេល។
នាទីទី ៩ បង្ហាញអំពីលទ្ធផលជាក់ស្តែង ៖ អ្នកត្រូវបង្ហាញអំពីលទ្ធផលដែលអ្នកអាចទទួលបានពីវិនិយោគិន និង អតិថិជនដែលគាំទ្រ។ វាអាចជាចម្លើយនៃសំណួរដូចជា តើក្រុមការងារទទួលបានសមិទ្ធផលអ្វីខ្លះ? តើក្រុមហ៊ុនទទួលបានចំណូលឬទេ? តើអតិថិជនរីករាយនឹងការផ្តល់សេវាកម្មឬផលិតផលរបស់អ្នកឬទេ?
នាទីទី ១០ ស្នើឱ្យទិញ ៖ នៅវិនាទីចុងក្រោយ អ្នកត្រូវស្នើឱ្យពួកគេទិញផលិតផល ឬ សេវាកម្មនៅក្នុងអាជីវកម្មរបស់អ្នក។ មិនបញ្ហាថាជាលុយ ឬ ពួកគេអាចចូលជាផ្នែកមួយនៃភាគហ៊ុនអាជីវកម្ម។ អ្នកអាចគូរបង្ហាញនូវអ្វីដែលអ្នកត្រូវការពីពួកគេ និង អ្វីដែលអ្នកកំពុងចង់ធ្វើជាមួយពួកគេ៕