ចូលឆ្នាំថ្មីហើយ បើចង់មានអនាគតភ្លឺស្វាងនឹងគេ គួរគ្រវាត់រឿង ៥ យ៉ាងនេះចេញពីជីវិតឱ្យអស់
អនាគតពិតជាសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ហើយការចេះប្រើជីវិតខ្លួនឯង ជាមួយសកម្មភាពល្អៗ នឹងនាំឱ្យមានអនាគតល្អដូចគ្នា ។ ចូលដល់អាយុ ២០ ឆ្នាំ គឺជាពេលវេលាដែលអ្នកត្រូវប្រើពេលវេលាឱ្យមានតម្លៃបំផុត ព្រោះក្នុងវ័យនេះអ្នកមានថាមពលគ្រប់គ្រាន់ទាំងប្រាជ្ញាស្មារតី និង កម្លាំងកាយ ។ ទម្លាប់មួយចំនួនបើអ្នកយកវាដាក់ក្នុងជីវិត ក្នុងវ័យនេះ អាចនឹងធ្វើឱ្យអនាគតរបស់អ្នកគ្មានអ្វីទាល់តែសោះ ៖
១. ឈ្លក់វង្វេងជាមួយសម្ភារនិយមបង្អួតអ្នកដទៃ
ទោះបីជាលុយនោះបានមកដោយកម្លាំងខ្លួនឯង ឬ បានមកពីឪពុកម្ដាយ សូមកុំយកទៅចំណាយលើសម្ភារនិយមហួសហេតុ ។ ដ្បិតតែផ្ដល់ភាពឡូយឆាយ តែវាមិនសូវជាផ្ដល់គុណប្រយោជន៍អ្វីដល់ជីវិតលើសពីនេះឡើយ ។ មិនបាច់ទៅប្រណាំងប្រជែងជាមួយអ្នកណា ហើយក៏មិនចាំបាច់ចង់ដូចអ្នកណាដែរ ព្រោះស្ថានភាពជីវិតរស់នៅរបស់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ ។
២. មិនទាន់ចាប់ផ្ដើមគិតធ្វើអ្វីឱ្យមានប្រយោជន៍ដល់ខ្លួននៅឡើយ
ដល់វ័យនេះហើយ គួរចាប់ផ្ដើមធ្វើអ្វីដែលផ្ដល់ទុនទុកប្រើប្រាស់ទៅថ្ងៃអនាគត ។ វ័យនេះល្មមអាចកាត់បន្ថយការដើរលេង ចាយលុយឪពុកម្ដាយ ហើយក៏គួរមកងាករកអ្វីដែលផ្ដល់ប្រយោជន៍ទៅថ្ងៃមុខដល់ខ្លួនឯង ដូចជាការពង្រឹងភាសាអង់គ្លេស ឬ ភាសាដែលមានតម្រូវការ វិជ្ជាជីវៈ ឬ អាជីពផ្សេងៗ ។
៣. យកជីវិតក្មេងខ្ចីរបស់ខ្លួនឱ្យជួបតែរឿងឈឺចាប់ព្រោះស្នេហា
ស្នេហាគ្មានអ្នកណាអាចជៀសផុត តែយើងត្រូវចេះប្រើពេលវេលា ថាពេលណាគួរចាប់ផ្ដើម ។ ប្រើជីវិតទាំងក្មេងខ្ចីញាំញីជាមួយរឿងឈឺចាប់បែកបាក់ ឬ ឈ្លក់វង្វេងនឹងរឿងស្នេហា គឺប្រៀបដូចជាយកពេលវេលាល្អៗទៅបំផ្លាញចោលដូច្នោះដែរ ។ គួរចាប់ផ្ដើមមានស្នេហាពេលយើងរឹងមាំ ពេលយើងច្បាស់លាស់ ទើបជារឿងដ៏ប្រសើរ ។
៤. ទម្លាប់ប្រើពាក្យ «ចាំ» យកជាលេសជំនួសភាពខ្ជិលរបស់ខ្លួន
ភាពខ្ជិលនឹងនាំឱ្យយើងខាតបង់ពេលវេលា បាត់បង់ឱកាស ហើយនឹងនាំឱ្យអ្នកក្លាយជាមនុស្សដែលគ្មានអ្វីគ្រប់យ៉ាង ។ សូមកុំប្រើពាក្យ «ចាំ» ដូចជា ចាំថ្ងៃស្អែកចាំធ្វើ ចាំបន្តិចទៀតចាំធ្វើ ព្រោះដោយសារពាក្យនេះហើយ ទើបអ្នកដទៃគេដើរទៅមុនយើង ចំណែកខ្លួនយើងទម្រាំភ្ញាក់ខ្លួន គេដើរដល់ចំណុចជោគជ័យបាត់ទៅហើយ ។
៥. ការសេពគប់មនុស្សខុស
ហេតុអ្វីការសេពគប់មនុស្សមានឥទ្ធិពលដល់អនាគត ? វាមិនពិបាកឆ្លើយទេ ប្រសិនបើអ្នកសេពគប់អ្នកផឹកស៊ី នោះអ្នកដែលខលមករកអ្នកញឹកញាប់ប្រាកដជាអ្នកផឹក ។ ដូច្នេះអ្នកនឹងត្រូវចំណាយពេលជាមួយអ្នកផឹក ដោយគ្មានបានធ្វើអ្វីសោះ តែបើអ្នកសេពគប់ជាមួយអ្នកសិក្សា នោះអ្នកដែលខលទៅអ្នកប្រាកដជាអ្នកសិក្សា ដូចជាទៅអានសៀវភៅក្នុងបណ្ណាល័យ ស្រាវជ្រាវ ឬ ចូលរួមកម្មវិធីអប់រំល្អៗ ដែលផ្ដល់ជាទុនដ៏ប្រសើសម្រាប់ថ្ងៃក្រោយ ៕