មកស្គាល់កំលោះសង្ហា ការសិក្សាខ្ពស់ អ្នកឯកទេសពេជ្រ បញ្ចប់ការសិក្សាពីវិទ្យាស្ថាន GIA សហរដ្ឋអាមេរិក
នៅកម្ពុជាជំនាញខាងពេជ្រ និង រចនាគ្រឿងអលង្ការប្រណីត ភាគច្រើនតែងរៀនតតគ្នាលក្ខណៈគ្រួសារពីមួយជំនាន់ទៅមួយជំនាន់។ ដោយឡែក សម្រាប់យុវជនកូនខ្មែរម្នាក់នេះវិញ លោកមិនត្រឹមតែក្រេបចំណេះត្រឹមនេះប៉ុណ្ណោះទេ ពោលគឺលោកថែមទាំងចេញទៅសិក្សាដល់ក្រៅប្រទេសដើម្បីចាប់ជំនាញច្បាស់លាស់សម្រាប់អាជីពតែម្តង។
លោក ឈិន ថង ចាប់កំណើតនៅទីក្រុងភ្នំពេញ សព្វថ្ងៃលោកជាអ្នករចនាម៉ូដគ្រឿងអលង្ការ និង ជានាយកប្រតិបត្តិនៃហាង ជីង ហ៊ុក គ្រឿងអលង្ការ ស្ថិតនៅសង្កាត់ផ្សារថ្មី ៣ រាជធានីភ្នំពេញ។ ជាអ្នកច្នៃម៉ូដសម័យថ្មី បុរសសង្ហារូបនេះនៅលីវ មានការសិក្សាខ្ពស់ និង ជំនាញច្បាស់លាស់ទាក់ទិននឹងគ្រឿងអលង្ការ។ ជាក់ស្តែង កាលពីឆ្នាំ ២០១៧ លោក ឈិន ថង បានបញ្ចប់ការសិក្សាឯកទេសខាងត្បូង និង ច្នៃម៉ូដពី GIA ដែលជាវិទ្យាស្ថានល្បីល្បាញលំដាប់ពិភពលោកខាងបណ្តុះបណ្តាលផ្នែកត្បូងវិទ្យា និង សិល្បៈគ្រឿងអលង្ការ ដែលមានមូលដ្ឋាននៅឯរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។
មុនក្លាយជាអ្នកច្នៃម៉ូដ លោក ឈិន ថង ថាដើមឡើយវាជាអាជីពមួយដែលលោកស្រឡាញ់តាំងពីតូច ណាមួយលោកកើតនៅក្នុងគ្រួសារដែលប្រកបរបរហាងមាសពេជ្រស្រាប់ផងនោះ ទើបធ្វើឱ្យលោកបានរៀន និង ស្គាល់នូវការមើលមាសពេជ្រតាំងតូចផងដែរ។ លោកថាការចាប់ជំនាញច្នៃម៉ូដគ្រឿងអលង្ការនេះ ឪពុកម្តាយរបស់លោកក៏ជាអ្នកជំរុញចិត្ត ហេតុដូច្នេះដើម្បីក្លាយជាអ្នកឯកទេសពិតប្រាកដ និង មានជំនាញច្បាស់លាស់ លោកក៏សម្រេចចិត្តចេញទៅរៀននៅសហរដ្ឋអាមេរិក។ ក្រៅពីបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក លោកបានបញ្ចប់ការសិក្សាវគ្គខ្លីៗមួយចំនួនដែលទាក់ទងនឹងការច្នៃម៉ូដគ្រឿងអលង្ការនៅប្រទេសសិង្ហបុរីផងដែរ។
ប្រឡូកវិស័យច្នៃម៉ូដរយៈពេលប្រមាណ ៦ ឆ្នាំនៅកម្ពុជា អ្នកឯកទេស ឈិន ថង មានទស្សនៈទៅលើការច្នៃម៉ូដគ្រឿងអលង្ការនៅកម្ពុជាយ៉ាងដូច្នេះថា លោកពិតជាមានការកោតសរសើរទៅលើការច្នៃម៉ូដគ្រឿងអលង្ការនៅក្នុងស្រុកយើង ហើយជាពិសេសលោកមានអារម្មណ៍សប្បាយចិត្តដោយសារតែប្រទេសយើងក៏មានភាពច្នៃប្រតិដ្ឋ និង សមត្ថភាពខ្លាំងក្នុងការច្នៃគ្រឿងអលង្ការមិនចាញ់ប្រទេសជិតខាងឡើយ។
ចំពោះគ្រឿងអលង្ការ បើនិយាយពីស្ទីលច្នៃម៉ូដផ្ទាល់ខ្លួន លោក ឈិន ថង មានទំនោរបែបហ្វេហ្សិនទាន់សម័យ និង បែបប្រពៃណីខ្មែរ។ សម្រាប់ម៉ូដគ្រឿងអលង្ការដែលមិនចេះហួសសម័យ លោកថាគឺម៉ូដបែបប្រពៃណីខ្មែរនេះឯង។ លោកថាវប្បធម៌ និង ប្រពៃណីរបស់ខ្មែរមានយ៉ាងសម្បូរបែប ព្រមជាមួយប្រវត្តិសាស្ត្រផ្សេងៗគ្នាដូចទៅនឹងប្រាសាទអង្គរវត្តដែលជាកេរដំណែលដ៏ល្បីល្បាញលើពិភពលោក។ ដូច្នេះសម្រាប់លោកគ្រឿងអលង្ការខ្មែរមើលយ៉ាងណាក៏មិនហួសម័យដែរ។
តាមគំនិតរបស់លោក ការពាក់គ្រឿងអលង្ការគឺដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈ ការមាននិស្ស័យចូលចិត្តគ្រឿងអលង្ការ ការបង្ហាញពីមុខមាត់នៅក្នុងសង្គម ជាពិសេសពាក់ជាគ្រឿងលម្អកាយចូលរួមក្នុងកម្មវិធីផ្សេងៗ ជាដើម។
ដោយមានជំនាញច្បាស់លាស់បញ្ចប់ការសិក្សាពីក្រៅប្រទេស អ្នកឯកទេស ឈិន ថង បានផ្តាំផ្ញើសម្រាប់អ្នកចង់ចាប់អាជីពច្នៃម៉ូដគ្រឿងអលង្ការថា ៖ «បើសិនជាអ្នកធ្វើវាដោយក្តីស្រឡាញ់ ខ្ញុំជឿថាគ្មានអ្វីមកបង្អាក់បានឡើយ។ អ្នកទាំងអស់គ្នាអាចស្វែងយល់ និង យកចំណេះដឹងពីបុគ្គលមួយចំនួនដែលជាអាយដលរបស់អ្នកមកធ្វើជាគំរូ។ ជាក់ស្តែងក្នុងនាមខ្ញុំជាអ្នកច្នៃម៉ូដមួយរូប ខ្ញុំក៏នឹងរីករាយចែករំលែកនូវរាល់ចម្ងល់សម្រាប់អ្នកដែលគាត់ស្រឡាញ់វិស័យនេះផងដែរ»៕