អ្នកស្រឡាញ់ «ពណ៌ផ្កាឈូក» ច្រើនតែជាមនុស្សចិត្តទូលាយ មើលពិភពលោកក្នុងផ្លូវវិជ្ជមានរហូត
ធម្មជាតិបង្កើតអ្វីមួយមកសុទ្ធតែមានអត្ថន័យ ខ្លឹមសារ និង ដើមហេតុរបស់វា ។ ជាក់ស្ដែង ពណ៌ក៏ត្រូវបានគេយកទៅសម្គាល់ និង តំណាងឱ្យអត្ថន័យខុសគ្នាៗផងដែរ ជាពិសេសគេរឹតតែអាចសម្គាល់បានទៅលើអត្តចរិតរបស់មនុស្ស នៅពេលដែលពួកគេស្រឡាញ់ពណ៌អ្វីមួយ ។
តួយ៉ាង «ពណ៌ផ្កាឈូក» គឺជាពណ៌ដ៏ពេញនិយមមួយសម្រាប់ក្មេងស្រីតូចៗ ក៏ដូចជាមនុស្សស្រីធំពេញវ័យ ព្រោះពណ៌នេះ វាតំណាងឱ្យសេចក្ដីស្នេហា ការគោរពស្រឡាញ់ចំពោះគ្នា ហើយក៏បង្ហាញពីភាពស្រស់ស្រាយ ទឹកចិត្តបរិសុទ្ធក្នុងភាពជាយុវវ័យរបស់យុវតីផងដែរ ។
បើតាមចិត្តវិទ្យាបានបង្ហាញថា មនុស្សដែលស្រឡាញ់ «ពណ៌ផ្កាឈូក» ជាមនុស្សដែលចិត្តទូលាយបំផុត មានចិត្តមោះមុតឆ្ពោះទៅមុខជានិច្ច ព្រោះពណ៌នេះ តំណាងឱ្យសេចក្ដីសង្ឃឹម អារម្មណ៍ជ្រះថ្លា មើលឃើញបញ្ហាគ្រប់យ៉ាង គឺសុទ្ធតែមានដំណោះស្រាយ ។
សម្រាប់មនុស្សស្រីដែលស្រឡាញ់ «ពណ៌ផ្កាឈូក» វិញ ភាគច្រើនគឺជាមនុស្សស្រីដែលមានមន្តស្នេហ៍ សម្បូរអ្នកចោមរោមស្រឡាញ់ បើមានស្នេហាវិញ គឺពូកែផ្អែមល្ហែមបំផុត ព្រោះពណ៌ផ្កាឈូក បញ្ជាក់ពីសេចក្ដីស្រឡាញ់ និង ស្នេហាគ្មានលក្ខខណ្ឌ ហើយបើនិយាយដល់រឿងមនោសញ្ចេតនាស្នេហាប្រុស-ស្រីវិញ គឺគេប្រៀបប្រដូចនឹងស្នេហាដែលផ្អែមល្ហែម ស្អិតល្មួត ការស្រឡាញ់ដក់ជាប់ក្នុងជម្រៅបេះដូង មិនអាចភ្លេចជារៀងរហូត ៕