លះបង់ជីវិតហ៊ឺហារ មកការពារព្រៃឈើកម្ពុជា កូនៗគាត់ បានត្រឹមរៀនពីឪពុក មិនបានចូលសាលាទេ
លោក បេន ជាជនជាតិអាមេរិក សុខចិត្តលះបង់ទ្រព្យសម្បត្តិ និង សេចក្តីសុខផ្ទាល់ខ្លួន ចាកចេញពីប្រទេសកំណើត នាំប្រពន្ធកូន មករស់នៅក្នុងព្រៃយ៉ាងជ្រៅ នៅតំបន់ភ្នំត្នោត ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីការពារការកាប់បំផ្លាញព្រៃឈើ ។ លោកហ៊ានចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងបេសកម្មការពារព្រៃឈើនេះ រហូតអស់រលីងពីខ្លួន បច្ចុប្បន្នរស់នៅក្រោមការផ្ដល់ជំនួយពីបណ្ដាសប្បុរសជន ការវិភាគទាន និង ប្រាក់លើកទឹកចិត្តពីភ្ញៀវទេសចរណ៍ដែលទៅទស្សនានៅតំបន់នោះ ។
កាលពីថ្មីៗនេះ ព្រះតេជគុណ ពក ពន្លឺ គង់នៅវត្តថាន់ នៅរាជធានីភ្នំពេញ បានទៅដល់ទីដែលលោក បេន កំពុងរស់នៅជាមួយប្រពន្ធកូនផ្ទាល់ ព្រមទាំងនាំយកថវិកាចំនួន ៥០០ ដុល្លារជូនលោក ។ តាមរយៈការសាកសួងពីព្រះតេជគុណ ពន្លឺ ឱ្យដឹងថា បច្ចុប្បន្នជីវភាពរបស់លោកអាចរត់រួច ប៉ុន្តែក៏មិនជា ល្អប្រសើរប៉ុន្មានឡើយ គ្រាន់តែថាមានម្ហូបអាហារគ្រប់គ្រាន់ មិនខ្វះខាតអ្វីទេ ។ មិនតែប៉ុណ្ណោះ លោក បេន នៅមានទឹកចិត្តចែករំលែកដល់ប្រជាជនក្រីក្រតំបន់នោះទៀតផង ។ ជារៀងរាល់ថ្ងៃក្មេងៗមិនតិចជាង ១០ នាក់ នៅក្នុងភូមិតែងមកហូបបាយ ហូបទឹក នៅផ្ទះលោក ។
បើនិយាយពីកូនៗ របស់លោក បេន វិញ ព្រះតេជគុណពន្លឺ បានបន្តថា មិនបានចូលរៀននៅសាលាត្រឹមត្រូវនោះទេ ព្រោះនៅតំបន់ដាច់ស្រយាលខ្លាំង ពីទីប្រជុំជន ហើយកូនៗរបស់លោក គឺលោក បេន ដែលជាឪពុកជាអ្នកបង្រៀនផ្ទាល់ ពីចំណេះដឹងទូទៅ តាមរយៈសៀវភៅដែលលោកមាន ។
ជនជនអាមេរិករូបនេះ បាននាំគ្រួសារមករស់នៅក្នុងព្រៃនៅប្រទេសកម្ពុជា ព្រោះតែលោកឃើញភាព សឹករេចរឹលនៃព្រៃឈើកម្ពុជា ហើយលោកបានចាកចេញពីស្រុកកំណើតតាំងពី ១៩៩២ មកម្ល៉េះ ។ ទោះបច្ចុប្បន្នលោកអាចរស់នៅបាន មិនលំបាកខ្លាំង តែសង្ឃឹមថា សប្បុរសជន នៅតែបន្តជួយគាំទ្រ និង ឧបត្ថម្ភដល់លោកបន្តទៀតផង ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ