ជាសហគ្រិនទោះរវល់យ៉ាងណា ដល់ចុងសប្តាហ៍ចាំបាច់ត្រូវធ្វើរឿងទាំងនេះ ដើម្បីបង្កើនថាមពលចិត្ត
សហគ្រិនជោគជ័យពួកគេមានមហិច្ឆតាចំពោះអ្វីដែលពួកគេធ្វើ។ តួយ៉ាងការធ្វើការងារសកម្មគឺជាអត្តចរិតមួយផ្នែករបស់សហគ្រិនជោគជ័យ ប៉ុន្តែសម្រាប់បុគ្គលជោគជ័យវិញពួកគេតែងលើកឡើងថា ជីវិត និង ការងារត្រូវតែដើរទន្ទឹមគ្នា។ ពិតប្រាកដណាស់ សហគ្រិនជោគជ័យមួយចំនួនហាក់មមាញឹកផ្តោតទៅលើគោលដៅខ្លាំងពេក រហូតដល់ភ្លេចចំណាយពេលឱ្យខ្លួនឯង និង ធ្វើរឿងសំខាន់មួយចំនួនដើម្បីផ្តល់មកវិញនូវថាមពលកាយ និង ថាមពលចិត្ត។ ខាងក្រោមនេះជាសកម្មភាពដែលសហគ្រិនជោគជ័យចំណាយពេលធ្វើនៅចុងសប្តាហ៍ ៖
១. ទម្លាប់ភ្ញាក់ម៉ោងដដែល
មិនថាថ្ងៃចុងសប្តាហ៍ សហគ្រិនជោគជ័យយល់ថាការរក្សាទម្លាប់ភ្ញាក់ពេលព្រឹកទៀងម៉ោងនឹងជួយរក្សាដំណេកបានគ្រប់គ្រាន់ដូចសព្វដង។ ការធ្វើដូចនេះអាចបង្កើតទម្លាប់ឱ្យរាងកាយដឹងថាពេលណាគេង និង ពេលណាភ្ញាក់។ ដូចបានដឹងស្រាប់បើទម្លាប់ឱ្យរាងកាយគេងមិនទៀង វានឹងប្រឈមការគេងមិនគ្រប់គ្រាន់ ដែលអាចបណ្តាលឱ្យគេងថែមម៉ោងខាតពេលវេលា។ ត្រូវប្រាកដថាអ្នកបានគេងយប់គ្រប់គ្រាន់ពី ៧ ទៅ ៨ ម៉ោង និង ក្រោកពីព្រឹកដើម្បីមានពេលត្រៀមខ្លួនរួចរាល់សម្រាប់មុនពេលចេញទៅបំពេញការងារ។
២. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់
វាមិនចម្លែកទេដែលថ្ងៃចុងសប្តាហ៍អាចនឹងមមាញឹក ឬ ត្រូវបំពេញកាតព្វកិច្ចបន្ថែមដើម្បីប្រាកដថាការងារនៅក្រុមហ៊ុន ឬ អាជីវកម្មរបស់អ្នកនៅតែដំណើរការរលូន។ ទន្ទឹមគ្នានេះអ្នកត្រូវប្រើពេលឱ្យមានគុណភាព ទាំងគុណភាពការងារ និង គុណភាពជីវិត ដោយឆ្លៀតចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ដូចជា មិត្តភក្តិ គូស្នេហ៍ ឬ ក្រុមគ្រួសារ។ អាចជាការជួបជុំទទួលទានអាហារ ដើរផ្សារ មើលកុន ឬ ទៅហាងកាហ្វេ។ ជំនួបនេះអ្នកនឹងបាននិយាយចែករំលែកគ្នាទៅវិញទៅមកមិនថារឿងក្នុងចិត្ត ការលើកទឹកចិត្ត ឬ បទពិសោធនថ្មីៗ ដែលអាចជួយឱ្យអារម្មណ៍ស្រស់ស្រាយ ហើយក៏រំសាយស្ត្រេសបានមួយកម្រិតផងដែរ។
៣. បន្តធ្វើអ្វីដែលខ្លួនចូលចិត្ត
តើមានសកម្មភាពកម្សាន្តណាមួយដែលអ្នកចង់សាកល្បង តែមិនធ្លាប់បានធ្វើវា? គួរលះបង់ការងារខ្លះសម្រាប់ថ្ងៃចុងសប្តាហ៍មកធ្វើអ្វីដែលអ្នកធ្លាប់ចង់ធ្វើ អាចជាការរៀនគូរគំនូរ ថតរូប ឬ និពន្ធអត្ថបទ។ ការចំណាយពេលសាកល្បងនូវអ្វីដែលថ្មីអាចជួយជំរុញដល់សមត្ថភាពខួរក្បាល និង កាត់បន្ថយស្ត្រេសបានមួយភាគធំ។ លើសពីនេះ សកម្មភាពក្រៅពីការងារនេះហើយនឹងអាចជួយបង្កើនទៅលើគំនិតច្នៃប្រតិដ្ឋ ជាពិសេសផ្តល់ឱ្យអ្នករកឃើញនូវទស្សនៈថ្មីៗសម្រាប់ជីវិតផងដែរ។
៤. ដំណើរកម្សាន្តផ្សងព្រេង
ស្វែងរកពេលចុងសប្តាហ៍ណាមួយ ចាកចេញពីប្រអប់មមាញឹកចេញទៅសាកថ្មជីវិតបែបផ្សេងព្រេងខ្លីៗ។ អាចជាការជិះកង់នៅកន្លែងមានធម្មតាជាតិព្រៃឈើខៀវខ្ចី បោះតង់ ស្ទូចត្រី ឡើងភ្នំ ឬ លម្ហែអារម្មណ៍លើកោះ។ ចេញក្រៅស្រូបខ្យល់អាកាសបែបនេះនឹងបង្កើតជាអនុស្សាវរីយ៍ ក៏ដូចជាស្នាមញញឹមដែលនឹងធ្វើឱ្យអ្នកនឹកឃើញពេញមួយសប្តាហ៍។
៥. បន្ថែមគំនិតច្នៃប្រតិដ្ឋ
សហគ្រិនជោគជ័យត្រូវប្រាកដថាពួកគេបានចំណាយពេលបំពេញបន្ថែមទៅលើគំនិតច្នៃប្រតិដ្ឋដោយស្វែងរកវិធីផ្សារភ្ជាប់ទៅនឹងសិល្បៈ។ អ្នកមិនចាំបាច់មានសញ្ញាបត្រទាក់ទងនឹងសិល្បៈ ឬ តន្ត្រីដើម្បីផ្សារភ្ជាប់នឹងសិល្បៈនោះទេ គ្រាន់តែចំណាយពេលទៅទស្សនាសារមន្ទីរ វិចិត្រសាល ឬ ត្រឹមស្តាប់តន្ត្រីក៏គ្រប់គ្រាន់។
៦. ផ្តាច់ខ្លួន
សហគ្រិនជោគជ័យរមែងតែជំនាញក្នុងការរៀបចំកាលវិភាគជានិច្ច។ ដូច្នេះក្រៅពីរៀបចំកាលវិភាគការងារ អ្នកចាំបាច់ត្រូវរៀបចំកាលវិភាគសម្រាប់ខ្លួនឯងនៅថ្ងៃចុងសប្តាហ៍។ រៀបចំឱ្យមានពេលអាចផ្តាច់ខ្លួន មានសេរីភាព អាចទៅលម្ហែ ទៅកម្សាន្ត ដូចជាចូលរួមកម្មវិធី ឬ លម្ហែអារម្មណ៍នៅបារជាដើម។
៧. ចេញហាត់ប្រាណខាងក្រៅ
បំពេញការងារមមាញឹកចន្ទ-សុក្រ ដល់ពេលចុងសប្តាហ៍ធ្វើលំហាត់ប្រាណដើម្បីបញ្ចេញជាតិពុល និង ពង្រឹងរាងកាយឱ្យមាំមួន។ លំហាត់ប្រាណរត់ខាងក្រៅជាជម្រើសល្អបំផុតសម្រាប់សហគ្រិន ដោយសារវាជួយឱ្យដៃជើងរលាស់សកម្ម និង បានស្រូបយកវីតាមីនD។ តាមការសិក្សាបានរកឃើញថា ការធ្វើលំហាត់ប្រាណខាងក្រៅអាចធ្វើឱ្យយើងមានអារម្មណ៍ល្អ និង ចង់ហាត់បានយូរជាងហាត់ប្រាណនៅខាងក្នុង។ វាជួយដុតកាឡូរីច្រើនជាង ម្យ៉ាងបរិយាកាសខាងក្រៅក៏នឹងធ្វើឱ្យសុខភាពខួរក្បាល និង ស្មារតីល្អប្រសើរផងដែរ។
៨. បង្កើតទំនាក់ទំនង និងបណ្តាញ
សហគ្រិនជោគជ័យដឹងច្បាស់ថាកម្មវិធី និងការជួបជុំ គឺជាកន្លែងប្រមូលផ្តុំទៅដោយឱកាសក្នុងការជួបមនុស្សថ្មីៗ និងរៀនអ្វីថ្មីៗពីនរណាម្នាក់ដែលមិនធ្លាប់ជួប។ បង្កើតការជួបជុំជាមួយមិត្តភក្តិ មិត្តរួមការងារ ឬ មិត្តភក្តិថ្មីៗ បើពួកគេមិនទំនេរអាចជ្រើសរើសឱកាសល្អនៅចុងសប្តាហ៍បន្ទាប់ណាមួយ។ មិនដូច្នោះ អ្នកអាចឆែកមើលកម្មវិធីនៅលើបណ្តាយសង្គម ដែលបច្ចុប្បន្ន គេមានការបង្កើតកម្មវិធីជួបជុំដោយឡែកៗ កម្មវិធីខ្លះប្រជុំទៅដោយអ្នកជំនួញ ខ្លះតារាសិល្បៈ ខ្លះអ្នកមានមុខមាត់ក្នុងសង្គម និងខ្លះទៀតចង្កោមទូទៅដែលសុទ្ធសឹងជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនង៕