ចង់ឱ្យក្រុមហ៊ុនរីកចម្រើន ពេលជ្រើសរើសបុគ្គលិកត្រូវគិតលើ ៥ ចំណុចនេះ
នៅពីក្រោយអាជីវកម្មដ៏រឹងមាំរមែងតែមានក្រុមការងារដ៏មានថាមពល។ ក្រុមការងារល្អតែងកសាងភាពជោគជ័យដល់អាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលក្រុមការងារទន់ខ្សោយអាចនឹងបង្កហានិភ័យដល់អាជីវកម្មធ្លាក់ចុះគ្រប់ពេលវេលា។ ការជ្រើសរើសបុគ្គលិកគឺពិតជារឿងដ៏សំខាន់ ដូចនេះបើអ្នកកំពុងត្រៀមបើកក្រុមហ៊ុនរកស៊ីអ្វីមួយ អ្នកគួរគប្បីជ្រើសរើសបុគ្គលិកដោយគិតទៅលើ ៥ ចំណុចនេះ ៖
១. ភាពសកម្ម
បុគ្គលដែលសកម្មពួកគេជាមនុស្សឆាប់យល់ច្បាស់ពីតួនាទី ពួកគេដឹងច្បាស់ថាអ្វីត្រូវធ្វើដោយមិនចាំបាច់មាននរណាមកប្រាប់ឡើយ។ បុគ្គលិកប្រភេទនេះអាចជួយបង្កើតផលិតភាពដល់ក្រុមហ៊ុន និង ធ្វើឲ្យក្រុមហ៊ុនបោះជំហានទៅមុខលឿនលើសពីការរំពឹងទុក្ខ។
២. ងាយទំនាក់ទំនង និង ឆាប់យល់សាច់ការ
ត្រង់ចំណុចនេះ នៅពេលដែលអ្នកជាម្ចាស់ក្រុមហ៊ុនប្រគល់ការងារណាមួយឲ្យពួកគេទទួលខុសត្រូវជំនួស ពួកគេគួរតែអាចស្តាប់អ្នក យល់ពីអ្វីដែលអ្នកនិយាយគ្រប់យ៉ាង និង ទទួលខុសត្រូវដោយការគោរព ហើយពួកគេក៏ដឹងថាអ្នកអាចជាមនុស្សម្នាក់ដែលអាចជួយជំរុញពួកគេនៅក្នុងការសម្រេចគោលដៅជោគជ័យផងដែរ។
៣. ត្រូវនឹងតួនាទី
នៅពេលជួលបុគ្គលិកណាម្នាក់ អ្នកគួរកាត់ចោលភាពលម្អៀងតាមដែលអាចធ្វើទៅបាន ដូចជាការជ្រើសរើសយកតែអ្នកដែលជាសមាជិកគ្រួសារមកកាន់តំណែង តែមិនមានសមត្ថភាពដល់តួនាទី ឬមិនត្រូវនឹងតួនាទី។ ការជួលបុគ្គលិកដ៏ត្រឹមត្រូវបំផុត អ្នកត្រូវប្រាកដថាពួកគេមានបទពិសោធ ជំនាញ និង អត្តចរិតដែលត្រូវនឹងតំណែងដែលអ្នករំពឹងទុក។
៤. ចេះរៀបចំបានល្អ និង មានវិនយខ្លួនឯង
ប្រសិនបើអ្នកសម្ភាសបុគ្គលប្រភេទនេះ អ្នកអាចសម្គាល់ពួកគេតាមរយៈការមកដល់ទៀងម៉ោង ការត្រៀមខ្លួនរួចរាល់គ្រប់យ៉ាងមិនថាការស្លៀកពាក់ ឯកសារ និងសម្ភារតាមខ្លួនចាំបាច់ផ្សេងៗ ហើយពួកគេក៏ដឹងច្បាស់ថាមកជួបអ្នកដើម្បីអ្វី និងចូលធ្វើការដើម្បីអ្វី។ បុគ្គលប្រភេទនេះ ប្រសិនបើគេធ្វើគម្រោងអ្វីមួយ ពួកគេនឹងចេះរៀបចំ ចេះចាត់ចែង និងធ្វើការឆ្ពោះទៅរកគោលដៅប្រកបដោយប្រសិទ្ធភាព។
៥. ប្តេជ្ញា និងតស៊ូ
មនុស្សដាក់ចិត្តដាក់កាយធ្វើអ្វីមួយ ពួកគេមិនដែលរៀក្រាញនឹងឧបសគ្គមករារាំងឡើយ។ ដូចគ្នាទៅនឹងការជួលបុគ្គលិកប្រភេទនេះ បើអ្នកមានពួកគេនៅក្នុងក្រុមហ៊ុន គឺប្រៀបបីដូចមានទ័ពចម្បាំងដ៏ខ្លាំងក្លាយ ពួកគេនឹងប្តេជ្ញាធ្វើមិនមែនដោយសារតែតួនាទីមួយមុខប៉ុណ្ណោះទេ តែថែមទាំងធ្វើដើម្បីក្រុមហ៊ុន ព្រោះពួកគេគិតថាបើកាលណាក្រុមហ៊ុនជោគជ័យ ពួកគេក៏នឹងជោគជ័យដូចគ្នា៕