ទីតាំង ៥ កន្លែង ស័ក្តិសមបំផុតសម្រាប់ជំនួបពិភាក្សាធុរកិច្ចអាហារថ្ងៃត្រង់
Business Lunch ឬ ពិភាក្សាធុរកិច្ចអាហារថ្ងៃត្រង់ គឺស្ទីលណាត់ជួបដៃគូអាជីវកម្មបែបទាន់សម័យមួយដែលធ្វើឡើងនៅក្នុងភោជនីយដ្ឋាន។ ភាគច្រើនអ្នកធុរកិច្ចតែងស្វែងរកភោជនីយដ្ឋានណាមួយដែលប្រណីត និង ផ្តល់សេវាកម្មល្អ ដើម្បីជាការឱ្យតម្លៃដៃគូជំនួបផង ជាការបង្ហាញពីភាពស៊ីវិល័យផង ហើយក៏ឱ្យការចរចាឆាប់ទទួលបានប្រសិទ្ធភាពផងដែរ។ បច្ចុប្បន្នទីក្រុងភ្នំពេញប្រជុំទៅដោយភោជនីយដ្ឋានជាច្រើន ក្នុងនោះយើងសូមណែនាំកន្លែងចំនួន ៥ ដែលអំណោយផលមកទាំងព្រម ទាំងសេវាកម្ម រសជាតិ ក៏ដូចជាបរិយាកាសសោភ័ណភាព។
១. Khéma La Poste
បីក្នុងកន្លែងតែមួយ ទីនេះជាភោជនីយដ្ឋាន ជាហាងនំប៉័ង ហើយក៏ជាហាងកាហ្វេផងដែរ។ ស្ថិតនៅលើវិថីព្រះអង្គអេង ភោជនីយដ្ឋាននេះមានការរចនាបែបអាណានិគមបារាំងដែលផ្តល់នូវបរិយាកាសប្រណីតបែបស្រស់ស្រទន់ សឹងថាបានចូលនឹងបន្ទន់ចិត្តមិនឱ្យទៅណាឆ្ងាយនោះឡើយ។ មានជម្រើសអង្គុយជាន់ក្រោម និង ជាន់លើ ដែលជាន់ក្រោមអ្នកអាចទទួលទាននៅមុខបារទំនើប ឯឡើងទៅលើមានបន្ទប់ឯកជនដែលអាចដាក់មនុស្សបានពី ៤ ទៅ ២០ នាក់។ សម្រាប់ឈុត Business Lunch ទីនេះមានជាលក្ខណៈប៊ូហ្វេជាមួយជម្រើសអាហារដំបូង បង្អែម កាហ្វេ តែ និង ម្ហូបចម្បង ១ មុខ តម្លៃក្នុងម្នាក់ត្រឹមតែ ១៥ ដុល្លារប៉ុណ្ណោះ។
២. ម្លិះ
មានទីតាំងស្ថិតនៅជិតវិមានឯករាជ្យបេះដូងនៃទីក្រុងភ្នំពេញ ភោជនីយដ្ឋាននេះផ្តោតបម្រើទៅលើម្ហូបខ្មែរបែបប្រណីតយ៉ាងសម្បូរបែប។ សម្រាប់អ្នកចង់ជំនួបពិភាក្សាដៃគូអាជីវកម្ម ទីនេះមានជាបន្ទប់ VIP រៀបចំយ៉ាងប្រណីតលម្អិតបែបអេឡេហ្គង់បំផុត។ ចំពោះមុខម្ហូបអាចជ្រើសរើសជាម្ហូបកុម្ម៉ង់ ឬ ជាលក្ខណៈឈុតដែលមានតម្លៃចាប់ពី ៣៣ ដុល្លារ រហូតដល់ ៦៦ ដុល្លារក្នុងម្នាក់។
៣. TOPAZ
ឱ្យតែនិយាយដល់អាហារបារាំង មិនថាខ្មែរ ឬ បរទេស គេនឹងភ្នកនឹកដល់ភោជនីយដ្ឋានអាហារបារាំងមួយនេះដែលមានវត្តមានលើទឹកដីរាជធានីជាងពីរទសវត្សរ៍មកហើយ។ បញ្ឈរខ្លួនលើបណ្តោយវិថីព្រះនរោត្តម ស្ថិតលើទីតាំងអំណោយផល ងាយស្រួលរក និង ក្នុងទីប្រជុំជន ទីនេះរៀបចំការទទួលបដិសណ្ឋារកិច្ចក្នុងបរិយាកាសដេគ័របែបសហសម័យអមនឹងពណ៌បែបស្រាលស្រទន់។ សិល្បៈតុបតែងអាហារត្រូវបានផ្សារភ្ជាប់ភាពច្នៃប្រតិដ្ឋដែលឆ្លុះបញ្ចាំងពីវប្បធម៌ ភាពរីករាយ និង ប្រកបដោយថាមពល។ សម្រាប់ឈុតអាហារ Business Lunch មាន ៣ ជម្រើស គឺ ២៥ ដុល្លារ, ២៩ ដុល្លារ និង ៣៣ ដុល្លារ។
៤. Palais De La Poste
អគារជាប្រភេទផ្ទះវីឡាស្កឹមស្កៃរចនាបថសម័យអាណានិគមបារាំង អាយុកាលប្រមាណជាង ១០០ ឆ្នាំ ត្រូវបានកែច្នៃរំលេចចេញជាភោជនីយដ្ឋានអាហារបារាំងដ៏ប្រណីត ស្ថិតនៅលើវិថីលេខ ១០២ ក្បែរប្រៃសនីយ៍កម្ពុជាក្នុងសង្កាត់វត្តភ្នំ។ អ្នកអាចជ្រើសរើសការពិសាភោជនាហារនៅកន្លែងធម្មតាក៏បាន ឬក៏អាចជាបន្ទប់ VIP ដែលមានពីរបន្ទប់ ៖ មួយអាចដាក់គ្នាបាន ៦ នាក់ និង មួយទៀតដាក់គ្នាបានដល់ទៅជាង ១០ នាក់។ សម្រាប់អាហារថ្ងៃត្រង់មានជាប្រភេទម្ហូបកុម្ម៉ង់ ចំណែកតម្លៃក៏សមរម្យផងដែរ។
៥. Sombok
ទីនេះត្រូវចិត្តសម្រាប់អ្នកចង់បានម្ហូបខ្មែរបែបច្នៃប្រតិដ្ឋ អមជាមួយបរិយាកាសប្លែកភ្នែកដែលជាការតុបតែងបង្ហាញពីភាពស៊ីវិល័យនៃទីក្រុងភ្នំពេញលាយឡំនឹងភាពជាស្ត្រី។ អ្នកនឹងបានឃើញម្ហូបខ្មែរក្នុងរូបរាងបែបថ្មី ព្រមជាមួយរសជាតិប្លែកមាត់មិនធ្លាប់មាន។ សម្រាប់អាហារថ្ងៃត្រង់មានចែកចេញជាពីរឈុត មួយមានពីរមុខតម្លៃជាង ១៥ ដុល្លារ និង ៣ មុខតម្លៃជាង ១៩ ដុល្លារ។ ទីនេះផ្តោតលើកម្ពស់ទៅលើស្ត្រីដែលទាំងចុងភៅ និង បុគ្គលិកសុទ្ធតែស្ត្រីទាំងអស់៕