ប្រុសៗនៅ Single យូរៗមិនមែន BL ទេ តែមកពីគេរង់ចាំមនុស្សស្រីមាន ៤ យ៉ាងនេះ
មានមនុស្សប្រុសជាច្រើនដែលមើលទៅគេហាក់បីដូចជាមានគ្រប់គ្រាន់អស់ទៅហើយនូវអ្វីដែលគេចង់ធ្វើសម្រាប់ខ្លួនឯងនៅក្នុងជីវិត ដូចជាការថែទាំសុខភាពឱ្យបានល្អមាំមួន មានការសិក្សា មានចំណេះដឹងសមរម្យ ដ៏ដូចជាមានការងារ ឬ មុខរបរដែលទទួលបានថវិកាច្រើនគួរសមសម្រាប់ចិញ្ចឹមជីវិតទៅហើយ ប៉ុន្តែមើលទៅជីវិតរបស់គេហាក់បីដូចពុំទាន់មានសុភមង្គលនៅឡើយ នេះក៏ព្រោះតែគេអាចខ្វះរឿងមួយ គឺស្នេហាដែលច្បាស់លាស់ ។
ចុះបើគេមានសព្វគ្រប់ហើយ ហើយមនុស្សស្រីដែលស្គាល់គ្នាក៏មានច្រើន ហេតុអ្វីគេសុខចិត្តនៅ Single ? អាចទេ! ហេតុផលមកពីគេនៅរងចាំមនុស្សស្រីម្នាក់ដែលមានចំណុច ៤ យ៉ាងដូចខាងក្រោមនេះ ដើម្បីរួមដំណើរជិវិតជាមួយគេ ។
១. មានចរិតចាស់ទុំ ស្គាល់ពីតម្លៃខ្លួនឯង
មនុស្សស្រីដែលមនុស្សប្រុសប្រាថ្នាចង់បានមករួមរស់ជាគូជីវិត គឺជាមនុស្សស្រីដែលមានចរិតចាស់ទុំ ដឹងខុស ដឹងដឹងត្រូវ ជាពិសេសគឺនាងស្គាល់ពីតម្លៃ និង កិតិ្តយសរបស់ខ្លួនឯងច្បាស់លាស់ណាស់ ។ ចរិតចាស់ទុំទីនេះ សំដៅដល់មនុស្សស្រីដែលចេញគិតគូររឿងគ្រួសារដូចជាការទុកដាក់ទ្រព្យសម្បត្តិដោយមិនចាយវាយខ្ជះខ្ជាយ ។ ស្គាល់ខុសត្រូវ គឺមិនមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង ឡេះឡោះ គិតខ្លី ហើយ មានៈចង់តែឈ្នះ ដោយគ្មានមូលហេតុ ។ មនុស្សស្រីដែលមានចរិតចាស់ទុំបែបនេះ គឺអាចជួយកាត់បន្ថយជម្លោះក្នុងគ្រួសារក៏ដូចជា ធ្វើឱ្យគ្រួសារកាន់តែមានសុភមង្គល ។
២. មានកម្រិតវប្បធម៌សមរម្យ
ពិតណាស់ការសិក្សារៀនសូត្រក្រេបយកចំណេះដឹង ជំនាញ គឺពិតជាមានប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានចំពោះមនុស្សគ្រប់រូប មិនមែនតែមនុស្សស្រីនោះឡើយ ។ យ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលមានការរៀនសូត្របានសមរម្យ នាងនឹងយល់ដឹងពីសង្គមបានច្រើន ការដូចជាការរក្សាឥរិយាបថឱ្យសមស្របទៅនឹងសង្គមដែលនាងកំពុងរស់នៅ ។ ស្រ្តីបែបនេះអាចជាខ្នងបង្អែកពីក្រោយខ្នងបុរសជោគជ័យជាច្រើន ប្រៀបដូចគេថា សំណាបយោងដី ស្រីយោងបុរសនោះឯង ។ ហើយនាងពិតជាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហាក្នុងគ្រួសារ ដោយមិនពឹងពាក់លើស្វាមីទាំងស្រុង ។
៣. មានការងារត្រឹមត្រូវ
កាលពីសម័យបុរស មានផ្នត់គំនិតមួយតែងលើកឡើងថា ស្ត្រីបង្វិលចង្រ្កានមិនជុំ ស្រ្តីមានតួនាទីនៅត្រឹមមើលថែទាំទុកដាក់ចានក្បានក្នុងផ្ទះសម្បែង ដាំស្លរ មើលថែទាំកូនប៉ុណ្ណោះឯង ។ ប៉ុន្តែឈានចូលមកដល់សម័យបច្ចុប្បន្ន ស្រ្តីដែលមានជំនាញការងារវិជ្ជាជីវៈ ឬ មុខរបររកស៊ី នាំចំណូលចូលក្នុងគ្រួសារ គឺជាស្រ្តីម្នាក់ដែលគេឱ្យតម្លៃ និង បុរសគ្រប់រូបចង់បានជាទីបំផុត ។ នៅពេលដែលគ្រួសារមួយអាចទទួលបានចំណូលពីភាគីទាំងសងខាង វាក៏ជាផ្នែកមួយអាចជួយឱ្យគ្រួសារមានជីវភាពកាន់តែធូរធារ និង រស់នៅក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារ ហើយនេះជាអ្វីដែលបុរសៗចង់បានផងដែរ ។
៤. សេចក្តីស្រឡាញ់ចំពោះគេដោយស្មោះ
ទោះបីជានារីមានចំណុចទាំង ៣ ខាងលើរួចទៅហើយ ប៉ុន្តែអ្វីដែលបុរសៗចង់បានបំផុតនោះគឺ ថាតើនាងស្រឡាញ់រូបគេដោយស្មោះត្រង់ឬអត់ ? តើនាងពិតជាចាត់ទុកគេជាដៃគូអស់មួយជីវិតឬទេ? សេចក្តីស្រឡាញ់ពិតជាមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយមនុស្ស ២នាក់មិនអាចរស់នៅជាមួយគ្នាដោយខ្វះនូវសេចក្តីស្រឡាញ់ពីភាគីម្ខាងណាឡើយ ។ តួយ៉ាង មនុស្សស្រីខ្លះគឺមើលឃើញតែទ្រព្យសម្បត្តិរបស់គេ ឬ មនុស្សស្រីខ្លះដែលមានសព្វគ្រប់ ទៅជាមើលងាយបុរសក៏មាន ។ ដូច្នេះចំណុចដែលសំខាន់បំផុតដែលប្រុសៗ នៅ Single យូរ អាចថាមកពីគេមិនទាន់រកឃើញមនុស្សស្រីដែលមានក្តីស្រឡាញ់ចំពោះគេដូចគ្នា ៕