មនុស្ស ៥ ប្រភេទនេះ គួររាប់អានចូលក្នុងជីវិត បើបានជួបហើយចាប់ឱ្យជាប់ កុំលែងដៃ ហើយរក្សាឱ្យល្អ
នៅក្នុងសង្គមមនុស្ស មានបុគ្គលជាច្រើនប្រភេទរាប់មិនអស់ ដែលអ្នកបានស្គាល់ និង ប្រាស្រ័យទាក់ទងជាមួយ ខណៈដែលបុគ្គលទាំងនោះ មានមួយចំនួនមានចំណុចអវិជ្ជមាន ដែលតែងតែនាំមកនូវការខាតបង់ដល់អ្នកក្នុងទំនាក់ទំនង ។ ឯបុគ្គលខ្លះទៀតបើបានរាប់អានហើយ តែងនាំអ្នកឆ្ពោះទៅរកមាគ៌ាជីវិតដ៏ប្រសើរ មានតែរឿងវិជ្ជមានក្នុងវិថីជីវិត ។
ដូច្នេះហើយថ្ងៃនេះ យើងសូមលើកយកនូវមនុស្ស ៥ ប្រភេទ ដែលប្រិយមិត្តគួររាប់អាន និង គួរតែរក្សាទំនាក់ទំនងឱ្យបានល្អជាមួយ ខណៈបុគ្គលប្រភេទទាំងនោះ មានដូចជា ៖
១. ប្រភេទមនុស្សដែលមានចិត្តទូលាយ
មនុស្សប្រភេទនេះ បើបានជួបហើយគួរតែរក្សាមិត្តភាពនេះឱ្យបានគង់វង្ស ព្រោះថាគេជាបុគ្គលដែលមិនចេះប្រកាន់ច្រើន មិនចេះនាំរឿងច្រើន មិននាំបញ្ហាដល់អ្នក ។ ផ្ទុយទៅវិញមនុស្សប្រភេទនេះ តែងជួយជ្រោមជ្រែងអ្នក ចេះដឹងទុក្ខធុរៈ និង តែងតែបំពេញនូវរាល់កង្វះខាតដែលអ្នកមាន ។
២. ប្រភេទមនុស្សដែលគិតតែរឿងវិជ្ជមាន
ជាការពិតណាស់ បុគ្គលដែលគិតតែរឿងវិជ្ជមាន តែងនាំអ្នកគិតតែរឿងល្អៗ មិនស្មុគស្មាញច្រើន និង នាំអ្នកឱ្យចូលរួមសកម្មភាពល្អៗ ចាក់ផុតពីសេចក្ដីមន្ទិលនៅក្នុងចិត្ត និង រឿងសៅហ្មងផ្សេងៗបានផងដែរ ។
៣. ប្រភេទមនុស្សដែលមានបទពិសោធជីវិតច្រើន
មនុស្សប្រភេទនេះ ស័ក្តិសមឱ្យអ្នករាប់អានមិនខុសឡើយ ដោយសារតែគេអាចធ្វើជាគ្រូរបស់អ្នកបាន ដោយចែករំលែកនូវបទពិសោធល្អៗ ជាគំរូដែលគេធ្លាប់បានជួបប្រទះ និង អាចឱ្យអ្នកប្រឹក្សាយោបល់បាន នៅពេលជួបបញ្ហាជីវិតផ្សេងៗ ។
៤. ប្រភេទមនុស្សដែលចូលចិត្តលើកទឹកចិត្ត
ជាការពិតណាស់ មនុស្សយើងម្នាក់ៗ គ្មានអ្នកណាម្នាក់គ្មានទុក្ខសោក និង អាចញញឹមបានគ្រប់វេលានោះឡើយ ។ ដូច្នេះបើអ្នកបានជួបមិត្តដែលជា បុគ្គលចូលចិត្តលើកទឹកចិត្ត តែងជួយផ្ដល់កម្លាំងចិត្ត នៅពេលដែលអ្នកមានបញ្ហាជីវិត ឬ ជួបប្រទះទៅនឹងរឿងមិនសប្បាយចិត្តអ្វីមួយ អ្នកគួរតែរក្សាគេឱ្យបានល្អ ព្រោះមនុស្សប្រភេទនេះ កម្ររកបានខ្លាំងណាស់ ហើយក៏ជាបុគ្គលដែលអ្នកគួររាប់អានបំផុត ។
៥. ប្រភេទមនុស្សដែលចេះដឹងគុណ
មនុស្សប្រភេទនេះ អ្នកចាំបាច់ត្រូវការរក្សាគេឱ្យបានល្អ ព្រោះថាគេជាបុគ្គលដែលប្រកបទៅដោយដួងចិត្តស្មោះត្រង់ មិនវាយបកអ្នកនៅពេលដែលអ្នកទន់ខ្សោយឡើយ ។ ផ្ទុយទៅវិញ នៅពេលដែលអ្នកបានធ្វើអំពើល្អ ឬ បានជួយអ្វីមួយដល់គេ គេនឹងចងចាំគុណបំណាច់នេះទុក និង រង់ចាំឱកាសតបស្នងអ្នកនៅពេលដែលអ្នកជួបប្រទះ ទៅនឹងបញ្ហាអ្វីមួយ ៕