ស្អាតហើយខ្លាំងទៀត! ម្ចាស់ហាងនំដ៏ល្បីវ័យក្មេង បង្ហើបយុទ្ធសាស្ត្រធ្វើទីផ្សារក្នុងសម័យឌីជីថល
ជឿជាក់ថាប្រិយមិត្តមួយចំនួនធំ ជាពិសេសយុវវ័យប្រាកដជាធ្លាប់បានឃើញ និង បានស្គាល់រួចមកហើយនូវម្ចាស់ហាងនំខេកដ៏ល្បី The Cake ដោយហេតុម្ចាស់ហាងរូបនេះ តែងចេញមុខញឹកញយតាមរយៈការបង្ហោះវីដេអូផ្សព្វផ្សាយសេវាកម្ម ក៏ដូចជាអាជីវកម្មរបស់ខ្លួននៅលើបណ្តាញសង្គម។ បច្ចុប្បន្ន ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះមិនត្រឹមតែរីកចម្រើនបង្កើតហាងនំដល់ទៅជាង ១០ សាខា ទំាងនៅទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង សៀមរាប និង កំពង់ចាម នោះទេ តែថែមទាំងបានបង្កើតសាលាបង្រៀនធ្វើធំ និង កន្លែងផលិតនំលក្ខណៈទ្រង់ទ្រាយធំផងដែរ។
កញ្ញា ដាវ ឬ មានឈ្មោះពិតថា ម៉ៅ សាលីន គឺជាម្ចាស់ម៉ាកយីហោហាងនំ The Cake ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងវិស័យនំ។ វ័យទើបតែ ២៣ ឆ្នាំ កញ្ញាមានអាជីវកម្មក្នុងដៃដែលមានអាយុកាលរហូតដល់ទៅ ៨ ឆ្នាំ ពោលគឺកញ្ញាបានចាប់ផ្តើមវាតាំងតែពីពេលកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យម្ល៉េះ។ កញ្ញាបាននិយាយប្រាប់ថា មកដល់ចំណុចនេះអាជីវកម្មរបស់ខ្លួនបានដើរមកដល់ចំណុចមួយដែលរឹងមាំ និង ស្ថិតស្ថេរ ហើយក៏កំពុងបន្តរីកចម្រើនរៀងរាល់ថ្ងៃ។
ផ្អែកតាមបទពិសោធផ្ទាល់ខ្លួន កញ្ញា ដាវ បានលើកឡើងពីការដឹកនាំអាជីវកម្មដោយរមែងប្រកាន់ខ្ជាប់ទៅលើចំណុច ៣ សំខាន់ៗ។ ទី ១ មិនថាអាជីវកម្មរកចំណូលឱ្យយើងច្រើនប៉ុនណា មិនថាយើងជាថៅកែខ្លាំងប៉ុនណា យើងត្រូវតែបន្តធ្វើវារហូតឱ្យបានជាប់លាប់ និង ខ្ជាប់ខ្ជួន, ទី ២ បង្កើតក្រុមការងារដែលខ្លាំង សំខាន់ត្រូវតែជាក្រុមការងារដែលមានភាពស្មោះត្រង់ និង ឆ្លាតវៃ, ទី ៣ ពេលជួបបញ្ហា កុំបោះបង់ខ្លួនឯង កុំបាក់ទឹកចិត្ត កុំស្លន់ស្លោ ព្រោះពេលខ្លះគ្រប់យ៉ាងមិនអាក្រក់ដូចអ្វីដែលយើងគិតនោះទេ។
ជាអ្នករកស៊ីទាន់សម័យ ជានិច្ចកាលសហគ្រិនឆ្លាតវៃ កញ្ញា ដាវ តែងអភិវឌ្ឍយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារឱ្យដេញទាន់ទៅតាមសម័យកាល។ កញ្ញារៀបរាប់ថា ៖ «សម័យនេះមនុស្សទូទៅភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទសឹងតែទាំងអស់ អីចឹងបើចង់លក់ឱ្យបាន គឺត្រូវតែលក់នៅក្នុងទូរស័ព្ទឱ្យខ្លាំង ឬ យើងហៅថាលក់អនឡាញ ហើយដែលសំខាន់ទៀតនោះយើងត្រូវដឹងច្បាស់ពីការអភិវឌ្ឍយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារ។ ដូចឃើញជាក់ស្តែងពីមុនមនុស្សយើងអានសៀវភៅ ពេលមានវិទ្យុមនុស្សស្តាប់វិទ្យុ ពេលមានទូរទស្សន៍មនុស្សមើលទូរទស្សន៍ ដល់ពេលមានហ្វេសប៊ុកមនុស្សចាប់ផ្តើមមើលរូប ហើយក៏វិវត្តពេញនិយមទៅលើការមើលវីដេអូ ដូច្នេះយើងត្រូវតែមានភាពឆ្លាតវៃ និង គំនិតច្នៃប្រតិដ្ឋខ្ពស់ដេញឱ្យទាន់ទៅតាមការពេញនិយមរបស់មនុស្ស»។
កាលពីអំឡុងផ្ទុះកូវីដ-១៩ អាជីវកម្មស្ទើរគ្រប់វិស័យសុទ្ធតែជួបបញ្ហារាំងស្ទះ តែយ៉ាងណាមិញ វាបានក្លាយជាឱកាសមួយដែលបង្វែរការធ្វើទីផ្សារទាំងស្រុងរបស់ស្ថាបនិកាខ្លួនតូចមហិច្ឆតាធំរូបនេះ។ កញ្ញា ដាវ រំឭកថា ៖ «ខ្ញុំគិតថាពេលនោះវាជាឱកាសតែមួយគត់ដែលតម្រូវឱ្យមនុស្សប្រើតិចណូឡូជី និង ចេះបង្ហាញការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលជាកន្លែងប្រមូលផ្តុំភ្ជាប់ទំនាក់ទំនងរបស់មនុស្សគ្រប់គ្នា។ មានន័យថា ឱ្យតែយើងចេះបង្ហាញផលិតផលដែលត្រូវដាក់លក់ឱ្យមនុស្សឃើញ ចេះពន្យល់ចំណុចពិសេសនៃផលិតផល និង បង្កើតគោលបំណងឱ្យអ្នកទិញ នោះគេប្រាកដជាចង់ទិញមិនខាន។ និយាយឱ្យចំគេហៅថាឱកាសក្នុងបញ្ហា ហើយវាក៏ជាឱកាសធំតែម្តង»។
ជាសហគ្រិនវ័យក្មេង តែពោរពេញទៅដោយបទពិសោធ កញ្ញា ដាវ ម្ចាស់ The Cake មានសារលើកទឹកចិត្តដល់ស្ត្រីយ៉ាងដូច្នេះថា ៖ «ខ្ញុំលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបដែលកំពុងធ្វើអាជីវកម្មនៅគ្រប់វិស័យ ឬ មិនទាន់រកឃើញខ្លួនឯងប្រកបក្នុងវិស័យណាមួយ គួរបន្តមានកម្លាំងចិត្ត ហើយយកកម្លាំងចិត្តទាំងអស់នេះទៅធ្វើអ្វីមួយដែលខ្លួនស្រមៃ និង ធ្វើវាដោយវិធីឆ្លាតវៃដើម្បីបានជាប្រយោជន៍។ ពេលខ្លះយើអាចស្រឡាញ់នូវអ្វីដែលខ្លួនយើងចង់ធ្វើ ឬ ចង់ធ្វើអ្វីដែលខ្លួនស្រឡាញ់ តែអ្វីទាំងអស់នោះមិនប្រាកដថាបានជាប្រយោជន៍សម្រាប់យើងឡើយ ដូច្នេះយើងត្រូវចេះច្នៃធ្វើរឿងដដែលដោយប្រើវិធីសាស្ត្រឆ្លាតវៃយកមកជាប្រយោជន៍ដើម្បីដុតកម្លាំងចិត្តបន្ថែមទៀត។ ដូចទៅនឹងភ្នក់ភ្លើង ទោះធំប៉ុនណា ឆេះខ្លាំងប៉ុនណា បើមិនដុតបន្តវានឹងរលត់មិនខាន»៕