៧ យ៉ាង សម្រាប់ការត្រៀមខ្លួនជំនួបពិភាក្សាធុរកិច្ចអាហារថ្ងៃត្រង់
Business Lunch ឬពិភាក្សាធុរកិច្ចអាហារថ្ងៃត្រង់ គឺជាការជួបប្រជុំពិភាក្សាការងារដែលធ្វើឡើងនៅពេលអាហារថ្ងៃត្រង់។ ការប្រជុំបែបនេះគេតែងធ្វើឡើងនៅកន្លែងទទួលទានណាមួយ ដូចជាក្នុងភោជនីយដ្ឋាន ឬក្នុងបន្ទប់ប្រជុំដែលមានរៀបចំបដិសណ្ឋារកិច្ចពិសាភោជនាហារ។ ជាអ្នកធ្វើជំនួញជៀសមិនផុតឡើយពីការជួបប្រជុំបែបនេះ ហើយការប្រជុំនេះក៏ជាស្ទីលទាន់សម័យមួយដែលជួយឱ្យការពិភាក្សាមើលទៅបែបអាជីព មានភាពច្នៃប្រតិដ្ឋ និងប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះជាចំណុចសំខាន់ៗដែលគួរដឹង និងត្រៀមខ្លួននៅពេលអ្នកមានជំនួប Business Lunch ជាមួយនរណាម្នាក់៖
១. ជៀសវាងសកម្មភាពរំខាន៖ ជៀសវាងធ្វើសកម្មភាពដែលរំខានដល់ពេលកំពុងទទួលទានអាហារដូចជា ការលើកទូរស័ព្ទ ចុចទូរស័ព្ទ ឬផ្ញើអ៊ីម៉ែលជាដើម។ វាជាសកម្មភាពបង្ហាញភាពមិនសមរម្យ និងកាត់ចង្វាក់ការសន្ទនា។ អ្វីដែលល្អបំផុតធ្វើយ៉ាងណាឱ្យភ្ញៀវផ្តោតការយកចិត្តទុកដាក់មកលើអ្នក។
២. កុម្មង់ម្ហូប៖ បើអ្នកជាអ្នករៀបចំការប្រជុំ អ្នកត្រូវដឹងពីប្រភេទភ្ញៀវថាតើពួកគេជាជនជាតិអ្វី មានចំណូលចិត្តបែបណា និងគួររៀបចំបដិសណ្ឋារកិច្ចបែបម៉េចទើបស័ក្តិសម។ តែបើអ្នកជាអ្នកត្រូវបានអញ្ជើញ ប្រាកដណាស់អ្នកត្រៀមតែខ្លួនចូលរួមគឺរួចរាល់។ អ្វីដែលគួរចំណាំទៀតនោះ ពេលកំពុងចូលតុបើគេកុម្មង់អ្វី យើងក៏កុម្មង់ហ្នឹងឱ្យសមរម្យកុំឱ្យលើសគេ។ គួរឱ្យដឹងដែរថា ភោជនាហារបែបនេះបើចង់ផឹកគ្រឿងស្រវឹង គួរផឹកតិចតួចបំផុត ព្រោះបើផឹកច្រើនកាលណាអាចធ្វើឱ្យបាត់បង់អារម្មណ៍ផ្ចង់លើប្រធានបទ។
៣. ស្លៀកពាក់សមរម្យ៖ គេថាការស្លៀកពាក់ត្រូវទៅតាមកាលៈទេសៈជាមន្តស្នេហ៍ទាក់ទាញបំផុតរបស់អ្នកជំនួញជោគជ័យ។ អ្នកអាចសួរទៅកាន់ភ្ញៀវដែលត្រូវជួបអំពីការស្លៀកពាក់ឬអាចឆែកមើលភោជនីយដ្ឋានមុនសិនក៏បាន។ បើភោជនីយដ្ឋានមើលទៅលំដាប់ អ្នកអាចស្លៀកពាក់ជាលក្ខណៈផ្លូវការ។ តែបើមើលទៅភ្ញៀវមានរសនិយមសាមញ្ញ អ្នកអាចស្លៀកពាក់សមរម្យយ៉ាងណាកុំឱ្យលើសពួកគេ។
៤. សុជីវធម៌ទទួលទាន៖ សព្វមួយដង ការនិយាយត្រូវតែធ្វើឡើងនៅពេលមាត់មិនមានអាហារ ប៉ុន្តែដោយសារការជួបនេះជាលក្ខណៈពិភាក្សាជំនួញអាហារថ្ងៃត្រង់ ពិតណាស់ជៀសមិនផុតពីការនិយាយជាប់មាត់មិនចេះចប់ឡើយ។ ដូច្នេះពេលដាក់អាហារចូលមាត់ គួរដាក់តិចតួច ឬបរិភោគម្តងបន្តិចៗដែលវាអាចជួយឱ្យអ្នកនៅតែអាចសន្ទនាគ្នាបាន។ ការបរិភោគបែបនេះ មើលទៅសមរម្យ និងមើលទៅនៅតែមានលក្ខណៈអាជីព។
៥. បង្ហាញការបើកចិត្ត និងឱ្យតម្លៃ៖ មិនថាជំនួបជាមួយអ្នកជំនួញតូចក្តីធំក្តី អ្នកគប្បីបង្ហាញពីសណ្តានចិត្ត និងមិនប្រកាន់វណ្ណៈ សូម្បីតែអ្នករត់តុក៏ត្រូវបានរាប់បញ្ចូលផងដែរ។ ការប្រកាន់ខ្ជាប់បែបនេះវាបង្ហាញពីការមានទំនាក់ទំនងល្អ និងឱ្យតម្លៃមនុស្សជុំវិញខ្លួន។
៦. ជៀសវាងអាហារប្រើដៃ៖ ស្លាបមាន់បំពង ភីហ្សា និងហ៊ែមបឺហ្គើរ ជាអាហារឆ្ងាញ់ តែវាដូចជាសាំញាំបន្តិចក្នុងការទទួលទាន ជួនអាចធ្វើឱ្យប្រឡាក់មាត់ឬជាប់ធ្មេញ ហើយថែមទាំងប្រឡាក់ដៃទៀតផង។ គួរកុម្មង់អាហារណាដែលប្រើសមស្លាបព្រាទទួលទានទើបប្រសើរ។
៧. កុំនិយាយឆ្ងាយពីប្រធានបទ៖ ការនិយាយតិចតួចក្រៅប្រធានបទអាចធ្វើឱ្យអ្នកស្គាល់គ្នាកាន់តែច្រើនជាងមុន។ តែយ៉ាងណា ជំនួបគ្នានេះជាការពិភាក្សាគ្នាអំពីការងារ និងជំនួញ អ្នកគួរតែផ្តោតលើប្រធានបទឱ្យបានច្រើនជាង ទើបធ្វើឱ្យការប្រជុំឆាប់ទទួលបានប្រសិទ្ធភាព៕