គំនិតរកស៊ី AI ដ៏មានសក្តានុពលចំនួន ៦ ដែលអាចធ្វើឱ្យអ្នកកើបលុយក្លាយជាអ្នកមានដោយមិនដឹងខ្លួន
បដិវត្តន៍ឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាបានជ្រៀតចូលទៅផ្លាស់ប្តូរអ្វីច្រើនយ៉ាងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ មួយក្នុងចំណោមនោះ បច្ចេកវិទ្យា AI (Artificial Intelligence) ឬ បញ្ញាសិប្បនិម្មិតបានកំពុងពេញនិយម និង កំពុងដើរតួជំនួសមនុស្សដោះស្រាយបញ្ហានានានៅក្នុងវិស័យផ្សេងៗដូចជា សុខភាព ដឹកជញ្ជូន កម្សាន្ត និង ហិរញ្ញវត្ថុ ជាដើម។ ប្រសិនបើអ្នកចង់វិនិយោគទៅលើផ្នែកបច្ចេកវិទ្យា ឥឡូវនេះវាជាពេលដ៏ត្រឹមត្រូវសម្រាប់ការធ្វើជំនួញ AI។ យើងសូមលើកយកគំនិតវិនិយោគ AI ដ៏មានសក្តានុពលចំនួន ៦ ដែលអាចធ្វើឱ្យអ្នកកើបលុយក្លាយជាអ្នកមានដោយមិនដឹងខ្លួន។
១. AI តាមដានសុខភាព
ការទៅមន្ទីរពេទ្យតាមដានសុខភាពញឹកញាប់អាចជារឿងគួរឱ្យធុញទ្រាន់ ដោយឡែកប្រព័ន្ធ AI អាចធ្វើបដិវត្តតាមដានសុខភាពដោយខ្លួនឯងគ្រប់វិនាទី ជាពិសេសវាអាចផ្តល់ដំណឹងដល់យើងមុនអ្វីមួយកើតឡើង។ យើងអាចស្រមៃថា វាល្អយ៉ាងម៉េចទៅនៅពេលមានត្រឹមតែឧបករណ៍មួយពាក់ ដែលវាមិនត្រឹមតែអាចតាមដានរង្វាស់សុខភាពមូលដ្ឋានប៉ុណ្ណោះទេ តែថែមទាំងអាចព្យាករពីស្ថានភាពសុខភាពដែលអាចកើតមានមុនពេលឆ្ពោះទៅរកធ្ងន់ធ្ងរផងដែរ។ អ្នកអាចវិនិយោគទៅលើម៉ាស៊ីនដែលអាចវិភាគទិន្នន័យនៃរបៀបរស់នៅរបស់មនុស្ស ហ្សេន និងស្ថានភាពសុខភាពប្រចាំថ្ងៃ។ បន្ទាប់
មកបង្កើតឱ្យមានការ Subscribe សេវាកម្មផ្សេងៗដោយមានការបង់ប្រាក់។ ឧទាហរណ៍ដូចជា សេវាកម្មតាមដានសុខភាពប្រចាំថ្ងៃ សេវាកម្មប្រឹក្សាយោបល់ជាមួយគ្រូពេទ្យតាមអនឡាញ ឬការទាញយកវីដេអូណែនាំការថែទាំសុខភាពជាដើម។
២. AI ស្វែងរកបុគ្គលិក
វាអាចជួយក្រុមហ៊ុនចំណេញទាំងពេលវេលា និងការចំណាយទៅលើការផ្សព្វផ្សាយ។ អាចអ្នកបង្កើតទម្រង់ Platform ដែលអាចវិភាគទៅលើ CV និងកំណត់ចាប់យកអ្នកដែលមានជំនាញ បទពិសោធ កម្រិតវប្បធម៌ ក៏ដូចជាប្រភេទបុគ្គលឱ្យត្រូវទៅតាមតំណែងដែលជ្រើសរើស។ វាផ្តល់ភាពងាយស្រួលទាំងក្រុមហ៊ុន និងអ្នកកំពុងរកការងារធ្វើ។ អ្នកអាចរកចំណូលតាមរយៈការ Subscribe ពីក្រុមហ៊ុនផង ពីអ្នកកំពុងស្វែងរកការងារផង និងអ្នកកាន់ផ្នែកខាងធនធានមនុស្សផងដែរ។
៣. AI សិក្សាអនឡាញ
AI សិក្សាអនឡាញបែបទំនើប ត្រូវតែជា AI ដែលបង្កើតបទពិសោធថ្មីៗដល់ការរៀន។ អ្នកអាចបង្កើត Platform ដែលអាចឱ្យសិស្សសិក្សាបែបផ្ទាល់ខ្លួន និងពេលណាក៏បាន ឯគ្រូបង្រៀនអាចបើកវគ្គបង្រៀនតាមរយៈវីដេអូឬអនឡាញ ឬអាចជាការរៀនស្វែងយល់ពីចំណង់ចំណូលចិត្តអ្វីមួយដើម្បីបង្កើតជំនាញថ្មី។ អ្នកអាចរកចំណូលតាមរយៈការ Subscribe App, ថ្លៃវគ្គសិក្សា និង ចាប់ដៃគូជាមួយស្ថាប័នអប់រំជាដើម។
៤. AI គ្រប់គ្រងការប្រើប្រាស់ថាមពល
AI អាចដើរតួគ្រប់គ្រងការប្រើប្រាស់ថាមពលបានយ៉ាងមានប្រសិទ្ធភាព។ វាអាចកំណត់ការប្រើប្រាស់ថាមពលមិនថាលើឧបករណ៍អេឡិចត្រូនិច ឬប្រព័ន្ធផ្សេងៗនៅក្នុងផ្ទះ ដោយមិនចាំបាច់មានមនុស្សនៅចាំអន្តរាគមន៍។ ជារួម វាផ្តល់ផលវិជ្ជមានទាំងបរិស្ថាន និងការសន្សំសំចៃ។ អ្នកអាចរកចំណូលតាមរយៈការលក់ Hardware និង Software រួមទាំងអាចចាប់ដៃគូជាមួយខាងផ្គត់ផ្គង់សេវាកម្មសាធារណៈដូចជា ទឹក ភ្លើង និងប្រព័ន្ធទូរស័ព្ទ។
៥. AI បង្កើតមាតិកា
ការបង្កើតមាតិកាគឺជាស្តេចនាំមុខមួយនៅក្នុងយុគសម័យឌីជីថល ប៉ុន្តែ AI បង្កើតមាតិកាដែលមានគុណភាពទាមទារឆ្លងកាត់ការធ្វើតេស្តក្នុងកម្រិតខ្ពស់ផងដែរ។ អ្នកអាចធ្វើ Platform ដែលអាចសម្រួលអត្ថបទសរសេរឱ្យមានគុណភាពខ្ពស់, អាចបង្កើតការសរសេរទៅជាសំឡេង ទៅជារូបភាព ឬផ្លាស់ប្តូរសំឡេង និងផ្លាស់ប្តូររូបភាពជាដើម។ និយាយឱ្យចំវាជា Platform មួយដែលអាចជួយសម្រួលដល់អ្នកសារព័ត៌មាន, អ្នកបង្កើតមាតិកា, អ្នកខាងផ្នែកទីផ្សារ រាប់បញ្ចូលទាំងអ្នកផលិតភាពយន្តផងដែរ។ អ្នកអាចរកចំណូលតាមរយៈការ Subscribe App, ការបង់លុយតាមចំនួនមាតិកាដែលបានទិញ និងលក់អាជ្ញាបណ្ណឱ្យទៅខាងភ្នាក់ងារទីផ្សារ។
៦. AI ប្រឹក្សាហិរញ្ញវត្ថុស្វ័យប្រវត្តិ
ខណៈមនុស្សបច្ចុប្បន្នបានកំពុងចាប់ផ្តើមខ្វាយខ្វល់ទៅលើការចាយវាយ តម្រូវការនៃការប្រឹក្សាផ្នែកហិរញ្ញវត្ថុក៏កាន់តែកើនឡើងផងដែរ។ AI នេះមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ដោយ បូក ដក គុណ ចែក និងរៀបចំណូលចំណាយបានលឿនជាងមនុស្សដោយគ្រាន់តែបំពេញតួលេខទៅតាមផ្នែកនីមួយៗប៉ុណ្ណោះ។ អ្នកអាចបង្កើត Platform ដែលអាចផ្តល់យុទ្ធសាស្ត្រក្នុងការវិនិយោគ, បង្ហាញពីហានិភ័យ និង ការគ្រប់គ្រងហិរញ្ញវត្ថុ៕