គន្លឹះល្អៗសម្រាប់ជីវិត និង អាជីពពីលោក ឡី កំថូង ស្ថាបនិកឆ្នើមផ្នែកបច្ចេកវិទ្យានៅកម្ពុជា
លោក ឡី កំថូង ត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន CheckinMe ដែលបង្កើតបច្ចេកវិទ្យាថ្មីនៃការស្រង់វត្តមានតាម QR កូដដំបូងគេបង្អស់នៅកម្ពុជា។ ស្ថានិកវ័យក្មេងសង្ហារូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យន័រតុន។ បន្ទាប់មកលោកបានបន្តរៀនផ្នែកបច្ចេកវិទ្យាទូរស័ព្ទដៃនៅប្រទេសឥណ្ឌា។ មុនបើកអាជីវកម្ម លោកក៏ធ្លាប់មានបទពិសោធការងារមួយចំនួននៅប្រទេសជប៉ុន អង់គ្លេស ម៉ាឡេស៊ី និង សិង្ហបុរីផងដែរ។
ប្រឡូកវិស័យជំនួញពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យា ស្ថាបនិកមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះ ធ្លាប់បានចូលរួមប្រកួត និង ឈ្នះពានរង្វាន់ពីកម្មវិធីជាតិ និង អន្តជាតិជាច្រើន។ ក្នុងនោះមានដូចជា ជ័យលាភីលំដាប់រងទី ១ ឬ លេខ ២ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងកម្មវិធី Alibaba Cloud Global Contest របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅលើពិភពលោក, ពានរង្វាន់ការចាប់ផ្តើមអាជីវកម្មឌីជីថលល្អបំផុតពី Cambodia Digital Awards 2022, ចំណាត់ថ្នាក់ទី ៣ ពីកម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម KE SME Awards 2022 និង ឈ្នះពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងក្នុងកម្មវិធី Cambodian Young Entrepreneur Award 2022។
ជាសហគ្រិនវ័យក្មេង ជារឿយៗលោក ឡី កំថូង តែងចែករំលែកនូវគន្លឹះល្អៗនៅលើបណ្តាញសង្គមទាក់ទិននឹងជីវិត វិស័យការងារ ក៏ដូចជាភាពជាអ្នកដឹកនាំ។ ចំណោមសារដែលជាគន្លឹះល្អៗ យើងបានច្បិចយកសារចំនួន ៣ ដែលអាចមានប្រយោជន៍ដូចខាងក្រោម ៖
«ដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់បុគ្គលិក»
ដើម្បីអាចរៀបចំតារាងការងារត្រូវតាមកម្លាំង និង សមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រងត្រូវចាំបាច់ដឹងពីសមត្ថភាពរបស់បុគ្គលិកម្នាក់ៗជាមុនសិន។ លោក Peter Drucker បានលើកឡើងថា នៅក្នុងអង្គភាពមួយតែងមានរឿង ៣ យ៉ាង កើតមានឡើងជានិច្ច ៖
១. គឺការប៉ះទង្គិចគ្នា មិនថាពាក្យសម្ដី ឬ កាយវិការ
២. គឺការយល់ច្រឡំ
៣. គឺការធ្វើការមិនបានល្អ
ដូច្នេះ គ្រប់អ្វីៗទាំងអស់សុទ្ធតែត្រូវការភាពជាអ្នកដឹកនាំ។ មូលហេតុសំខាន់ដែលនាំឱ្យកើតមានឡើងនូវរឿងទាំង៣នេះ គឺដោយសារតែអ្នកគ្រប់គ្រងមិនបានដឹងពីសមត្ថភាព និង ទេពកោសល្យរបស់បុគ្គលិកម្នាក់ៗ។
ការចេះតែប្រើបុគ្គលិកទាំងមិនដឹងពីជំនាញ រួមទាំងចំណុចខ្លាំង និង ខ្សោយរបស់ពួកគេ វាជាការខាតបង់ដ៏ធំរបស់អង្គភាព។ មានពេលខ្លះវាអាចក្លាយជាបញ្ហាទៀតផង។ ការចេះប្រើប្រាស់មនុស្សឱ្យត្រូវតាមសមត្ថភាព និង ទេពកោសល្យ វាជាជំនាញរបស់អ្នកគ្រប់គ្រង។
ប្រសិនបើពួកគេមិនអាចយល់ពីរបៀបប្រើប្រាស់មនុស្សនេះ នោះការរីកចម្រើននឹងគ្មាន តែអ្វីដែលមានគឺបញ្ហាដែលកើតឡើងមិនចេះចប់។
«វិធី ៤ យ៉ាងដើម្បីលើកទឹកចិត្តខ្លួនឯងពេលជួបរឿងស្មុគស្មាញ»
១. ដាក់គោលដៅដ៏ច្បាស់លាស់មួយ ៖ អ្នកគួរតែកំណត់គោលដៅដ៏ច្បាស់លាស់មួយសម្រាប់ខ្លួនឯងថាអ្នកចង់ធ្វើអ្វី ឬ ចង់បានអ្វីឲ្យពិតប្រាកដ។
២. ស្គាល់ពីខ្លួនឯង ៖ មនុស្សភាគច្រើនមានបញ្ហានៅក្នុងជីវិតច្រើន ដោយសារតែពួកគេមិនដឹងថាពួកគេជាអ្នកណាឱ្យពិតប្រាកដ ហើយអ្នកខ្លះថែមទាំងមិនដឹងថាក្ដីសុខរបស់ពួកគេជាអ្វីថែមទៀតផង។
៣. បង្កើតទម្លាប់ជោគជ័យ ៖ បើសិនទម្លាប់របស់អ្នកមានផលប៉ះពាល់ដល់អ្នក អ្នកគួរតែផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងពេលឥឡូវនេះតែម្ដងទៅ ដោយមិនបាច់ចាំពេលនេះពេលនោះទេ។
៤. គិតថាហេតុអ្វីបានជាចាប់ផ្ដើមធ្វើអ្វីដែលកំពុងធ្វើ ៖ ចំណុចមួយនេះមានប្រសិទ្ធភាពបំផុតជាពិសេសនៅពេលដែលអ្នកចង់បោះបង់ចោលនូវអ្វីដែលកំពុងតែធ្វើ ដោយសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមវានៅពេលដំបូង? សំណួរមួយអ្នកអាចធ្វើឱ្យអ្នកមានកម្លាំងចិត្តមកវិញបានយ៉ាងឆាប់រហ័សផងដែរ។
«បុរសវ័យជិត ៣០ ឆ្នាំ ត្រូវធ្វើឱ្យបានរឿងទាំង ៨ ចំណុចនេះ ដើម្បីសេចក្តីសុខគ្រួសារ»
១. មានប្រភពចំណូលមួយជាក់លាក់ ៖ មិនមែនដើម្បីហ៊ឺហានោះទេ តែដើម្បីហូបចុកគ្រប់គ្រាន់ និង ផ្តល់ភាពកក់ក្តៅឱ្យមនុស្សដែលខ្លួនស្រឡាញ់។
២. មានចំណេះវិជ្ជា ៖ មិនចាំបាច់ជាបណ្ឌិតក៏បាន តែសុំត្រឹមតែអាននិង ដឹងរឿងឱ្យបានច្រើនពីសង្គមមួយនេះ។
៣. មានគោលដៅ ៖ បើគ្មានគោលដៅជីវិតទេ រស់ថ្ងៃនេះដូចម្សិលមិញ ជីវិតគ្មានន័យទេ។
៤. ចេះបដិសេធ ៖ មិនមែនរឿងរ៉ាវទាំងអស់សុទ្ធតែមានការចូលរួមពីយើងទេ មិត្តមិនចាំបាច់ច្រើនទេ មនុស្សស្មោះពីរបីនាក់គ្រប់គ្រាន់ហើយ។
៥. សងគុណ ៖ ពុំចាំបាច់គិតថាទាល់តែខ្លួនមានបានហើយចាំសងគុណ ពេលខ្លះអ្វីគ្រប់យ៉ាងអាចនឹងហួសពេល។
៦. មានស្នេហា ៖ ពុំចាំចាប់រកអ្នកល្អឥតខ្ចោះទេ ហើយក៏ពុំចាំបាច់មានបានខ្លាំងនោះដែរ ដៃគូល្អអាចធ្វើឱ្យយើងសម្រេចគោលដៅលឿន។
៧. ចេះទំនាក់ទំនង ៖ ទោះបីជាមិនចូលចិត្តក៏ដោយ សង្គមនេះយើងមិនអាចរស់តែឯងនោះទេ ព្យាយាមសាងញាតិឱ្យបានច្រើន។
៨. ចេះធ្វើម្ហូប ៖ ដើម្បីសុខភាព សន្សំសំចៃ និង សុភមង្គល ពេលខ្លះវាក៏ជាក្តីសុខមួយដែរ៕